អាហារ​ដែល​អ្នកមាន​ជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវ​ចៀសវាង​

អាហារ​ដែល​អ្នកមាន​ជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវ​ចៀសវាង​

​នៅពេល​យើង​និយាយ​អំពី​ជំងឺ​បេះដូង មធ្យោបាយ​ដើម្បី​អាច​ការពារ​សុខភាព​បេះ​ដូង​បាន​នោះ​គឺ​ទាល់តែ​មាន​អ្វី​ចូល​ក្នុង​ពោះ​ដែរ​។ អាហារ​ដែល​អ្នក​ញ៉ាំ និង​ញ៉ាំ​រាល់​ថ្ងៃ​អាច​ជួយ ឬ​ពន្យារពេល​ការ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​បាន ព្រោះថា ការកើនឡើង​ឬ​ចាល់​ជាតិ​សូ​ដ្យូ​ម​ក្នុង​ឈាម​គឺ​ជា​កត្តា​ដ៏​សំខាន់​មួយ​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម ជា​ពិសេស​ពេល​មនុស្ស​យើង​អាយុ​កាន់តែ​ច្រើន​តែ​ម្តង​។ បើសិន​ជា​អ្នក​មាន ឬ​កំពុង​តែ​ស្ថិត​ក្នុង​លក្ខណៈ​ប្រឈម​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ​នោះ ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​អ្នក​ត្រូវតែ​លុបបំបាត់ចោល​តែម្តង​។

គ្រឿង​ប្រៃ​នៅ​លើ​តុ​អាហារ​
ការ​ដែល​ញ៉ាំ​ជាតិ​សូ​ដ្យូ​ម​ច្រើនពេក​អាច​បំផ្លាញ​បេះដូង និង​សរសៃឈាម​បាន​ដោយ​ផ្ទាល់​តែម្តង ហើយ​ក៏​ធ្វើឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែរ​។ ជាតិ​ប្រៃ​នឹង​ធ្វើឱ្យ​តម្រងនោម​បញ្ជា​រាងកាយ​បង្កើន​ជាតិ​ទឹក​ក្នុង​ខ្លួន​កាន់តែ​ច្រើន ហើយ​ការ​កើន​ច្រើន​បែប​នេះ​នាំ​ឱ្យ​ឡើង​សម្ពាធ​ឈាម និង​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​លើ​តម្រង​នោម សរសៃឈាម​អាក់ទែ បេះដូង និង​ខួរក្បាល​។
 

​អាហារ​ចៀន​បែប​បារាំង​
ខណៈពេល​ដែល​មាន​អាហារ​លឿន​ជាច្រើន​កំពុង​តែ​ប្រើប្រាស់​ប្រេង​ដែល​គ្មាន Trans Fat ដើម្បី​ចៀន​នោះ វា​ក៏​មិនមែន​សុទ្ធតែ​អាហារ​ទាំងនេះ​ធ្វើ​ឡើង​ដោយ​ប្រេង​ដែល​គ្មាន Trans Fat ទាំងអស់​ដែរ​។ អាហារ​ចៀន​បែប​បារាំង​នៅតែ​ផ្តល់​ជា​ចំនួន​ជាតិ​ខ្លាញ់ និង​សូ​ដ្យូ​ម​ខ្ពស់​ដដែល​។ ការ​ញ៉ាំ​អាហារ​ចៀន​ក្នុង​កម្រិត​មធ្យម​គឺ​មាន​ជាតិ​ខ្លាញ់​១៩​ក្រាម និង​សូ​ដ្យូ​ម ២៧០​មី​លី​ក្រាម​។

ភេសជ្ជៈ​មាន​ជាតិ​ឧស្ម័ន​
យោង​ទៅ​តាម​ការសិក្សា​ថ្មី​មួយ​ក្នុង​សមាគមន៍​ជំងឺ​បេះដូង​អាមេរិក ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Circulation បានឱ្យដឹងថា ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ដូចជា ភេសជ្ជៈ​មាន​ជាតិ​ឧស្ម័ន ទឹក​ផ្លែឈើ​កំប៉ុង​មាន​ទំនាក់ទំនង​ធ្វើឱ្យ​កើន​អត្រា​ជំងឺ​លើស​សម្ពាធ​ឈាម​។ ដូច្នេះ​បើ​សិន​ជា​អ្នក​ពិត​ជា​ចង់​ញ៉ាំ​ភេសជ្ជៈ​បែប​នេះ​មែន​នោះ អ្នក​គួរតែ​ផ្លាស់ប្តូរ​មក​ទទួល​ទាន​ទឹក​ក្រូចឆ្មារ​ច្របាច់​ខ្លួនឯង ឬ​ញ៉ាំ​ទឹក​ផ្លែឈើ​ដែល​ធ្វើ​ដោយ​ខ្លួនឯង​វិញ​ទៅ​។
អាហារ​ដែល​អ្នកមាន​ជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវ​ចៀសវាង​

គ្រឿង​ស្រវឹង​
ខណៈពេល​ដែល​ការសិក្សា​មួយ​ចំនួន​រកឃើញថា ការ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​ប្រហែល​ជា​បន្ថយ​សម្ពាធ​ឈាម​បាន​នោះ តែ​ការសិក្សា​ផ្សេង​ទៀត​បង្ហាញថា ទោះបីជា​ញ៉ាំ​តិច​ក៏​អាច​ប្រឈម​មុខ​បានដែរ​។ ការសិក្សា​ថ្មី​មួយ​ពី​កូរ៉េខាងត្បូង​បាន​ឱ្យដឹងថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​បែរជា​ជាប់​ទាក់ទង​នឹង​ការប្រឈមមុខ​ទ្វេដង​ទៅ​វិញ​ចំពោះ​មនុស្ស​ធំ​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ​។ បើសិន​ជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​មែន​នោះ ចូរ​ធ្វើយ៉ាងណា​ញ៉ាំ​ក្នុង​ចំនួន​មួយ​តិចតួច​បំផុត​តាម​តែ​អាចធ្វើ​បាន ឬ​កុំ​ឱ្យ​ច្រើន​ជាង​មួយ​ដង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ស្ត្រី ហើយ​បុរស​វិញ​គឺ​មួយ​ទៅ​ពី​ដង​ក្នុង​មួយ​ថ្ងៃ​។
អាហារ​ដែល​អ្នកមាន​ជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវ​ចៀសវាង​

សាច់​ក្រហម​
ការ​មាន​គម្រោង​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​គួរតែ​ញ៉ាំ​ប្រភេទ​ខ្លាញ់​បែប Saturated ឬ Trans Fat ចំនួន​តិចតួច​បាន​ហើយ​។ អាហារ​សម្បូរ​ខ្លាញ់​ពិតជា​មិនល្អ​សោះ​ចំពោះ​បេះដូង និង​សរសៃឈាម​។ ចូរ​ចៀសវាង​សាច់​ក្រហម និង​អាហារ​លឿន​ដែល​មាន​ខ្លាញ់​ច្រើន​៕

អាហារ​ដែល​អ្នកមាន​ជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវ​ចៀសវាង​

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។