សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ហែ​កឋិន​ទៅ​វត្ត ប៉ាក់ណាម នៅ​ស្រុក​កោះធំ​ទេ​

ភ្នំពេញ: លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២ ខែវិច្ឆិកា​ថា ក្រសួង​ធម្មការ និង​សាសនា និង​អាជ្ញាធរ បាន​ហាមឃាត់ មិន​ឲ្យ​សហគមន៍​ខ្មែរ​កម្ពុជា និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ហែ​កឋិន​ចូលក្នុង​វត្ត​ប៉ាក់ណាម ដែល​ស្ថិតនៅ​ភូមិ​ប៉ាក់ណាម ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាងមុខនេះ​ទេ​។

​ការហាមឃាត់​នោះ ត្រូវបាន​លោក ថាច់ សេដ្ឋា អះអាងថា មាន​ខាង​មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ចុះទៅ​ប្រាប់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​ប៉ាក់ណាម​។​

​លោក​ថាច់​សេដ្ឋា បាន​បន្តថា តាម​កម្មវិធី​ត្រូវ​សូត្រមន្ត នៅ​រសៀល​ថ្ងៃទី​៧ ខែវិច្ឆិកា ហើយ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ហែ​ចូលទៅ​វត្ត​ប៉ាក់ណាម តែដោយសារ​មានការ​ហាមឃាត់ ត្រូវ​លុបចោល​វិញ​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កាលពី​ប៉ុន្មាន​ថ្ងៃមុន មាន​មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា រួមទាំង​អាជ្ញាធរ​ស្រុក​កោះធំ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន បាន​ចុះទៅ​ប្រាប់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ថា កឋិន​មិនអាច​ហែ​ចូលក្នុង​វត្ត​ប៉ាក់ណាម​បានទេ​។ មកដល់ពេលនេះ ក៏​មិនមាន​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ផងដែរ​៕​