ប្រធាន​សណ្តាប់ធ្នាប់​ខេត្ត សន្យា​ឱ្យ​រៀបចំ​កន្លែង​លក់ដូរ​នៅ​សងខាង​ផ្សា​រលើ​ក្នុង​រយៈពេល​១៥​ថ្ងៃ ដើម្បី​សោភ័ណ​ភាព

ខេត្តកំពង់ឆ្នាំង ​៖ ​លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សណ្តាប់ធ្នាប់​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​​ក្រុម​អ្នក​សារព័ត៌មាន កាល​ពី​ចុង​ស​ប្តា​ហ៍កន្លង​ទៅ​ថា សណ្តាប់ធ្នាប់​នៃ​ការ​លក់ដូរ​របស់​អាជីវករ​នៅ​ខាង​មុខ និង​ទាំង​សង​ខាង​ផ្សា​រ​លើ នឹង​ត្រូវ​រៀបចំ​ឱ្យ​​មាន​សណ្តាប់ធ្នាប់​ល្អតែ​ក្នុង​រយៈពេល​តែ​១៥​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​សោ​ភ័ណ​ភាព​សណ្តាប់ធ្នាប់​របស់​ខេត្ត ។

លោក​បាន​បន្ត​ថា ចំពោះ​បញ្ហា​អាជីវករ​បាន​និយាយ​ថា ឆ្នាំ​មុន​មាន​តូប​អាជីវករ​លក់ដូរតែ​ជាង២០០​តូប ហើយ​មក​ដល់​ពេល​នេះ​ បាន​ឡើង​ដល់​ទៅ​ជាង​៤០០​តូប​វិញ​នោះ លោក​នឹង​ផ្តល់​សិទ្ធ អោយ អាជីវករ​ចាស់​ជា​អ្នក​ចង្អុលបង្ហាញ ថា​តើ​ឈ្មោះ​ណា​ជា​អាជីវករ​ចាស់ និង​ឈ្មោះ​ណា​ជា​អាជីវករ​ថ្មី ដើម្បី ផ្តល់​លទ្ធភាព​អោយ​អាជីវករ​ចាស់​ធ្លាប់​លក់ដូរ​ពិតប្រាកដ ទទួល​បាន​តូប​លក់ដូរ​បាន​គ្រប់ៗ​គ្នា​។​

ក្នុង​ការរៀបចំ​នេះ​គណៈកម្មការ នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ដើមខែវិច្ឆិកា​នេះ ដើម្បី​ឱ្យ​តូប​អាជីវករ​នៅ​សង​ខាង​ផ្សា​រលើ​​​មាន​របៀបរៀបរយ សោភ័ណ​ភាព អនាម័យ បរិស្ថាន និង​ធានា​ដល់​សុខមាលភាព ទាំង​អ្នកលក់ និង​អ្នក​មក​ទិញ​ទំនិញ ​។ ម្យ៉ាងវិញ​ទៀត គំនូស​ប្លង់​តូប​លក់ដូរ ដែល​ក្រុម​គណៈកម្មការ​បាន​គូស​កន្លង​ទៅ ហើយ​ក្រុម​អាជីវករ​តវ៉ា​ថា​​ ទំហំ​តូច​ជាង​មុន ធ្វើ​ឱ្យ​​តូប​បាន​កើនឡើង​ពី​ជាង​២០០​តូប​កើន ឡើង​រហូត​ដល់​ជាង​៤០០​តូប ធ្វើ​ឱ្យ​​ក្រុម​អាជីវករ​ចាស់​មិន​អាច​ទទួលយក​បាន​នោះ លោក​នឹង​ដោះ​ស្រាយ​ជូន​អា​ជី
ករ​។

ដោយឡែក ចំពោះ​អ្នក​លក់ដូរ​គ្មាន​សណ្តាប់ធ្នាប់​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ មុខ​ផ្សា​រលើ​ត្រូវ​រំកិល​ឡើង​ឱ្យ​ផុត​មក​ទៅ​លើ​ខឿន​ផ្សារ​វិញ ហើយ​អ្នក​ដែល​សង់​តូប​ហ៊ុម​ព័ទ្ធ​សឹង​ក្លាយជា​ផ្ទះ​ធ្វើ​ឱ្យ​បាត់បង់សោភ័ណ​ភាព​ផ្សារ​នោះ​ ក៏ត្រូវ​រុះរើ​ចេញ​ដែរ ​។ សូម​រំលឹកថា ក្រុម​អាជីវ​ករ​ចាស់ ​ដែល​ធ្លាប់​លក់ដូរខាងក្រៅ​ផ្សា​រលើ ទាំង​ខាងត្បូង និង​ខាងជើង​បាន​បញ្ជា​ក់ថា មុន​​ពេល​អង្គការ​ចៃ​ការ​ជប៉ុន កសាង​ប្រព័ន្ធ​​លូ និង​ក្រាល​ការ៉ូឡា​ជុំវិញ​​ផ្សា​រលើ​អាជីវករ ចាស់​មាន​​ត្រឹមតែ​​ជាង​​២០០​តូប​​ទេ ។ នេះ​បើ​យោង​តាម​ការ​ស្រង់​ស្ថិតិ​អាជីវករ​របស់​គណៈកម្មកា​ផ្សារ​លើ មុន​ការ​កសាង​ផ្លូវ​ ។

ក្រោយ​ពេល​​កសាង​ប្រព័ន្ធ​លូ​ផ្លូវ​បាន​ស្អាត​ជុំវិញ​ផ្សា​រលើ បែរជា​អាជីវករ​នៅ​ខាងក្រៅ ផ្សា​រលើ​មាន​រហូត​ដល់​ជាង​៤០០​តូប​វិញ​ (​នេះ​ជា​ស្តិ​តិ​របស់​សាលាក្រុង​កំពង់ឆ្នាំង​)​ ដែល​ធ្វើឱ្យ​ពួក​គាត់ទទួល​​បាន​ទំហំ​តូប​តូច​ៗ ត្រឹមតែ​១,៤៥​ម៉ែត្រ គុណ​នឹង​១,៨៥​ម៉ែត្រ ​មិន​អាច​​ដាក់​អីវ៉ា​ន់​លក់ដូរ​ដូច​មុន​នោះ​ឡើយ ដោយហេតុ​នោះ​ហើយ​ក្រុម​អាជីវករ​​ចាស់ នៅ​តែ​ព្រួយ​បារ​ម្ភ​​ពី​ការ​ទទួល​បាន​តូច​លក់ដូរ ពី​ក្រុម​​គណៈកម្ម​ការ​នេះ​ តូច​ជាង​ទំហំ​តូប​ចាស់​របស់​ពួក​គាត់​លក់ដូរ​ពី​មុន​មក​ខ្លាំង​ពេក​៕