Mourinho ​ត្រូវ​ FA ​សម្រេច​ពិន័យ​មិន​ឲ្យ​ចូល​ទីលាន និង​​​​អស់​ប្រាក់​ទៀត

Mourinho ​ត្រូវ​ FA ​សម្រេច​ពិន័យ​មិន​ឲ្យ​ចូល​ទីលាន និង​​​​អស់​ប្រាក់​ទៀត

Jose Mourinho ​អ្នកចាត់ការ​ក្រុម​ Chelsea ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ FA ​​សម្រេច​ពិន័យ​មិន​ឲ្យ​ចូល​កាន់​ទីលាន​១​ប្រកួត​ និង​​ពិន័យ​ជា​ប្រាក់​៤​ម៉ឺន​ផោន (ជាង​៦​ម៉ឺន​ដុល្លារ)។

 

Mourinho ​ត្រូវ​ FA ​សម្រេច​ពិន័យ​មិន​ឲ្យ​ចូល​ទីលាន និង​​​​អស់​ប្រាក់​ទៀត

 

​ការ​ពិន័យ​ខាង​លើ​នេះ គឺ​បន្ទាប់​ពី​លោក​​​ Mourinho ​បាន​ប្រើ​ប្រាស់​ភាសា និង​បញ្ចេញ​ឥរិយាបថ ​មិន​សមរម្យ​ដាក់​មន្ត្រី​អាជ្ញា​កណ្ដាល កាល​តោ​ខៀវ ប្រកួត​ចាញ់​ West Ham ២-១ ​ថ្ងៃ​ទី​២៤ ខែ​តុលា។ បុរស​សញ្ជាតិ​ព័រទុយហ្គាល់​វ័យ​៥២​ឆ្នាំ ត្រូវ​បាន​អាជ្ញាកណ្ដាល បណ្ដេញ​ចេញ​​ពី​បន្ទាត់​ទី បន្ទាប់​ពី​ស្ដី​ឲ្យ​អាជ្ញាកណ្ដាល Jon Moss ​ដល់​ក្នុង​បន្ទប់ នៅ​ម៉ោង​សម្រាក​តង់​ទី​១។

 

ដូច្នេះ​អ្នកចាត់ការ​រហស្សនាម​ “Special One” ​នឹង​ត្រូវ​អវត្តមាន​ពី​ការ​ប្រកួត​ ដែល​ Chelsea នឹង​ប៉ះ​ Stoke City នៅ​ Britannia Stadium ​ប្រកួត​ Premier League បន្ទាប់។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ជំនួយ​ការ​ Mourinho លោក​ Silvino Louro ក៏​ FA ចោទ​ប្រកាន់​ថា ​បាន​ប្រើ​ប្រាស់​កាយ​វិការ​មិន​សមរម្យ​ដូច​គ្នា កាល​ប៉ះ​ West Ham ហើយ​សហព័ន្ធ​កំពុង​​ស៊ើប​អង្កេត​បន្ត​ទៀត។

 

នេះ​ជា​លើក​ទី​២​ហើយ សម្រាប់​អតីត​អ្នកចាត់ការ​ក្រុម Real Madrid នៅ​រដូវ​កាល​​នេះ ដែល​ត្រូវ​ FA ពិន័យ​ បន្ទាប់​ពី​លើក​មុន ត្រូវ​ពិន័យ​មិន​ឲ្យ​ចូល​ទី​លាន​១​ប្រកួត​ និង​ពិន័យ​ប្រាក់​អស់​៥​ម៉ឺន​ផោន​ដែរ រឿង​រិះ​គន់​អាជ្ញាកណ្ដាល កាល​ Chelsea ប្រកួត​ចាញ់​ Southampton ៣-១ ​ថ្ងៃ​ទី​៣ ខែ​តុលា៕

 

-ចុចអាន៖ Mourinho នៅ​មាន​២​ប្រកួត​ទៀត​ដើម្បី​សម្រេច​អនាគត​របស់​ខ្លួន​នៅ Chelsea

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc