Navas៖ ការផ្តួល PSG គឺជាជំហានទី១ឆ្ពោះទៅកាន់ការដណ្តើមពានសម្រាប់ Real

អ្នក​ចាំ​ទី Keylor Navas របស់ក្រុម Real Madrid ជឿ​ជាក់​ថា ការផ្តួល​ក្រុម Paris Saint-Germain នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ នឹង​ក្លាយ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅកាន់​ការ​លើកពាន Champions League សម្រាប់​ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប​១០​សម័យ​កាលមួយនេះ​។ Real Madrid អាច​នឹង​​ឈ្នះកៅ​អី​របស់​ពួក​គេក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ និង​បោះ​ជំហាន​ដ៏​ធំ​ឆ្ពោះ​ទៅកាន់​ការ​ឈរលេខ​១ក្នុង​ពូល ប្រសិន​បើ​ពួក​គេ​​​ធ្វើ​​ឲ្យ​ក្រុមម្ចាស់​ជើង​ឯក​​របស់​បារាំង​មួយ​នេះ​រង​បរា​ជ័យ​ជា​លើក​ទី​១​នៅ​រដូវកាល​នេះ​​នៅ​កីឡ​ដ្ឋាន Santiago Bernabeu​។

អ្នក​ចាំ​ទី​អន្តរ​ជាតិ​កូ​ស្តា​រីកា​រូបនេះ​បាន​ប្រាប់​គេហ​ទំ​ព័រ​របស់ Real Madrid ថា៖ «យើង​ទាំង​អស់​គ្នា​សុទ្ធ​សឹង​ចង់​ឈ្នះ​ពាន Champions League វា​ជា​គោល​បំណង​មួយ​ក្នុង​ចំណោម​គោល​បំណង​ជា​ច្រើន​របស់​យើង​»​។ Navas បាន​ប្រាប់​បន្ត​ថា៖ «យើង​នឹង​ព្យា​យាម​ត្រៀមលក្ខណៈ​ឲ្យ​បានល្អ​តាម​ដែល​អាច​សម្រាប់​រាល់​ការ​ប្រកួត​ទាំង​អស់​ដើម្បី​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ និង​ឈ្នះ​ពាន​នេះ ប៉ុន្តែ យើង​ត្រូវ​តែ​ឈាន​ម្តង​មួយ​ជំហាន​ម្ត​ង​មួយ​ជំ​ហាន ពីព្រោះ​យើង​នៅ​តែ​ត្រូវ​តែ​​​ឆ្លង​ឲ្យ​ផុត​​ការ​ប្រកួត​សំខាន់​ៗ​ជា​ច្រើន​ក្នុង​​វគ្គ​ចែក​ពូល និង​វគ្គ​​ចាញ់​ធ្លាក់​​។ យើង​​នឹង​ប្រឹង​ឲ្យអស់​ពីលទ្ធ​​ភាព​ដើម្បី​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ និង​ឈ្នះ​ពាននោះ​»​។
1
Navas បានក្លាយ​ជា​​កីឡាករ​ឆ្នើម​​ប្រចាំ​រដូវ​កាល​​របស់ Real មក​ទល់​ពេលនេះ តាម​រយៈ​ការ​ការ​ពារ​មិន​ឲ្យ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​​លើខ្លួន​សោះ​​ចំនួន​៩​លើក​ក្នុង​​ចំណោម​ការ​បង្ហាញ​ខ្លួន​១២​លើក​។ អតីត​អ្នក​ចាំ​ទី​របស់​ក្រុម Levante រូប​នេះ បាន​អវត្ត​មាន​ក្នុង​ពេល​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ ៣-១ លើក្រុម Las Palmas កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​សារ​តែ​​បញ្ហា​របួស​​សាច់​ដុំ​ដ៏​តូច​មួយ ប៉ុន្តែ ត្រូវ​បាន​រំពឹង​​ថា នឹង​ចូល​លេង​វិញ​ជាមួយនឹង​ប្រធានក្រុម Sergio Ramos ដើម្បី​ជួប PSG​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា Real Madrid នឹង​ត្រូវ​លេង​ដោយ​គ្មាន​កីឡាករ​​ឆ្នើម​ៗ​ជា​ច្រើន​ដូច​ជា Gareth Bale, James Rodriguez និង Karim Benzema​។ PSG ត្រូវ​បាន​​គេ​រិះ​គន់​ទៅ​លើ​ការ​បង្ហាញ​ពី​ទម្រង់​លេង​​​​មិន​ល្អ​របស់​ពួក​គេ​នៅពេល​ជួប​ជា​មួយ​នឹង Real Madrid ក្នុង​ពេល​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ០-០ នៅ​កីឡ​ដ្ឋាន Parc des Princes កាល​ពី​២​សប្តាហ៍​មុន​​។ ការ​ប្រកួត​នៅ​រាត្រីនេះ នឹង​ចាប់​ផ្តើម​នៅម៉ោង​២:៤៥​ទៀប​ភ្លឺ​៕