​យកប្តី​ចាស់​ចេះ​ថ្នាក់ថ្នម​

Sanofi

គេ​ថា​និស្ស័យ​នៃ​សេចក្ដីស្នេហា និង គូគាប់​មេត្រី​ដែល​មនុស្ស​ម្នាក់ៗ​ជួបប្រទះ គឺជា​រឿង​ដែល​មិន​នឹកស្មាន​ដល់​នោះទេ អ្នកខ្លះ​មាន​រូបសម្បត្តិ​ស្អាត តែ​ភប់​ប្រទះ​នឹង​គូ​អនាគត​មាន​រូបរាង​មិនសូវ​ស្អាត​ទៅវិញ ។ រីឯ​អ្នក​ខ្លះទៀត​ស្ម័គ្រចិត្ត​ទទួលយក​មនុស្ស​ពិការ​មក​ធ្វើជា​គូគាប់​មេត្រី​ដោយ​ពេញចិត្ត​ឥតមាន​ការបង្ខិតបង្ខំ​អ្វី​នោះទេ ។ ដូច​អត្ថន័យ​បទ​ចម្រៀង​សម័យបុរាណ​មួយ​ឃ្លា​តែងតែបាន​លើកឡើងថា «​សូម្បីតែ​ស្រមោច​គង់តែ​មាន​គូ​រប​ស់វា​» ។

ចូលមក​ដល់​សម័យ​បច្ចុប្បន្ននេះ​សេចក្តីស្នេហា ឬ គូ​អនាគត​នោះគេ​មិនសូវ​គិត​រឿង​វ័យចាស់ ឬ ក្មេង​ប៉ុន្មាន​ឡើយ ។ អ្វីដែល​សំខាន់​នោះ​គឺ​ការរស់នៅ​ចេះ​យល់ចិត្ត​គ្នា ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក ទើប​ការ​រស់នៅក្នុង​គ្រួសារ​មាន​សុភមង្គល ។​ ដូចជា​គ្រួសារ​របស់​លោកតា ជា ធា នេះ ជាដើម បើទោះបីជា​គាត់​មាន​វ័យ ៧០ ឆ្នាំ​ហើយ​ក្តី តែ​គាត់​បាន​ប្រពន្ធ​វ័យក្មេង​អាយុ​ទើបតែ​ជាង ២០ ឆ្នាំ​ប៉ុណ្ណោះ ហើយ​ជីវិត​ប្តី​ប្រពន្ធ​របស់គាត់​ត្រូវបាន​អ្នក​ក្បែរ​ខាង​អះអាងថា​រស់នៅ​ជាមួយគ្នា​យ៉ាង​មាន​សេចក្តីសុខ និង សុភមង្គល ។

ប្រពន្ធ​របស់​បុរស​វ័យ​ចំណាស់​រូបនេះ​ក៏បាន​និយាយ​ដែរ​ថា ប្តី​របស់គាត់​ចេះ​ថ្នាក់ថ្នម​មិន​ឲ្យ​គាត់​ទាស់ចិត្ត​មិន​ថា​យប់ ឬ ថ្ងៃ​នោះទេ ។​ លោកតា ជា ធា ត្រូវបាន​អ្នកស្រុក​ភូមិ​នៅ​ទីនោះ​ចាត់ទុកថា​ជា​បុរស​មានសំណាង​ក្នុង​រឿង​ស្នេហា ព្រោះតែ​គាត់​មាន​ប្រពន្ធ​ក្មេងខ្ចី ហើយ​កំពុង​រស់នៅ​ជាមួយគ្នា​យ៉ាង​មាន​សុភមង្គល ។ បច្ចុប្បន្ន​គាត់​រស់នៅ​ក្នុងភូមិ​ភ្នំ​បុរី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី​ខេត្តតាកែវ ។ លោកតា​បាន​រៀបរាប់​ប្រាប់​អ្នកយកព័ត៌មាន​របស់​យើង​ឲ្យ​ដឹងថា គាត់​មាន​បងប្អូន​ចំនួន ៣ នាក់ ក្នុងនោះ​ប្រុស ២ នាក់ ស្រី​ម្នាក់ គាត់​ជា​កូន​ទី ៣ ក្នុង​គ្រួសារ ។

