លោក សម រ​ង្ស៊ី វិល​ចូល​កម្ពុជា​វិញ​ថ្ងៃ​3 វិច្ឆិកា នយោបាយ​ឡើងក​ម្តៅ តែ​ប្រកាស​បន្ត​វប្បធម៌​សន្ទនា

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លោក កឹ​ម សុខា ត្រូវ​បាន​ដក​ចេញពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​រូប ធ្វើ​ស្ថានភាព​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​ឡើងក​ម្តៅ ។

ទោះជា​យ៉ាងណា​ក្តី សម្រាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគតិច​ក្នុង​សភា លោក សម រ​ង្ស៊ី លើក​ឡើង​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​លោក​ថា លោក​នឹង​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់ ។ ជាមួយ​គ្នា​នេះ លោក​អះអាង​ថា លោក​នៅ​តែ​រក្សា​វប្បធម៌​សន្ទនា ដែល​ការ​សំខាន់​សម្រាប់​ដោះស្រាយ​បញ្ហា​របស់​ជាតិ​រួម​គ្នា ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប លោក សម រ​ង្ស៊ី បញ្ជាក់​ថា «​អ្វី​ដែល​សំខាន់​នោះ​គឺ​ទឹកចិត្ត ទឹកចិត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​រក្សា​ជំហរ​ដដែល ទោះបីជា​មាន​ភ្លៀង ខ្យល់ ផ្គរ ក្តៅ ត្រជាក់​ក្តី ក៏​នៅ​តែ​រក្សា​វប្បធម៌​សន្ទនា​ដដែល ព្រោះ​វប្បធម៌​សន្ទនា​មិនមែន​ធ្វើ​ឡើង​សម្រាប់ គណបក្ស​នយោបាយ​តែ​ពីរ បុគ្គល​តែ​ពីរ​នោះ​ទេ ។ វប្បធម៌​សន្ទនា ធ្វើ​ឡើង​ដើម្បី​កម្ចាត់​វប្បធម៌​ហិង្សា​» ។

លោក សម រ​ង្ស៊ី គូសបញ្ជាក់​ថា ចាំបាច់​ត្រូវ​មាន​វប្បធម៌​សន្ទនា មិន​ត្រូវការ​វប្បធម៌​ហិង្សា​ដាក់​គ្នា​នោះ​ទេ យើង​ត្រូវការ​ប្រើ​វប្បធម៌​សន្ទនា​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ ។ យើង​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ឡើយ ព្រោះថា​វប្បធម៌​សន្ទនា​អាច​ដោះស្រាយ​បញ្ហា​របស់​ជាតិ​បាន ។ វប្បធម៌​សន្ទនា យក​មក​ជំនួស​វប្បធម៌​ហិង្សា ឬ​ប៉ុនប៉ង​កម្ចាត់​គ្នា​ទៅ​វិញ​ទៅ​មក ។ ដូច្នេះ ការ​ខិតខំ​ប្រឹងប្រែង​តាម​រយៈ​វប្បធម៌​សន្ទនា ក៏​ដូច​ជា​ការ​ខិតខំ​ប្រឹងប្រែង​បាន​ធ្វើ​ឲ្យ​វប្បធម៌​សន្ទនា​ចាក់​ឫសគល់ មិន​ថា​គណបក្ស​តែ​ពីរ​នោះ​ទេ គឺ​សម្រាប់​គណបក្ស​ច្រើន​តទៅ​មុខ​ទៀត ។ លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា តាម​រយៈ​វប្បធម៌​សន្ទនា នឹង​ធ្វើ​ឲ្យ​ស្ថានភាព​ដែល​តានតឹង​មាន​សភាព​ធូរស្រាល​ឡើង​វិញ ។

ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី ហាក់ដូចជា​ពឹងផ្អែក​លើ​វប្បធម៌​សន្ទនា បន្ទាប់ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជា​ច្រើន​លើក​ច្រើន​សា​សម្រាប់​ដោះស្រាយ​បញ្ហា​ធំ​ៗ​មួយ​ចំនួន ដូច​ជា​ធ្វើ​កំណែទម្រង់​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​បញ្ហា​មួយ​ចំនួន​ទៀត ។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​សមាជិក​សភា​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះ​ឆ្នោត​ទម្លាក់​លោក កឹ​ម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា លោក សម រ​ង្ស៊ី ក៏​បាន​ស្នើ​ឲ្យ​សម​ភាគី​របស់​លោក​ពង្រឹង​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ជាតិ​រួម​គ្នា​បន្ត​ទៀត​។ ទន្ទឹម​នឹង​នេះ លោក សម រ​ង្ស៊ី ក៏​បាន​ស្នើ​ឲ្យ​សម្តេច​ក្រឡាហោម ស ខេ​ង ជួយ​ចាត់វិធានការ​ធានា​ដល់​សន្តិសុខ និង​សុវត្ថិភាព តំណាងរាស្ត្រ​ទាំងអស់ ពិសេស​នោះ​ស្វែងរកជន​ដៃដល់​ដែល​វាយ​អ្នកតំណាង​រាស្ត្រ​ពីរ​រូប​ឲ្យ​មាន​របួសធ្ងន់ ។

ចំណែក​សម្តេច​ក្រឡាហោម ស ខេ​ង បាន​ឆ្លើយ​តប​ថា រូប​សម្តេច​ផ្ទាល់​ក៏​ដូច​ជា​រាជរដ្ឋាភិបាល សម្តែង​ការ​សោកស្តាយ​ចំពោះ​ហេតុការណ៍​ហិង្សា​លើ​តំណាងរាស្ត្រ និង​ថ្កោលទោស​ចំពោះ​អ្នក​ប្រព្រឹត្ត ។ ជាមួយ​គ្នា​នេះ សម្តេច ស ខេ​ង ក៏​បាន​ប្តេជ្ញា​ថា នឹង​ស៊ើបអង្កេត​ស្វែងរក​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​ឲ្យ​បាន ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​បញ្ជាក់​ជំហរ​ថា សម្តេច​ក៏​ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​គាំទ្រ​បន្ត​វប្បធម៌​សន្ទនា​ជាមួយ​គណបក្សប្រឆាំង ។ វប្បធម៌​សន្ទនា​កន្លង​មក​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ដូច​ជា ធ្វើ​កំណែទម្រង់ គ​.​ជ​.​ប ការ​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង ការ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​សភា​ជាដើម ។

សម្រាប់​ការ​វិល​ត្រឡប់​របស់​លោក សម រ​ង្ស៊ី មក​កម្ពុជា​វិញ ត្រូវ​បាន​លោក យ៉ែ​ម បុញ្ញឫទ្ធិ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​ដឹង​ថា លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាក​ចេញពី​ទី​ក្រុងប៉ារីស ទៅ​កាន់​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ចូល​សួរសុខទុក្ខ​តំណាងរាស្ត្រ លោក ញ៉​យ ចំរើន និង​លោក គង់ សភា នៅ​ទីនោះ មុន​ពេល​លោក​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។

នៅ​ថ្ងៃ​ចន្ទ ទី​២ វិច្ឆិកា លោក កឹ​ម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា លោក​បាន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សួរសុខទុក្ខ​ជា​ថ្មី​ម្ដងទៀត អ្នកតំណាង​រាស្ដ្រ​ទាំង​ពីរ​រូប​ដែល​កំពុង​ទទួលការ​ព្យាបាល​នៅ​ថៃ ។

គួរ​បញ្ជាក់​ថា លោក សម រ​ង្ស៊ី បាន​ចាក​ចេញពី​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៥ ឆ្ពោះទៅ​កាន់​ប្រទេស​បារាំង ដើម្បី​បំពេញបេសកកម្ម និង​ជួប​សកម្មជន​នៅ​ទីនោះ​។ ការ​ចាកចេញ​ដោយ​ស្ងាត់ស្ងៀម​របស់​លោក សម រ​ង្ស៊ី ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​កម្ពុជា​រួចរាល់ ។ ការ​វិល​មក​កម្ពុជា​របស់​លោក សម រ​ង្ស៊ី នេះ គឺ​បន្ទាប់​ពី​លោក កឹ​ម សុខា ត្រូវ​បាន​ទម្លាក់​ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ដែល​ការ​ឡើង​តំណែង​នោះ មាន​កូតា​តាម​រយៈ​កិច្ចព្រមព្រៀង​នយោបាយ ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ ៕