ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​១៧៩​នាក់​ទទួល​វិ​ញ្ញាប​ន​ប័ត្រ​ពី​លោក​គង់ វិបុល

រាជ​ធានីភ្នំពេញ ៖ ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​ជំនាន់​ទី​២ ​និង​ទី​៣​មាន​ចំនួន​១៧៩​នាក់​បាន​ទទួល​វិ​ញ្ញាប​ន​ប័ត្រ​ពី​លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ​​វិ​ច្ឆិ​កា ​​២០១៥ ដែល​រៀបចំ​នៅ​សាល​ប្រជុំ​សាលា​ជាតិ​ពន្ធដារ​ ដោយ​មានការ​ចូលរួម​ពី​លោក លោកស្រី​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោកប្រធាន អនុប្រធាន​នាយកដ្ឋាន លោក​ប្រធាន​ អនុប្រធាន​សាខា​ពន្ធដារ​ខណ្ឌ​នៅ​រាជធានី​ភ្នំពេញ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹង​ថា ​ចំពោះ​ការ​ប្រឡង​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​ត្រូវធ្វើ​ឡើង​ចំនួន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​សម្រាប់​សិក្ខាកាម​រៀន​នៅ​សាលា​ជាតិ​ពន្ធដារ​ និង​សាធា​រណជ​ន​មក​ពី​ខាងក្រៅ​ដែល​មាន​បំណង​ចង់​ក្លាយជា​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ។

សម្រាប់​ការ​ប្រឡង​លើក​ទី​២ ​និង​ទី​៣​នេះ​មាន​បេក្ខជន​ចូលរួម​ចំនួន​សរុប​៥៧៨​នាក់ ​ហើយ​មាន​បេក្ខជន​ប្រឡង​ជាប់​សរុប​ចំនួន​១៧៩​នាក់ ​ក្នុង​នោះ​លើក​ទី​២​មាន​ចំនួន​៧៩​នាក់​ និង​លើក​ទី​៣​មាន​ចំនួន​៩៩​នាក់​ដែល​ត្រូវ​បាន​ទទួល​វិ​ញ្ញាប​ន​ប័ត្រ ។

សិក្ខាកាម​ជំនាន់​ទី​៥​ដែល​ទើបនឹង​ចាបផ្តើម​ចូល​រៀន​កាលពី​ថ្ងៃ​ទី​២៤​ តុលា​ ​២០១៥​នេះ​ មាន​ចំនួន​សរុប​១៩០​នាក់​ ស្រី​ចំនួន​១៣៩​នាក់​ ដែល​កំពុង​សិក្សា​វគ្គប​ណ្តុះ​បណ្តាល​ស្តី​ពី​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​ ហើយ​សាលា​ជាតិ​ពន្ធដារ​បាន​និង​កំពុង​បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​បន្តបន្ទាប់​ទៀត៕
    ​