ស្រវឹង​បើករថយន្ត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​២​កង់​នៅ​ផ្លូវ​២៧១

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ស្រវឹង​ជិះ​រថយន្ត​ហាយ​ឡេ​ន​ដឺ​ជាមួយ​មិត្តភក្តិ​៣​នាក់​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលអោយ​រថយន្ត​ខ្ទេច​មុខ​ផ្នែក​ខាងឆ្វេង ចំណែក​របាំង​ថ្ម​បាក់​អស់​២​កង់​។ ហេតុការណ៍​នេះ​កើត​នៅវេលា​ម៉ោង​១២ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​គ្លីនិក​បឹង​សាឡាង តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​

​តាម​ប្រភពព័ត៌មាន​អោយដឹងថា​នៅមុន​ពេល​កើតហេតុ​មាន​បុរស​៤​នាក់​ដែល​ទើប​និង​ចេញពី​ផឹកស៊ី​ស្រវឹង​ជោគជាំ​ដោយ​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក​ហាល​ឡេ​ន​ដឺ​ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-9603 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​តែ ខណៈ​មកដល់​ចំនុចកើតហេតុ​ខាងលើ​រថយន្ត​ក៏បាន​រេ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​បណ្តាលអោយ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ និង​បាក់​ថ្ម​ដែល​ទើបនឹង​ដាក់​បាន​៣​ថ្ងៃ​បាក់​របាំង​ថ្ម​អស់​២​កង់​រាយ​បាយ​ពេញ​ផ្លូវ ចំណែក​ម្ចាស់​រថយន្ត​បោក​ក្បាល​នឹង​កញ្ចក់​បែកក្បាល​ឈាម​ស្រោច​ជោគ​ខ្លួន​។​

​បន្ទាប់ពី​កើតហេតុ​មិត្តភក្តិ​របស់​ម្ចាស់​រថយន្ត​បាន​បើក​ធ្វា​រ​រថយន្ត​រត់គេចខ្លួន​អស់​សល់​តែ​ម្ចាស់​រថយន្ត​ដែល​បែកក្បាល​ឈាម​ស្រោច​ជោគ​ខ្លួន​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ករ​ទៅ​រក្សារ​ទុក​និង​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ការដោះស្រាយ​ពេល​ក្រោយ​៕

ស្រវឹង​បើករថយន្ត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​២​កង់​នៅ​ផ្លូវ​២៧១