​ប៉ាត់​តា ជា​ស្បែក​ជើង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ

​ប៉ាត់​តា ជា​ស្បែក​ជើង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ

ដណ្ដប់​កាយ​ដោយអាវ​យឺត​ពណ៌ខ្មៅ ខោ​ខោវប៊យ ស្បែក​ជើង​ប៉ាត់​តា យុវជន លាង វិចិត្រ កំពុង​អង្គុយ​​មើល​មិត្តភ័ក្ដិ​លេង​បាល់ នៅ​​តារា​ង​ហ្វូតសាល KB ក្រោយ​ស្ថានទូតអូស្ត្រាលី។

 

​ប៉ាត់​តា ជា​ស្បែក​ជើង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យរូបតំណាង

បុរស​សម្បុរ​ស​ខ្ពស់​ស្រលះ​បាន​ឱ្យ​ដឹង​​ថា បើ​និយាយ​ពី​​ស្បែក​ជើង​ប៉ាត់តា គឺ​លោក​​ចូលចិត្ត​ពាក់​ណាស់ ​ពេល​ដើរ​លេងម្ដងៗ ដែល​ខុស​ពី​មុន លោក​មិន​ដែល​ពាក់​ទេ ជាពិសេស​នៅ​វិទ្យាល័យ និង​ពេល​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្ដម​​នៅ​ភ្នំពេញ​ឆ្នាំ ២០០៨។

 

វិចិត្រ បញ្ជាក់​​ទាំង​សើច​ថា ៖ “កាល​នៅ​វិទ្យាល័យ ប៉ា​ទិញ​ឱ្យ​ពាក់​ហាត់​កីឡា តែ​ខ្ញុំ​អត់​ពាក់​ព្រោះ​ខ្មាសគេ តែ​ខ្ញុំ​ចាប់​ផ្ដើម​ចូលចិត្ត​ពាក់​​អំឡុង​​ឆ្នាំ ២០០៩ ពេល​រៀន​នៅ​ភ្នំពេញ​។ ហេតុ​អត់​ពាក់​​បាត់តា​ ព្រោះ​ខ្មាស​គេបង មើល​ខ្លួន​ឯង​​ដូច​ជា​​​ឆ្គង អត់​សម!”។

 

ចំណែក​ឯ​កញ្ញា​កូនចៅ​​ចិន អាហ្វាង វិញ​បាន​រៀបរាប់​ប្រាប់ Sabay ថា កញ្ញា​ក៏​ចូលចិត្ត​ពាក់​បាត់​តា​ដែរ ព្រោះ​វា​សាមញ្ញ ស្អាត ស្រួល មិន​ឈឺ​ជើង បើ​ធៀប​នឹង​ប្រភេទ​ស្បែកជើង​កែង និង​​ស្បែក​សង្រែក។ កញ្ញា បញ្ជាក់​ថា ៖ “ ស្អាត ស្រួល​ពាក់ …​បើ​ខ្ញុំ​ឃើញ​ភាគ​ច្រើន​ គេនិយម​ពាក់​បាត់តា​ដែរ…ខ្ញុំ​មាន ៥ គូ”។

 

ដោយឡែក​បុរស​មាឌ​ធំ ចន រ៉ាយូ ប្រាប់​ថា ប៉ាត់តា បាត​ស្មើ គ្មាន​កែង ស្រួល​ពាក់ និង​មិន​ធ្វើ​ឱ្យ​ឈឺ​ជើង ហើយ​លោក​តែង​ពាក់​វា​ជាមួយ​ខោ​ខោវប៊យ។

 

“​ប៉ាត់​តា មិន​មែន​ពាក់​តែ​ខ្ញុំ​ទេ មិត្តភ័ក្ដិ​ខ្ញុំ​ក៏​ពាក់​ច្រើន​ដែរ មួយ​វិញ​ទៀត​នោះ វា​ធូរ​ថ្លៃ តែ​ឥលូវ​សល់​តែ​មួយ​គូ​ទេ”។ រ៉ាយូ បញ្ជាក់។

 

កំពុង​អង្គុយ​លក់​ស្បែក​ជើង​មុខ​ផ្ទះ ផ្លូវ ៤៣២ ម្ដុំ​ផ្សារ​បឹង​ត្របែក អ្នកស្រី សុខា ប្រាប់ Sabay ព្រឹក​មិញ​ថា ស្បែក​ជើង​លក់​ដាច់​ជាងគេក្នុង​ផ្ទះ​អ្នកស្រី ​មាន​ច្រើន​ប្រភេទ​ដូចជា ស្បែកជើង​កីឡា ស្បែកជើង​ស៊ក និង​ប៉ាត់តា។

 

អ្នកស្រី​ថ្លែង​ថា ៖ “ប៉ាត់​តា​ហ្នឹង​ដាច់​ជាងគេ ធូរធ្លៃ ហើយ​ស្អាត! ​ម៉ូដ​ខ្លះ​ទើប​មកដល់ ​ឃើញ​ស្អាតគេនាំគ្នា​​ទិញ ឥលូវ​សល់​តែ​ប៉ុន្មាន​គូ​ទេ​អស់​ហើយ។ ស្បែកជើង​ប៊ូ​លក់​លក់​​​ដាច់​​មួយៗ អឺ…ទិញ​ភាគច្រើន ក្មេងៗប្រុសៗ” ។

 

យ៉ាងណា​អ្នក​លក់​វ័យ ៣២ ឆ្នាំ មិន​ប្រាប់​ពី​ចំនួន​គូ ដែល​លក់​ដាច់​ឡើយ។ ស្បែក​ជើង​​ប៉ាត់​តា​ក្នុង​ផ្ទះ​អ្នកស្រីមានធុន​​លេខ១ ធុន​លេខ​២ យក​មក​ពី​ប្រទេស​ថៃ មាន​​តម្លៃ​ចាប់​ពី ១៣ ដុល្លារ​ឡើង​ទៅ៕

 

ចុចអាន៖ ស្រីៗ​​​យល់​បែប​ណា​ដែរ ពេល​ឃើញ​មិត្ត​ប្រុស និង​ ស្វាមី​​ដាក់​​​​ស្រោម​តាម​ខ្លួន?

ចុចអាន៖ ចង់​បាន​របស់​អី​មួយ​ ស្រីៗ​ច្រើន​និយាយ​ពាក្យ​ទាំង​នេះ

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