​ពេល​ឈឺសន្លាក់​គួរតែ​ឱ្យ​គ្រូពេទ្យ​ចាក់​ថ្នាំ​តែម្តង ឬ​យ៉ាងណា​?

​ពេល​ឈឺសន្លាក់​គួរតែ​ឱ្យ​គ្រូពេទ្យ​ចាក់​ថ្នាំ​តែម្តង ឬ​យ៉ាងណា​?

​វា​បាន​ក្លាយទៅជា​រឿង​មួយ​ដែល​ធ្លាប់​ទៅហើយ ឱ្យតែ​នរណា​ម្នាក់​មាន​ការឈឺចាប់​ខ្លាំង ជាពិសេស​នៅ​សន្លាក់​នោះ ពួកគេ​តែងតែ​ឱ្យ​ពេទ្យ​ចាក់​ថ្នាំ​។ ដោយឡែក​ថ្នាំ​ដែល​គ្រូពេទ្យ​មួយចំនួនធំ​ស្ទើរតែ​៩៧​ភាគរយ​ប្រើប្រាស់​នោះ​គឺជា​ប្រភេទ​ថ្នាំ Cortisone ឬ Steroid ឬ​ខ្មែរ​យើង​ហៅ​ថា​ថ្នាំ​សរសៃ​នោះ​។ ការប្រើ​និន្នាការ​ចាក់​ថ្នាំ​បែបនេះ ភាគច្រើន​គឺ​គ្រូពេទ្យ​ទាំងអស់​មិន​បាន​ស្វែង​យល់​ច្បាស់​អំពី​មូលហេតុ​នៃ​ការឈឺចាប់ ឬ​ជំងឺ​នោះ​នៅឡើយ​ទេ សំខាន់​គឺ​ឱ្យ​អ្នកជំងឺ​ធូរស្រាល​សិន​។ ក្រោយពី​ចាក់​ថ្នាំ​រួច អ្នកខ្លះ​ក៏​ស្រួលបួល​ឡើងវិញ ហើយ​ខ្លះ​ទៀត​បែរ​ជា​ស្រួល​តែ​មួយ​ភ្លែត ហើយ​ក៏​ឈឺ​វិញ​ដដែល ហើយ​ក៏​បន្ទោស​ថា ពេទ្យ​មួយ​នោះ​មើលជំងឺ​មិនកើត​។

​ប៉ុន្តែ​អ្វី​ដែល​ជា​សំណួរ​នោះ​គឺថា “​តើ​ខ្ញុំ​គួរតែ​ចាក់​ថ្នាំ​សរសៃ​ហ្នឹង​ដែរ​ឬ​អត់​?” តាមពិត ការចាក់​ថ្នាំ​សរសៃ ឬ​Cortisone អាច​ជួយសង្គ្រោះ​ជីវិត​មនុស្ស​បាន និង​អាច​ឱ្យ​ពួកគេ​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​បាន​ដោយ​មិន​មាន​ការឈឺចាប់​ឡើយ​។ ប៉ុន្តែ​ការព្យាបាល​បែប​នេះ​ក៏​មាន​ចំណុចខ្សោយ​របស់​វា​ច្រើន​ដែរ​។

​អ្វី​ដែល​ជា​ឧបសគ្គ​ធំ​បំផុត​ក្នុងការ​ចាក់​ថ្នាំ Cortisone ជាពិសេស​ការចាក់​ច្រើនដង​នៅ​កន្លែង​ដដែលៗ វា​អាច​នឹង​ធ្វើឱ្យ​ខូចខាត​ដល់​ជាលិកា​ទន់​នៅ​ទីនោះ និង​នាំឱ្យ​ការខូចខាត​ក្នុង​សន្លាក់​កាន់តែ​ធ្ងន់​ទៅៗ​រយៈពេល​យូរ​ថែម​ទៀត​។

