​អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន ៤០ ធ្វើ​សន្និសីទ​តស៊ូ​មតិ ថ្នាក់ជាតិ​លើក​ទី​៩ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ លើ​ការគ្រប់គ្រង​ដីធ្លី​

ភ្នំពេញ: នៅក្នុង​ឆ្នាំ​២០១៥​នេះ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា ធ្វើការ​សម្រប សម្រួល​រួមគ្នា ជាមួយ​សមាជិក​គណៈកម្មកា​រ​រៀបចំ ចំនួន ៤០ អង្គការ​ជាតិ និង​អន្តរជាតិ ដើម្បី​រៀបចំ​នូវ​សន្និសីទ​តស៊ូ​មតិ ថ្នាក់ជាតិ​លើក​ទី ៩ ក្រោម​ប្រធានបទ "​ធ្វើការ​រួមគ្នា ដើម្បី​លើកកម្ពស់ គណនេយ្យភាព​សង្គម លើ​អភិបាលកិច្ច​ដីធ្លី និង ធនធានធម្មជាតិ​នៅ​កម្ពុជា​"​។

​សន្និសីទ​តស៊ូ​មតិ ថ្នាក់ជាតិ​លើក​ទី​៩ បានធ្វើ​ឡើង ចាប់ពី​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ភោជនីយដ្ឋាន​ទន្លេបាសាក់​២ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក​បណ្ឌិត ម៉ុង ឫទ្ធី ប្រធាន​គណៈកម្មការ​ទី​៣ ព្រឹទ្ធសភា​។​

​កម្មវិធី​នេះ មាន​អ្នកចូលរួម​ប្រមាណ​ជាង ៣៣០ នាក់ មកពី​ព្រឹទ្ធសភា រដ្ឋសភាជាតិ រដ្ឋាភិបាល ដៃគូរ​អភិវឌ្ឍន៍ ទូត​សមាជិក បណ្តាញ​អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ និង​បណ្តា​ដៃគូ ទាំង​ថ្នាក់ជាតិ និង​ខេត្ត អ្នកតំណាង​សហគមន៍ និស្សិត និង​សាស្ត្រាចារ្យ ក្នុង​គោលបំណង​សំខាន់ គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ក្របខ័ណ្ឌ​ច្បាប់ និង​ពង្រឹង​ការអនុវត្ត​ច្បាប់ លើ​ការគ្រប់គ្រង​ដីធ្លី និង​ធនធានធម្មជាតិ ដើម្បី​រួមចំណែក​លើកកម្ពស់​យុត្តិធម៌​សង្គម​៕V​/S