រថយន្ត​ដឹក​ឧបករណ៍​ភ្លេងសម័យ​បុក​រនាំង​ដែក​ក្រឡាប់​រង​របួស​ម្នាក់

រាជ​ធានីភ្នំពេញ ៖ ​រថយន្ត​ដឹក​ឧបករណ៍​ភ្លេងសម័យ​អ្នក​បើក​បរ​ស្រវឹង​ស្រា​បើក​គេច​ម៉ូតូ​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​រនាំង​ដែក​ពុះ​ចែកផ្លូវ​បាក់​៦​ផ្ទាំង​ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​កៀប​ជើង​តន្ត្រីករ​ម្នាក់​ជាប់​ក្នុង​កាប៊ីនរថយន្ត​​។​​​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១១​ និង​៥០​នាទី​យប់ ​ថ្ងៃ​ទី​២ ​វិច្ឆិកា នៅ​ខាងកើត​ព្រ​លាន​យន្តហោះ​ពោធិ៍​ចិន​តុង លើ​មហាវិថី​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ជា​រថយន្ត​កូរ៉េ​ម៉ាក​ទី​តាន់ ព​ណ៌ខៀវ ចំណុះ​១​តោន ពាក់​ស្លាក​លេខ ឃ​.1643 ភព​2 ជិះ​គ្នា​២​នាក់​ អ្នកបើកបរ​ និង​តន្ត្រីករ​ម្នាក់ នៅ​លើ​រថយន្ត​មាន​ដឹក​ឧបករណ៍​ភ្លេងសម័យ​មក​ពី​លេង​កម្មវិធី​ជប់លៀង ​​ធ្វើ​ដំណើរ​ក្នុងទិស​ដៅ​ពី​កើត​ទៅ​លិច តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី បើក​ក្នុង​ល្បឿន​លឿន ​ហើយ​អ្នកបើកបរ​ស្រវឹង​ផង​នោះ ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ មេឃ​ទើបនឹង​រាំងភ្លៀង​មានទឹក​ដក់​មួយ​ចំហៀង​ផ្លូវ ជា​ហេតុ​ធ្វើ​ឱ្យម៉ូតូ​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ដែល​ជិះ​នៅ​ខាង​មុខ​រថយន្តបើក​គេច​ពី​ទឹក​ដក់​នោះ ទើប​រថយន្ត​បួង​ចង្កូត​គេច​ពី​ម៉ូតូ​នោះ​ជ្រុល​ទៅ​បុក​រនាំង​ដែក​ពុះ​ចែកផ្លូវ​បាក់​អស់៦ផ្ទាំង​ធ្វើ​ឱ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ជ្រុះ​ឧបករណ៍​ភ្លេង​រាយ​ប៉ាយ​ពេញ​ផ្លូវ និង​កៀប​ជើង​បុរស​ជា​តន្ត្រីករ​ជាប់​ក្នុង​កាប៊ីន​រ​ថយន្ត​ដក​ចេញ​អត់​រួច​ ​ទាល់តែ​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​យក​រថយន្ត​កន្ត្រៃ​​មក​កាត់​ទើប​ចាប់​ទាញ​ជន​រង​គ្រោះ​ចេញ​មក​ក្រៅ​វិញ​បាន​រង​របួស​រយះ​ជើង​ខាងឆ្វេង រីឯ​អ្នកបើកបរ​វិញ​មិន​បាន​រង​របួស​អ្វី​ឡើយ ។

បន្ទាប់​ពី​ទាញ​ជន​រង​គ្រោះ​ចេញពី​ក្នុង​រថយន្ត​បាន​ហើយ​ជន​រង​គ្រោះ​មិន​ព្រមទៅ​ព្យាបាល​ទេ បាន​លើកដៃ​សំពះ​អរគុណ​ និង​អង្វរ​ក្រុម​សង្គ្រោះ​អង្គភាព​៧១១​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ស៊ូ​យ ណា​រិ​ទ្ធ  មេ​បញ្ជា​​ការ​រង​កងពលតូច​លេខ​៧០ និង​ជា​មេ​បញ្ជា​រការអង្គភាព​៧១១ ដែល​ដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់​កន្លែង​កើតហេតុ ដោយ​ប្រាប់​ថា គាត់​អត់​មាន​លុយសម្រាប់​ព្យាបាល​ទេ ទើប​លោក​ឧត្តមសេនីយ៍ទោ ស៊ូ​យ ណា​រិ​ទ្ធ តប​វិញ​ថា ក្រុម​សង្គ្រោះរបស់​គាត់​មិន​យក​លុយ​ទេ ហើយ​ក្រុម​សង្គ្រោះ​នឹង​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។

ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​ជំនាញ​ចរាចរ​ក្រុង​ធ្វើការ​វាស់វែង​ស្ទួ​ច​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​ដើម្បី​​សង​សំណង ៕