រដ្ឋមន្ត្រីការបរទេស​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​អឺរ៉ុប លើក​ទី​១២ នៅ​ប្រទេស​លុច​សំបួ​

ភ្នំពេញ: ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ល្ងាច​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​អឺរ៉ុប លើក​ទី​១២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​លុច​សំបួ ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ “​ធ្វើការ​រួមគ្នា​ដើម្បី​អនាគត​ប្រកបដោយ​ចីរភាព និង​សន្តិសុខ​”​។​

​ការអញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ គឺ​តាម​ការអញ្ជើញរ​បលោក​ស្រី ហ្វេ​ដេ​រី​កា ម៉ូ​ហ្គេ​រី​នី (Federiica Moghrini) តំណាង​ជាន់ខ្ពស់ និង​ជា​អនុប្រធាន នៃ​កិច្ចការ​អឺរ៉ុប និង​លោក ហ្ស​ង់ អា​សេល​ប៊​ន (Jean Asselborn) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​ប្រទេស​លុច​សំបួ​។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា ក្នុងនាម​ជា​អ្នក​នាំមុខ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ថ្លែង​បទ​អន្តរាគមន៍​នៅក្នុង​កិច្ចប្រជុំពេញអង្គៈ “​ការផ្លាស់ប្តូរ​អាកាសធាតុ របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ហើយ​និង​ការកាត់បន្ថយ និង​ការគ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ​”​។ លោក​ឧបនាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​នៅក្នុង​កិច្ចប្រជុំ​មិន​ចំហ​ផងដែរ​។​

​ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំរ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​.​អឺរ៉ុប​លើក​ទី​១២ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ជួប​ទ្វេភាគី​ជាមួយ​លោក ប៊​ច ប្រេន​ដ៍ (Borge Brende) រដ្ឋមន្ត្រីការបរទេស​ន័​រ​វ​វេស​, លោក​ហ្គ្សី​ហ្គោ​រស៍ ស្លេ​ធី​ណា រដ្ឋមន្ត្រីការ​បរទេស នៃ​សាធារណរដ្ឋ​ប៉ូឡូញ និង​ល​លោក សា​តាច អា​ហ្ស៊ី ទីប្រឹក្សានាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ និង​កិច្ចការបរទេស នៃ​ប្រទេស​ប៉ា​គី​ស្ថាន​។​

​កិច្ចប្រជុំ​អាស៊ី​.​អឺរ៉ុប គឺជា​វេទិកា​មួយ​ដ៏​សំខាន់ សម្រាប់​ការសន្ទនា​នយោបាយ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ហើយនឹង​ការផ្លាស់ប្តូរ​វប្បធម៌ និង​សង្គម រវាង​អាស៊ី និង​អឺរ៉ុប ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​រវាង​តំបន់​ទាំងពីរ​ក្នុង​ស្មារតី​គោរព​គ្នា​ទៅវិញទៅមក និង​ដៃគូ​ស្មើភាព​គ្នា​៕​