គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ជ្រោយ​ចង្វារឆែក​ឆេរ​អាវុធ​ ឃាត់​ជន​សង្ស័យ​៣នាក់​ប្រើ​អាវុធ​ខុស​ច្បាប់

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​៣​នាក់​ជា​អ្នក​លក់​ទូរ​ស័ព្ទ​​​​​ និង​ជា​ជាង​ជួស​ជុលទូរ​ស័ព្ទ​ត្រូវ​កម្លាំង​គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២ វិច្ឆិកា ខណៈ​ពេល​ចុះ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះតាម​ដង​ផ្លូវ​ជាតិ​លេខ៦​ ភូមិ​ខ្ទរ​ សង្កាត់​ព្រែក​លៀប​​​​​​​​​​​​​​​​​​​​​​ ខណ្ឌ​ជ្រោយ​ចង្វារ​ ដោយដក​ហូត​បាន​កាំ​ភ្លើង​ខ្លី​ម៉ាក​រ៉ូឡូ គ្រាប់​៧​គ្រាប់​ រួម​ទាំង​ម៉ូតូ​គុប​៥០ ពណ៌​ខៀវ​ចាស់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១AM០៥៤៤។

​​​​​​​​​​​​​​​​​​​​​ប្រតិ​បត្តិ​ការ​នេះ​ដឹក​នាំ​ដោយ​លោក​ឡេង រ៉ា​វង្ស អភិ​បាល​រង​ខណ្ឌ​ជ្រោយ​ចង្វារ​។

ជន​សង្ស័យ​ត្រូវ​ឃាត់​ខ្លួន​ ១-ឈ្មោះ​សន វ៉ាន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នក​លក់​ទូរ​ស័ព្ទ​, ២-ឈ្មោះ​លន ភារៈ អាយុ​២០​ឆ្នាំ ជា​អ្នក​លក់​ទូរ​ស័ព្ទ​ដែរ និង៣-ឈ្មោះ​ថា សុខ​ឡេង អាយុ​២១​ឆ្នាំ ជា​ជាង​ជួស​ជុល​ទូរ​ស័ព្ទ​ អ្នក​ទាំង​៣​ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​។

​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​អាច​ជា​មុខ​សញ្ញា​ចេញ​ធ្វើ​សកម្ម​ភាព​ប្លន់​។ បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​៣នាក់​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​កាន់​ទី​បញ្ជា​ការ​ប៉េ​អឹម​រាជ​ធានី​ដើម្បី​ចាត់​ការ​តាម​ច្បាប់៕