កុំ​ភ្លេច​គាំទ្រ! ជម្រើស​ជាតិ​កម្ពុជា​ប៉ះ​ប្រ៊ុយណេ​ល្ងាច​នេះ

កុំ​ភ្លេច​គាំទ្រ! ជម្រើស​ជាតិ​កម្ពុជា​ប៉ះ​ប្រ៊ុយណេ​ល្ងាច​នេះ

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​ទទួល​ក្រុម​មាន​ចំណាត់​ថ្នាក់ FIFA ខ្សោយ​ជាង​គេ​នៅ​អាស៊ាន​ប្រ៊ុយណេ ម៉ោង ៦:៣០​នាទី​ល្ងាច​​នេះ ដើម្បី​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​មុន​បន្ត​យុទ្ធនាការ​ជម្រុះ​បាល់ទាត់​ពិភព​​លោក​ឆ្នាំ​២០១៨​​​ ​ពូល​ E នៅ​​តំបន់​អាស៊ី ​ជុំ​ទី​២ ជើង​ទី​២ ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន និង​ទទួល​ក្រុម​ខ្លាំង​ជប៉ុន។

 

កុំ​ភ្លេច​គាំទ្រ! ជម្រើស​ជាតិ​កម្ពុជា​ប៉ះ​ប្រ៊ុយណេ​ល្ងាច​នេះ
សន្និសីទកាសែត​កាល​ពី​ព្រឹក​មិញ

 

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កំពុង​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង បន្ទាប់​ពី​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង Lee Tae Hoon កោះ​ហៅ​កីឡាករ ៣៣​នាក់​ពី​ក្លិប​ចំនួន៦ ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ និង​ការ​ប្រកួត​ជម្រុះ​នា​ពេល​ខាង​មុខ។ កីឡាករ​ទាំង ៣៣​រូប​នោះ​មាន មក​ពី​ក្រុម​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​​មាន​៥​នាក់ ​ក្រុម​ក្រសួង​ការពារ​ជាតិ​មាន​៨​នាក់​ ​ក្រុម​ស្វាយរៀង​មាន​៨​នាក់​ បឹងកេត​អង្គរ​​មាន​៦​នាក់​ ភ្នំ​ពេញ​ក្រោន​មាន​៤​នាក់​ និង​ណាហ្គាវើល​៣​នាក់។

 

យ៉ាង​ណា​ក្ដី ការ​ហ្វឹកហាត់​នៅ​ទី​លាន​បាល់ទាត់​ជាតិ​បាទី​ក្នុង​ខេត្ត​តាកែវ មិន​បាន​ជុំ​គ្នា​ទាំង​អស់​ឡើយ ដោយសារ​សមាជិក​ក្រុម​បឹងកេតអង្គរ ជាប់​បេសកកម្ម​ចេញ​ទៅ​ប្រកួត​ជាមួយ​ក្រុម​ជើង​ឯក​ឡាវ ក្នុង​ពាន​រង្វាន់ Toyota Mekong Club Championship 2015។ កីឡាករ​ក្រុម​ជម្រើសជាតិ ដែល​កំពុង​លេង​ឲ្យ​ក្លិប​បឹងកេត​អង្គរ​ទាំង ៦​រូប ទើប​ត្រលប់​មក​ដល់​មាតុ​ប្រទេស​វិញ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ និង​ហ្វឹក​ហាត់​ជុំ​គ្នា​នៅ​ព្រឹក​នេះ។

 

៥​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​​ចុង​ក្រោយ​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ និង​ស្មើ​ឡើយ។ បរាជ័យ​ធ្ងន់ធ្ងរ​បំផុត​កើត​ឡើង​នៅ​លើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ​កាល​ពី​ខែ​កញ្ញា ដែល​ពេល​នោះ​ចាញ់​ក្រុម​ស៊ីរី ៦-០ និង​លើក​ចុង​ក្រោយ​ចាញ់​ក្រុម​សិង្ហបុរី​នៅ​ក្រៅ​ទឹក​ដី​ដោយ​លទ្ធផល ២-១ ក្នុង​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​​លោក​ឆ្នាំ​២០១៨​​​ ​ពូល​ E នៅ​​តំបន់​អាស៊ី។

 

ចំណែក​ក្រុម​ប្រ៊ុយណេ​វិញ បាន​សម្រាក​ពី​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​តាំង​ពី​ខែ​មិថុនា​មក បន្ទាប់​ពី​ជំនួប​មិត្តភាព​លើក​ចុង​ក្រោយ​ចាញ់​ក្រុម​សិង្ហបុរី ៥-១។ ក្រុម​បាល់ទាត់​ដែល​មាន​ចំណាត់​ថ្នាក់​អន់​ជាង​គេ​នៅ​អាស៊ាន​នេះ មិន​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​បាល់ទាត់​ពិភព​​លោក​ឆ្នាំ​២០១៨​​​ នៅ​​តំបន់​អាស៊ី ជុំ​ទី១ ឡើយ បន្ទាប់​ពី​សរុប​លទ្ធផល ២​ជើង​ចាញ់​ក្រុម​​តៃវ៉ាន់ ២-១។ ៥​ប្រកួត​​ចុង​ក្រោយ​របស់​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ​ធ្លាប់​ឈ្នះ​តែ​ម្ដង​គត់ គឺ​ឈ្នះ​នៅ​ទឹក​ដី​តៃវ៉ាន់ ១-០។ ​​​​​​​

 

ចាប់​ពី​ឆ្នាំ​២០០៨ មក ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ធ្លាប់​ប៉ះ​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ ៣​លើក ដែល​ក្នុង​នោះ​កម្ពុជា ឈ្នះ២ ចាញ់១។ កាល​​ឆ្នាំ​២០០៨ កម្ពុជា​ក្នុង​នាម​ម្ចាស់​ផ្ទះ​បាន​យក​ឈ្នះ​ក្រុម​ប្រ៊ុយណេ ២-១ នៃ​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup។ ចូល​ដល់​ឆ្នាំ២០១២ កម្ពុជា​បាន​ទទួល​ប្រ៊ុយណេ​ម្ដង​ទៀត​ក្នុង​ការ​ប្រកួត​មិត្តភាព ដោយ​ចាញ់​ក្រុម​ភ្ញៀវ​ក្នុង​លទ្ធផល ២-៣។ ជំនួប​លើក​ចុង​ក្រោយ​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៤ ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ដដែល និង​យក​ឈ្នះ​ក្នុង​លទ្ធផល ១-០។

 

​​ចាំ​អ៊ុត​មើល! ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាច​យក​ឈ្នះ​​លើ​ក្រុម​ប្រ៊ុយណេ​ដែល​មាន​ចំណាត់​ថ្នាក់ FIFA អន់​ជាង​គេ​នៅ​អាស៊ាន​ ឬ​យ៉ាង​ណា?

 

អត្ថបទ៖ គង់ វិសាល