ប៉ូលិស​ចាប់ខ្លួន​ម៉ែ​យ៉ែ​ម នាំ​ក្មេង​ស្រី​ឡើង​អូ​តែ​ល ឱ្យ​ភ្ញៀវ​ត្រេកត្រអាល

ខេត្តសៀមរាប ៖ យោង​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ស្ត្រី​ជា​ម៉ែ​យ៉ែ​ម​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាប់ខ្លួន បន្ទាប់​ពី​ស្រាវជ្រាវ​ឃើញ​ថា​ពាក់ព័ន្ធ​នឹង​ការ​នាំ​ក្មេង​ស្រី​ទៅ​ដេក​ជាមួយ​ភ្ញៀវ នៅ​តាម​ផ្ទះសំណាក់ និង​សណ្ឋាគារ ក្នុង​ក្រុង​សៀមរាប ។

ប្រតិបត្តិការ​ឃាត់ខ្លួន​ម៉ែ​យ៉ែ​ម​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១ វិច្ឆិកា នៅ​ក្នុងផ្ទះ​ជនសង្ស័យ​ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក កើត សុ​វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ជា ហេង នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ។

លោក​វរសេនីយ៍ត្រី ជា ហេង នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បានឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ ចេ​ន មុ​ី អាយុ​៣៥​ឆ្នាំ ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​អ្នក​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ ។

នៅ​ចំពោះ​មុខ សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ដេក ជាមួយ​ភ្ញៀវ​ពិតប្រាកដ​មែន ដោយ​ក្មេង​ស្រី​ដេក​ជាមួយ​ភ្ញៀវ​ម្តង​ក្នុង​តម្លៃ​ចាប់ពី​១០០​ដុល្លារ ទៅ​៣០០​ដុល្លារ ហើយ​រូប​ខ្លួន​បាន​គិត​ជា​ភាគរយ ទៅ​តាម​តម្លៃ​នីមួយ​ៗ​ចាប់ពី​១០​ដុល្លារ ដល់​១០០​ដុល្លារ ។

ស្ត្រី​ជាប់ចោទ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​២ វិច្ឆិកា ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