​ប្រជាពលរដ្ឋ រិះគន់​កន្លែង​ប្រជល់មាន់​ដ៏​ធំ ជ្រក​ក្រោម​ស្លាក​កាស៊ីណូ

តាកែវ: ក្រុម​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា កន្លែង​ប្រជល់មាន់ ជ្រក​ក្រោម​ស្លាក កាស៊ីណូ​ដុះ​ស្លែ​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅក្នុង ឃុំ​កំពង់​ក្រសាំង ស្រុក​បូរី​ជលសា នៃ​ខេត្ត តាកែវ កំពុងតែ​ដំណើការ យ៉ាង​គគ្រឹកគគ្រេង​។ ចំណែក​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ហ៊ាន​ចាត់វិធានការ បានត្រឹមតែ​ឆ្លើយ​ដាក់គ្នា​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់​អោយដឹងថា ម្ចាស់​កន្លែង​ប្រជល់មាន់ ជ្រក​ក្រោម​កាស៊ីណូ​នោះ ឈ្មោះ វិទូ ដែលជា​អ្នកគ្រប់គ្រង កាស៊ីណូ​៣​កន្លែង នៅក្នុង​ខេត្តតាកែវ ហើយ​មាន​មន្ត្រីប៉ូលិស​ម្នាក់ មាន ឈ្មោះ​ហៅ​ក្រៅ​ថា បា ដែលជា​អ្នកមើលការខុសត្រូវ នៅ​កន្លែង​ប្រជល់មាន់​នោះ​។​

​ប្រជាពលរដ្ឋ នៅ​ស្រុក​បូរី​ជលសា ត្អូញត្អែរថា កន្លែង​ប្រជល់មាន់​ដ៏​ធំ​មួយ​នេះ​
​កំពុង​ធ្វើអោយ​ក្រុមគ្រួសារ របស់​ពួកគាត់ មាន​ហិង្សា​កើតឡើង សឹងតែ​រាល់ថ្ងៃ ហើយ​ប្តី​របស់គាត់​ម្នាក់ៗ មិនបាន​ជួយ​ការងារ​អ្វី​ទេ គិតតែ​យក​របស់របរ​ក្នុងផ្ទះ និង​ស្រែ យកទៅ​បញ្ចាំ​អស់ហើយ ដើម្បី​យកទៅ​លេងល្បែង ប្រជល់មាន់ នៅ​កាស៊ីណូ​នោះ​។​

​ប្រជាពលរដ្ឋ ដែល​រស់នៅ​ទីនោះ បាន​និយាយ​ដោយ​រិះគន់​ចំៗ ទៅលើ​សម្ថ​ត​កិច្ច អាជ្ញាធរ​ដែនដី​ថា ពួកគាត់​ប្រហែលជា​បាន ទទួល​សំណែន​អស់ហើយ ដែល​អ្នកគ្រប់គ្រង​កាស៊ីណូ​នោះ បាន​សែន​អោយ បានជា​ពួកគាត់ ធ្វើ​មើលមិនឃើញ​។ តើ​ភូមិ ឃុំ មាន​សុវត្ថិភាព​នៅឯណា បើ​អ្នកបើក​កាស៊ីណូ ជា​អ្នកមាន​លុយ និង​មានអំណាច ហើយ​បាន​សែន​សំណែន ដល់​អាជ្ញាធរ​ស្រុក ខេត្ត អស់ហើយ​នោះ​។​

​ស្ត្រី​ម្នាក់ បាន​រៀបរាប់​អោយដឹងថា កាលពីមុន កាស៊ីណូ​មិនទាន់​បើក ក្រុមគ្រួសារ​គាត់ មាន​សេចក្តីសុខ​ណាស់​។ ប្តី​របស់គាត់​មិនដែល​រករឿង​គាត់​ទេ​។ ប៉ុន្តែ​តាំងពី​កាស៊ីណូ​នោះបើក​មក ប្តី​គាត់​ញៀន​នឹង​ល្បែង​ជល់​មាន់ បំផ្លាញ​ទ្រព្យសម្បត្តិ​អស់ហើយ​។

​ស្ត្រី​រូបនោះ បាន​និយាយ​បន្តថា ពួកគាត់​ពិតជា​ចង់​រស់នៅ មាន​សេចក្តីសុខ ជាមួយ​ក្រុមគ្រួសារ ដូច​មុន​ណាស់ តែ​មិនដឹង​ជា​ធ្វើ​យ៉ាងណាទេ​៕V​/S