កាលពី​នៅ​វ័យ​កុមារភាព​លោកតា​មិនបាន​សិក្សា​រៀនសូត្រ​បាន​ជ្រៅជ្រះ​នោះទេ គឺ​រៀន​បាន​ត្រឹម​ថ្នាក់​ទី ៣ ព្រោះតែ​ជីវភាព​ក្នុង​ក្រុម គ្រួសារ​ក្រីក្រ ។ បន្ទាប់ពី​ឈប់រៀន​គាត់​ក៏មាន​និស្ស័យ​នឹង​ព្រះពុទ្ធសាសនា​ក៏បាន​ចូល​បួស​បាន ៣ ព្រះវស្សា ។ បន្ទាប់មក​ក៏​លាចាក​សិក្ខាបទ​មកជា​គ្រហស្ថ​វិញ ហើយ​ពេលនោះ​ក៏បាន​ធ្វើ​ចំណាកស្រុក​ទៅធ្វើជា​កម្មករ​ចៀរ​ជ័រកៅស៊ូ​នៅឯ​ខាង​ជប់ មេមត់ អស់​រយៈពេល ៣ ឆ្នាំ ។ បន្ទាប់មក​គាត់​ក៏បាន​វិល​ត្រឡប់មក​ស្រុក កំណើត​វិញ ដោយ​ប្រកប​កិច្ចការងារ​ជា​កសិករ​ធ្វើស្រែ​ចម្ការ​ជាមួយ​បងប្អូន ដោយ​មិនមាន​ការធ្វើ​ចំណាកស្រុក​ទៅណា​ទៀត​នោះទេ ។​

ចំពោះ​ជីវិត​ក្រុមគ្រួសារ​វិញ​លោកតា ជា ធា ក៏បាន​បង្ហើប​ឲ្យ​ដឹង​បន្ថែមថា ក្នុង​មួយ​ឆាកជីវិត​នេះ​គាត់​បាន​រៀបការ​ចំនួន​ពីរលើក​រួចមកហើយ ដោយ​លើកទីមួយ​នៅ​អាយុ ១៩ ឆ្នាំ គាត់​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នារី​ម្នាក់​ឈ្មោះ​ពៅ ស៊ឹម ដែលមាន​ស្រុកកំណើត​នៅក្នុង​ភូមិ​សូរ​ចាន់ ឃុំ​រកា​ក្រៅ ខេត្តតាកែវ ហើយ​បាន​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដោយបាន​កូនប្រុស​ស្រី​ចំនួន ៧ នាក់ ក្នុងនោះ​ប្រុស ៣ នាក់ និង ស្រី ៤ នាក់ ដោយ​ប្រកបមុខរបរ​ជា​កសិក​រ​ធ្វើស្រែ​ចម្ការ​នា​រដូវប្រាំង និង ប្រកបមុខរបរ​នេសាទ​នា​រដូវវស្សា​ពេល​ទឹក​ឡើង ព្រោះថា​នៅក្នុង​តំបន់​របស់គាត់​ជា​តំបន់​ដែល​សមប្រកប​ចំពោះ​ការ នេសាទ​ត្រី​នា​រដូវ​ទឹក​ឡើង ដែលមាន​ពពួក​ត្រី​គ្រប់​ប្រភេទ ។

ជា​អកុសល​ភរិយា​ជាទី​ស្រឡាញ់ និង ធ្លាប់តែ​ឱប​ជាប់​នឹង​ដើមទ្រូង​ក៏បាន​លាចាក​លោក​នេះ​ទៅ ដោយ​បន្សល់ទុក​ឲ្យ​គាត់​រស់នៅ​ជា​បុរស​ពោះម៉ាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ និង ទទួលបន្ទុក​ក្នុងការ​ចិញ្ចឹម​កូន​ទាំង ៧ នាក់ ។​ ​មិនយូរប៉ុន្មាន​ទេវតា​ក៏បាន​ប្រទាន​នូវ​គូគាប់​សម្រាប់​កំដរ​ជីវិត​បន្ត​ជា​ស្រី​ក្រមុំ​វ័យក្មេង​មក​ឲ្យ​បុរស​ពោះម៉ាយ​ម្នាក់នេះ​ឲ្យ​មានជីវិត​ស្នេហា​ស្រស់បំព្រង​ជាថ្មី​ម្ដងទៀត ។ ទាក់ទង​ទៅនឹង​ប្រវត្តិ​នៃ​សេចក្ដីស្នេហា​ជាមួយ​ភរិយា​វ័យក្មេង​នេះ លោកតា ជា ធា ក៏បាន​បង្ហើប​ឲ្យ​ដឹង​ពី​ប្រវត្តិ​ខ្លះៗ​ថា ក្រោយពី​ភរិយា​ទីមួយ​បាន​លាចាក​លោក​នេះ​ទៅ គាត់​ក៏បាន​ប្រកបមុខរបរ​ចិញ្ចឹមសត្វ​ទា ទាំង​ការចិញ្ចឹម​យកសា​ច់លក់ និង ចិញ្ចឹម​យក​ស៊ុត ។

