ក្រុមឡើងទម្រង់លេង Man City រំពឹងដណ្តើមបានជ័យជម្នះនៅទឹកដី Seville

ក្រុម Manchester City ដែល​​កំពុង​នាំ​មុខ​លើ​តារាង​ក្រប​ខ័ណ្ឌអង់គ្លេស Premier League នឹង​ត្រូវ​​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ម្ចាស់​ជើង​ឯក Europa League គឺ Sevilla នៅ​ថ្ងៃ​អង្គារនេះ ដោយ​មាន​បំណង​បង្ហាញ​ថា ពួក​គេ​នឹង​​មិន​ភ្លាត់​ស្នៀត​ក្នុង​ក្រប​ខ័ណ្ឌ Champions League ម្តង​ទៀត​នៅ​​រដូវ​កាល​នេះ​ឡើយ​។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់​ខ្សែ​បម្រើ Kevin de Bruyne បាន​ដណ្តើម​ជ័យ​ជម្នះ ២-១ សម្រាប់​ក្រុម Man City នៅ​ពេល​ដែល​ក្រុម​​ទាំង​ពីរ​ជួប​គ្នា​កាល​ពី​​២​​សប្តាហ៍​កន្លង​ទៅ​ក្នុង​ទីក្រុង Manchester ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់​លោក Manuel Pellegrini ស្ថិត​ក្នុង​ទី​តាំង​រួម​ជា​មួយ​នឹង​ក្រុម Juventus ក្នុង​ការ​ឈាន​ទៅ​វគ្គ​បន្ត​ពី​ពូល​ដ៏​លំ​បាក​មួយ​ដែល​ក៏​មាន​ក្រុម Borussia Monchenglabach ផង​ដែរ​។
1
បើ​ទោះ​បី​​ចំណាយ​ប្រាក់​​ជា​ច្រើន​ក៏​ដោយ ប៉ុន្តែ Man City មិន​បាន​ឆ្លង​​ផុត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ក្រប​ខ័ណ្ឌ Champions League ឡើយ តាម​រយៈ​​​ការ​ធ្លាក់​ចេញ​ក្រោម​ស្នា​ដៃ​ក្រុម Barcelona ក្នុង​រយៈ​ពេល​២​រដូវ​កាល​ជាប់​ៗ​គ្នា​។ ក្រោយ​ពី​​ការ​ចាប់​ផ្តើម​យ៉ាង​ខក​ចិត្ត​ក្នុង​យុទ្ធ​នា​ការ​នេះ​​តាម​រយៈ​ការ​ចាញ់ ២-១ ក្នុង​ផ្ទះ​ខ្លួន​ឯង​​ក្រោម​ស្នា​ដៃ​ក្រុម Juventus ក្រុម Man City បាន​ផ្តល់​ឲ្យ​ពួក​គេ​នូវ​ឱកាស​មួយ​​នៃ​ការ​ឡើង​ឈរ​​នៅ​លើ​កំពូល​តារាង​ជា​មួ​នឹង​ការ​កត់​ត្រា​ជ័យ​ជម្នះ​២​លើក​ជាប់​ៗ​គ្នា​ដើម្បី​ដេញ​តាម​ពី​ក្រោយ​ក្រុម​ម្ចាស់​ជើង​​ឯក​​អ៊ី​តាលី Juventus ត្រឹម​តែ​១​ពិន្ទុ​។ ខ្សែ​បម្រើ Yaya Toure ដឹង​យ៉ាង​​ច្បាស់​ថា Man City ត្រូវ​តែ​​ចាប់​​ផ្តើម​បង្កើត​ឲ្យ​​មាន​ឥទ្ធិ​ពល​មួយ​ក្នុង​ក្រប​ខ័ណ្ឌ Champions League ប្រសិន​បើ​ពួក​គេ​ចង់​ឲ្យ​​​ពួក​គេ​ស្ថិត​ក្នុង​ចំណោម​ក្រុម​ជើង​ខ្លាំង​ប្រចាំ​ទ្វីប​អឺ​រ៉ុប​។ កីឡាករ​រូប​នេះ​បាន​ប្រាប់​គេហ​ទំ​ព័រ​របស់​ក្លិប​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​បាន​មក​​ក្លិប​នេះ ខ្ញុំ​​មក​ដើម្បី​លើក​ពាន​។ យើង​ដឹង​ថា ក្នុង​ការ​ក្លាយ​ជា​ក្លិប​ដ៏​ធំ​មួយ យើង​ត្រូវ​តែ​បន្ត​ការ​ឈ្នះ​ពាន​សំខាន់​ៗ និង​បង្កើត​ប្រវត្តិ​សាស្ត្រ​​របស់​យើង​នៅ​អឺ​រ៉ុប​»​​​។ ការ​ប្រកួតនៅ​រាត្រី​នេះ នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​២:៤៥​ទៀប​ភ្លឺ​៕
2