នារី​​ម្នាក់​​​​ប្រាប់​​ប៉ូលិស​​ថា​​​​ចោរ​ប្លន់​យក​ម៉ូតូ​ ពេល​ប៉ូលិស​សួរ​នាំ​​សង្ស័យ​បែក​ថ្នាំ

​រាជ​ធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ជិះ​ម៉ូតូ​ទៅ​លេង​ផ្ទះ​បងប្អូន​ផ្អើល​ឆោឡោ​ថា​ មាន​ជនសង្ស័យ​២​នាក់​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ ពេល​សមត្ថកិច្ច​ចុះ​ទៅ​សួរនាំ​បែរជា​សង្ស័យ​ករណី​បែក​ថ្នាំ​បង្ក​ការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ថ្ងៃ​ទី​២ ​​វិ​ច្ឆ​កា ​​ស្ថិតនៅ​​ក្នុង​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ​។

នារី​​​ដែល​អះ​អាង​ថា​ខ្លួន​ត្រូវ​ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​រូប​នេះ​ ​ឈ្មោះ សែ​ម ធីតា ​អាយុ​២១​ឆ្នាំ មុខរបរ​ម៉ាស្សា ស្នាក់​នៅ​ម្តុំ​បឹង​ត្របែក ខណ្ឌចំការមន មានស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង ។ មុន​ពេល​កើតហេតុ​ ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ មក​លេខ​ផ្ទះ​ជួល​​បងប្អូន​នៅ​ម្តុំ​​​កន្លែង​កើតហេតុ​ខាងលើ ពេល​នោះ​ស្រាប់តែ​មាន​បុរស​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ មក​ឈប់​ឈរ​ជជែក​គ្នា​នៅ​មុខ​ផ្ទះ​ជួល រួច​ហើយ​ជនសង្ស័យ​ម្នាក់​បាន​ទៅ​ទិញ​ស្រាថ្នាំ​យក​មក​ផឹក​ជាមួយ​គ្នា​នៅ​ទីនោះ​ហាក់ដូចជា​ស្គាល់គ្នា​ បន្ទាប់​ពី​ផឹក​រួច​ក៍​មានការ​ទាស់​ពាក្យ​សម្តី​គ្នា​ជាមួយ​​​ខ្លួន​ ហើយ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​សង់​កូរ៉េ​ចេញ​ទៅ​មុន ​​រីឯបុរស​ម្នាក់​ទៀត​បាន​ឡើង​ជិះ​ម៉ូតូ​​របស់​នាង​ចេញ​ទៅហើយ​នាង​​ក៏​​ឡើង​ជិះ​​ម៉ូតូ​ពីក្រោយរហូត​បាត់​មួយសន្ទុះ ​ស្រាប់តែ​​នាង​ទូរស័ព្ទ​​ប្រាប់​​សមត្ថកិច្ច​ថា​មាន​ចោរ​២​នាក់​​ស្ទាក់​ម៉ូតូ​របស់នាង​ឲ្យ​ឈប់​រួច​​ដក​កាំភ្លើង​ភ្ជង់​យក​ម៉ូតូ  ។

​​សមត្ថកិច្ច​ក៏​​​​​ទៅ​ជួប​នាង និង​នាំ​នាង​​ទៅ​​កន្លែង​កើតហេតុ និង​ទៅ​ផ្ទះ​បងប្អូន ដើម្បី​សាកសួរ ​បងប្អូន​របស់​នាង​​ប្រាប់​ថា ​នាង​​ជិះ​ម៉ូតូ​ទៅ​ជាមួយ​ជនសង្ស័យ លុះដល់​ចំណុច​កើតហេតុ ជន​សង្ស័យ​​​ដក​កាំភ្លើង​ភ្ជង់ដេញ​នាង​ឲ្យ​ចុះ​ពីលើម៉ូតូ​ រួច​​ជិះ​ម៉ូតូ​យក​ទៅ​​បាត់​​ បាន​ប្រហែលជា​១៥​នាទី​នាង​បាន​និយាយ​ថា មាន​បុរស​ម្នាក់​បាន​វាយ​ស្មា​នាង​១​ដៃ​ ហើយ​នាង​អត់​ដឹង​អី​បាន​ឲ្យ​សោ​ម៉ូតូ​ទៅ​ជនសង្ស័យ​​យក​ទៅ​បាត់​​ ចំណែក​ស្លាក​លេខ​ម៉ូតូ​ម្តង​ថា ភ្នំពេញ ម្តង​ថា​ស្វាយ​រៀង ធ្វើ​ឲ្យ​សមត្ថកិច្ច​សង្ស័យ​ថា​ មិនមែន​ជា​ករណី​ប្លន់​ទេ អាច​ជា​ករណី​ក្លែងបន្លំ ឬ​សង្ស័យ​ថា​បែក​ថ្នាំ ។

ក្រោយ​ពេល​កើតហេតុ​ នារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​សួរនាំ​ និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុ​ស្តិ៍​នគរបាល​រដ្ឋ​បាល​​ដង្កោ​ ៕