Booysen ​ចង់​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បើ​សិន​មាន​ឱកាស


Booysen ​ចង់​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បើ​សិន​មាន​ឱកាស

ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់​ក្លិប​ភ្នំពេញ​ក្រោន Shane Booysen ​បាន​និយាយ​ពី​អារម្មណ៍​ក្នុង​ចិត្ត​ថា​ខ្លួន​ពិត​​ជា​ស្រលាញ់​បាល់​ទាត់​នៅ​កម្ពុជា​ណាស់ ហើយ​ប្រសិន​បើ​មាន​ឱកាស​រូប​គេ​ចង់​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែរ។

 

Booysen ​ចង់​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បើ​សិន​មាន​ឱកាសShane Booysen អាវ​ខៀវ

 

Booysen ​ជា​កីឡាករ​របស់​ក្លិប​ភ្នំពេញ​ក្រោន ដែល​ទើប​តែ​នាំ​ចូល​បាន​មួយ​រដូវ​កាល​នេះ​។ ដោយ​មាន​សមត្ថភាព​ល្អ ខ្សែ​ប្រយុទ្ធ​រូប​នេះ​តែងតែ​បាន​ជាប់​ជា​ជម្រើស​ដំបូង​រហូត ប្រសិន​បើ​រូប​គេ​មិន​មាន​របួស​ទេ​នោះ។ មាន​ចិត្ត​ស្រលាញ់​ទឹក​ដី​កម្ពុជា Booysen ​តែងតែ​និយាយ​ក្នុង​ចិត្ត​ជា​និច្ច​ថា​ចង់​លេង​នៅ​ទី​នេះ​បន្ត​ទៀត ហើយ​បើ​មាន​ឱកាស​រូប​គេ​ចង់​ចូល​លេង​ជួយ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ផង​ដែរ។

 

កីឡាករ​ពាក់​អាវ​លេខ​១១​របស់​ក្លិប​ភ្នំពេញ​ក្រោន រូប​នេះ​បាន​និយាយ​ថា៖ “បាទ ច្បាស់​ណាស់ ខ្ញុំ​ពិត​ជា​ចង់​ចូល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​មែន ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ​ទេ។ វា​អាច​ជា​រឿង​ពិបាក សម្រាប់​ខ្ញុំ​ដែល​ចង់​លេង​ឱ្យ​ជម្រើស​ជាតិ តែ​ខ្ញុំ​ពិត​ជា​ចង់​ធ្វើ​វា​មែន”។

 

Shane Booysen ​រក​បាន​២៣​គ្រាប់​ហើយ​នៅ​លីក​កំពូល​កម្ពុជា ស្មើ​ទៅ​និង​មិត្ត​រួម​ក្រុមBisan George ​ដែរ ហើយ​ចំនួន​នេះ​ទៀត​សោត​ក៏​បាន​ធ្វើ​ឱ្យ​រូប​គេ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​​ក្នុង​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​លីក​កំពូល​កម្ពុជា (លេខ​១​គឺ ចាន់ វឌ្ឍនាកា ​របស់​ក្លិប​បឹង​កេត​អង្គរ រក​បាន​៣៥​គ្រាប់) ដោយ​គិត​ត្រឹម​បច្ចុប្បន្ន។

 

ចំពោះ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​វិញ នឹង​ត្រូវ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​អាហ្វហ្គានីស្ថាន ​នៅ​ទឹក​ដី​អឺរ៉ង់​នៅ​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា ​ហើយ​ជួប​ក្រុម​ខ្លាំង​ជប៉ុន​ក្នុង​ដី​ខ្លួន​ឯង​វិញ​នៅ​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ ក្នុង​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក 2018 FIFA World Cup Russia ​​នៅ​​តំបន់​អាស៊ី ពូលE ​៕

 

​អត្ថបទ៖ មុន្នី រម្យ