ចំពោះ​ការចិញ្ចឹម​វិញ​គឺ​លោក​តែងតែ​ផ្លាស់ប្ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ទីជិត និង ទី​ឆ្ងាយ ព្រោះថា​ត្រូវ​ស្វែងរក​កន្លែង​ណា​ដែល​សមប្រកប​ទៅនឹង​ការចិញ្ចឹម​សត្វ​ទា​នេះ ។ មាន​ពេល​មួយ​គាត់​ក៏បាន​ប្ដូរ​ទីតាំង​ក្នុងការ​ចិញ្ចឹម​ទៅក្នុង​ភូមិ​មួយ ដែល​នៅ​ជិត​ភូមិកំណើត​របស់គាត់​គឺ​ភូមិ​ទួល​សំរោង ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ខេត្តតាកែវ ។ ទីនោះ​ហើយ​ជាទី​កន្លែង​ដែល​ចាប់ផ្ដើម​ស្គាល់គ្នា និង ទំនាក់ទំនង​ស្នេហា​គ្នា​រយៈពេល​បី​ឆ្នាំ​រវាង​គាត់ និង ភរិយា​បច្ចុប្បន្ននេះ តែ​ពួកគាត់​មិនបាន​រួមរស់​ជាមួយគ្នា​ឲ្យ​ខុស​ប្រពៃណី​ទំនៀមទម្លាប់​អ្វី​នោះទេ ។

ក្រោយមក​គាត់​ក៏បាន​សាកសួរ និង សែនព្រេន​ឲ្យ​ចាស់ទុំ​ទទួលស្គាល់​ដឹង​ឮថា​ជា​ប្ដី​ប្រពន្ធ និង បានរួម​រស់នៅ​ជាមួយគ្នា​រហូតមកដល់​សព្វថ្ងៃនេះ​បានកូន​ស្រី​ពីរ​នាក់ ។​ ​ទាក់ទង​ទៅនឹង​ករណីនេះ អ្នកស្រី សួន សុខុម អាយុ ២៦ ឆ្នាំ ដែលជា​ភរិយា​វ័យក្មេង​របស់​លោកតា ជា ធា ក៏បាន​ឲ្យ​ដឹង​បន្ថែម​ដែរ​ថា បើទោះជា​ស្វាមី​របស់គាត់​មាន​វ័យ​ចំណាស់​ជាង​គាត់​ក៏ពិតមែន តែ​ស្វាមី​របស់គាត់​ចេះ​ថ្នាក់ថ្នម​គ្រប់បែបយ៉ាង​មិន​ឲ្យ​ទាស់ចិត្ត​ឡើយ ។ បើ​យកប្តី​ចាស់​មិនចេះ​ថ្នាក់ថ្នម មិនដឹង​ជាយ​កមក​ធ្វើ​អ្វី​នោះទេ ។

​ចំពោះ​លោកស្រី ទួត ប៉ោក អាយុ ៥០ ឆ្នាំ ដែលជា​អ្នកជិតខាង​របស់លោក​តា ជា ធា និង អ្នកស្រី សួន សុខុម បាន​ឲ្យ​ដឹង​ទាក់ទង​ទៅនឹង​គូ​ស្វាមី​ខុស​វ័យ​គ្នា​មួយគូ​នេះ​ថា បើទោះបីជា​ប្រពន្ធ​មាន​វ័យក្មេង​ជាង​លោកតា ជា ធា ក៏ពិតមែន ប៉ុន្តែ​អ្នក​ទាំងពីរ​រស់នៅ​ជាមួយគ្នា​យូរ​ទៅ​មាន​រូបរាង​សឹងតែ​ប្រហាក់ប្រហែលគ្នា ហើយ​ម្យ៉ាងវិញទៀត​ចាប់តាំងពី​ពួកគាត់​រួម​រស់នៅ​ជាមួយគ្នា​មក​មិនសូវ​ឃើញ​មានទំនាស់​ពាក្យសម្តី​គ្នា​នោះទេ ទាំងនេះ​ប្រហែលជា​មកពី​ស្វាមី​ចំណាស់​ពូកែ​ថ្នាក់ថ្នម​ហើយ​មើល៍ទៅ ដូចជា​ពាក្យ​គេ​ច្រើនតែ​និយាយ​លេង​ថា បើ​ស្វាមី​វ័យក្មេង​មធ្យម​នោះទេ តែបើ​មាន​ស្វាមី​ចំណាស់​រឹងរឹតតែ​ងំ​ខ្លាំង​រឿង​ថ្នាក់ថ្នម​ក្នុងពេល​រាត្រី​ថែមទៀត ៕​សុធន​



Related