​រថយន្ដ​ដឹក​ឧបករណ៍​ភ្លេង បុក​រះ​របាំង​ដែក បាក់​អស់​៦​ផ្ទាំង ក្រឡាប់​របួសធ្ងន់​ម្នាក់​

ភ្នំពេញ​: រថយន្ដ​ដឹក​ឧបករណ៍ ភ្លេង​តន្ត្រីសម័យមួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​រះ​របាំង​ដែកពុះ​ចែក​ទ្រូងផ្លូវពេញទំហឹង បាក់​អស់​៦​ផ្ទាំង បណ្ដាលអោយ​រថយន្ដ​ក្រឡាប់ កៀប​ជាប់​ព្រូឡាន​ម្នាក់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ បានកើត​ឡើងកាលពី​វេលា​ម៉ោង ១១​និង​៣០ យប់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅខាងមុខ​ស្ថានីយ​ប្រេងឥន្ធនៈ សា​វី​មិច តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ ។​

​សាក្សី​នៅ​កន្លែងកើតហេតុ បានអោយដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ដ​មួយគ្រឿង ផលិត​នៅ​ប្រទេស​កូរ៉េ ចំណុះ​១​តោន​កន្លះ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ប​១៦៤៣​ភព​២ បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​ជាមួយ​ព្រូ​ម្នាក់ ដឹក​ឧបករណ៍​ភ្លេង​តន្ត្រីសម័យ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ សហព័ន្ធ​រុស្សី ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​នោះ ក៏​រេ​ចង្កូត​ទៅបុក​រនាំង​ដែក ពុះ​ចែក​ទ្រូងផ្លូវ ពេញទំហឹង បណ្ដាលអោយ​បាក់​អស់ ចំនួន​៦​ផ្ទាំង និង​រថយន្ដ​ក្រឡាប់​ផ្ងារជើង គាប​ជាប់​ព្រូ​ម្នាក់ រងរបួស​ធ្ងន់​។ ចំណែក​តៃកុង​រថយន្ដ រងរបួស​ស្រាល​។​

​ក្រោយ​កើតហេតុ តៃកុង​រថយន្ដ ត្រូវបាន​កម្លាំង​សមត្ថកិច្ច ប៉ុស្តិ៍នគរបាល​រដ្ឋបាល កា​កាប ឃាត់ខ្លួន​យកទៅ​សួរនាំ​។ ចំណែក​ជនរងគ្រោះ ត្រូវបាន​កងកម្លាំង​អន្តរាគមន៍​សង្គ្រោះបន្ទាន់ លេខ​៧១១ របស់​អង្គភាព​កងពលតូច ង​៧០ បានមក​ជួយសង្គ្រោះ ដោយ​យក​ឧបករណ៍​កាត់ ដើម្បី​កាត់​ដែក​រថយន្ដ យក​ជនរងគ្រោះ ទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ​។​

​ចំណែក​រថយន្ដ ត្រូវបាន​កម្លាំង​ជំនាញ ចុះ​វាស់វែង និង​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ តាម​នីតិវិធី ៕V​/S

​រថយន្ដ​ដឹក​ឧបករណ៍​ភ្លេង បុក​រះ​របាំង​ដែក បាក់​អស់​៦​ផ្ទាំង ក្រឡាប់​របួសធ្ងន់​ម្នាក់​

​រថយន្ដ​ដឹក​ឧបករណ៍​ភ្លេង បុក​រះ​របាំង​ដែក បាក់​អស់​៦​ផ្ទាំង ក្រឡាប់​របួសធ្ងន់​ម្នាក់​