សាកសពជនរង គ្រោះធ្លាក់យន្តហោះ បានបញ្ជូន មកដល់រុស្ស៊ី, លទ្ធផល Black Box នឹងបង្ហាញនៅ ប៉ុន្មានថ្ងៃខាងមុខ

ម៉ូស្គូ៖ យោងតាមព័ត៌មាន Channel News Asia បានឲ្យដឹងថា យន្តហោះមួយគ្រឿងផ្ទុកសាកសព ចំនួន១៤៤ នាក់ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចររុស្ស៊ីមួយ ធ្លាក់នៅតំបន់ Sinai Peninsula ប្រទេសអេហ្ស៊ីប បានធ្វើដំណើរមកដល់អាកាសយាន្តដ្ឋាន Pulkovo ទីក្រុង Saint Petersburg របស់រុស្ស៊ីហើយ ដោយបានមកដល់ ក្រោយប៉ុន្មានម៉ោង បន្ទាប់ពីក្រុមអ្នកស៊ើបអង្កេត បានឲ្យដឹងថា យន្តហោះ បានផ្ទុះនៅលើអាកាស មុនពេលវាបានធ្លាក់។

ក្រុមអ្នកស៊ើបអង្កេត មកពីប្រទេសជាច្រើនបានរួមគ្នា ក្នុងការស៊ើបអង្កេតមួយដឹកនាំដោយអេហ្ស៊ីប ដើម្បីកំណត់ អ្វីទៅដែលនាំឲ្យយន្តហោះ របស់ក្រុមហ៊ុនអាកាសចរ Kogalymavia ជើងហោះហើរ 9268 របស់រុស្ស៊ីធ្លាក់ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ បានបណ្តោយឲ្យមនុស្ស ២២៤នាក់ជិះនៅលើនោះ ស្លាប់ទាំងអស់ ខណៈធ្វើដំណើរចេញពីទីក្រុង Sharm el-Sheikh ឆ្ពោះទៅកាន់ទីក្រុង Saint Petersburg ជាទីក្រុងធំជាងគេ លំដាប់ទី២របស់រុស្ស៊ី។

សូមជំរាបថា ប្រអប់ខ្មៅនៃយន្តហោះ ត្រូវបានរកឃើញហើយ ហើយថ្នាក់ដឹកនាំនៃបេសកម្មមួយរបស់អ៊ីរ៉ង់ ដែលនឹងចូលរួមស៊ើបអង្កេត ក្រោមការដឹកនាំរបស់អេហ្ស៊ីប បានឲ្យដឹងថា លទ្ធផលចេញពីប្រអប់ខ្មៅ នឹងត្រូវបានបង្ហាញនៅប៉ុន្មានថ្ងៃខាងមុខ៕

សាកសពជនរង គ្រោះធ្លាក់យន្តហោះ បានបញ្ជូន មកដល់រុស្ស៊ី, លទ្ធផល Black Box នឹងបង្ហាញនៅ ប៉ុន្មានថ្ងៃខាងមុខ