​ការចាក់​ថ្នាំ Cortisone អាច​ធ្វើទៅបាន​ទៅលើ​សន្លាក់​ទាំងឡាយណា​ដែល​មាន​ការ​រលាក និង​ឈឺចាប់​។ សន្លាក់​ដែល​រង​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​គឺ​បាត់បង់​ឆ្អឹង​ខ្ចី ដែល​ជា​ហេតុនាំឱ្យ​សន្លាក់​កកិត​លើ​គ្នា និង​កើត​ជា​រលាក​។ ពេលខ្លះ ការ​រលាក​សន្លាក់​បែប​នេះ​នាំ​ឱ្យ​ឈឺចាប់​ដោយ​គ្មាន​ការឡើង​ហើម ឬ​ក្រហម​នៅ​ស្បែក​ឡើយ​។

​ស្ថិត​ក្នុង​ករណី​បែប​នេះ ការចាក់​ថ្នាំ Cortisone ច្រើនតែ​ជា​ជម្រើស​ព្យាបាល​ដំបូង​គេ​ដែល​គ្រូពេទ្យ​តែង ផ្តល់​ឱ្យ​ក្រោយពី​ព្យាបាល​បែប​សម្រាក និង​ការប្រើ​ថ្នាំលេប​មិន​មាន​ប្រសិទ្ធភាព​។ ការចាក់​ថ្នាំ​នេះដែរ ជាធម្មតា​គឺ​ធ្វើឡើង​ដោយ​មាន​ការគ្រោងទុក ពី​ការសម្រេចចិត្ត​របស់​អ្នកជំងឺ​តែម្តង​។

​បើសិន​ជា​ការឈឺចាប់​មិន​អាច​ឱ្យ​អ្នក​ធ្វើ​ការងារ​ប្រចាំថ្ងៃ​បាន ទៅ​បំពេញ​ការងារ ហាត់ប្រាណ ឬ​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​នោះ ការចាក់​ថ្នាំ Cortisone អាច​នឹង​មាន​ប្រយោជន៍​ច្រើន​។ ថ្នាំ​នេះ​មាន​ប្រយោជន៍​ជាពិសេស​បើសិនជា​ការបំបាត់​ឈឺចាប់​នោះ​អាច​ផ្តល់ឱ្យ​ដើម្បី​ទទួល​បាន​ការ​ហាត់ប្រាណ​ទៀងទាត់​។​
​ការបំបាត់​ការឈឺចាប់ និង​រលាក​របស់​ការ​ចាក់​ថ្នាំ Cortisone អាច​មាន​ប្រសិទ្ធភាព​យូរ​ចាប់ពី ៦​សប្តាហ៍​ដល់ ៦​ខែ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ដោយសារ​តែ​ឥទ្ធិពល​ខូចខាត​ដែល​អាច​កើត​មាន​របស់​វា ការចាក់​ថ្នាំ​បែប​នេះ​ត្រូវតែ​មាន​គម្លាត​ពី​គ្នា​ពី​៤ ទៅ​៦​សប្តាហ៍​ម្តង ហើយ​អ្នក​ក៏​មិនគួរណា​ចាក់​ថ្នាំ​នេះ​ច្រើន​ជាង​៤​ដង​ក្នុង​មួយឆ្នាំ នៅ​កន្លែង​ដដែលៗ​ឡើយ​។

​ស្ថិត​ក្នុង​ករណី​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​គឺ​ទាមទារ​ឱ្យ​មាន​ការគ្រប់គ្រង​ការឈឺចាប់ ដែល​រួម​បញ្ជូល​ទាំងអស់​តាំង​ពី​ការចា​ក់​ថ្នាំ រហូតដល់​ការផ្លាស់ប្តូរ​សកម្មភាព​ផ្សេងៗ ហាត់ប្រាណ ការពត់ពែន​ខ្លួន និង​របប​អាហារ​ជាដើម​។ ការចាក់​ថ្នាំ Cortisone គួរតែ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ព្យាបាល​ដ៏​ធំ​។ បើសិន​ជា​អ្នកសម្រេចចិត្ត​ចង់​ចាក់​ថ្នាំ Cortisone ចូរ​និយាយ​ជាមួយ​គ្រូពេទ្យ​ផង​ថា​តើ​អ្នក​ស័ក្កិសម​នឹង​ទទួលបាន​ការព្យាបា​ល​បែបនេះ​ឬ​អត់​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។