ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់ ពីបទ​ជួញដូរ រក្សា​ទុក ដឹកជញ្ជូន​

ត្បូងឃ្មុំ: កំលាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​សហការ​ជាមួយ​កំលាំង​នគរបាល​ក្រុង​សួង ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៤​នាក់ ពីបទ ជួញដូរ រក្សាទុក ដឹកជញ្ជូន​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ហើយក៏​មានការ​ឯកភាព​ផ្នែក​ផ្លូវច្បាប់ ពី​តំណាង​អយ្យការ អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។

​ប្រតិ​ប​ត្ត​ការ​នេះ ធ្វើឡើង​កាល​វេលា​ម៉ោង ៣​និង​៣០​នាទី​សៀ​ល ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ជ្រៃ​បិតមាស សង្កាត់​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។​

​លោក​វរសេនីយ៍ត្រី ឈន សុធន អធិការនគរបាល​ក្រុង​សួង បាន​បញ្ជាក់ថា ជនសង្ស័យ​ខាងលើ ទី​១. ឈ្មោះ អាន ស៊ី​ឌឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​, ទី​២.​ឈ្មោះ សែន ចិ​ត្រា ភេទ​ប្រុស រស់នៅ​ភូមិ​ជ្រៃ​បិតមាស សង្កាត់​ក្រុង​សួង​, ទី​៣. ឈ្មោះ អៀង ចិ​ត្រា ហៅ ប៉ាវ អាយុ​២៩​ឆ្នាំ នៅ​ភូមិ​តូង សង្កាត់​-​ក្រុង​សួង​, ទី​៤. ឈ្មោះ ធី ដេវីដ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ចំការ​ថ្មី ឃុំ​គគី ស្រុក​មេមត់​។

​ចំណែក​ម្ចាស់ផ្ទះ ឈ្មោះ អុក ស្រី​ទូច ភេទ​ស្រី អាយុ ២៩ ឆ្នាំ ។ ក្នុងនោះ​កំលាំង​ជំនាញ បាន​ដកហូត​បាន​នូវ វត្ថុតាង​ជា​ថ្នាំញៀន  ធំ​១​កញ្ចប់ កណ្តាល​៥ កញ្ចប់​តូច ៣​កញ្ចប់ និង​ថ្នាំញៀន ប្រភេទ​គ្រាប់​ពណ៌ ផ្កាឈូក ដែលមាន​សញ្ញា​អក្សរ WY ចំនួន​១១​គ្រាប់ និង​ជញ្ជីង​អេឡិចត្រូនិក ចំនួន​២ រួម​នឹង​គ្រាប់កាំភ្លើង ម៉ាក​រ៉ូឡូ ចំនួន​១៤​គ្រាប់​។​

​លោក​អធិការ ក៏បាន​បញ្ជាក់ដែរថា ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាមច្បាប់​៕V/S

ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់ ពីបទ​ជួញដូរ រក្សា​ទុក ដឹកជញ្ជូន​