អាល់ហ្សេរី, អេហ្ស៊ីប, អ៊ីតាលី អំពាវនាវឲ្យ លីប៊ី បង្កើតរដ្ឋាភិបាលរួបរួមជាតិមួយ

អាល់ជីស៖ ដោយសារ តែប្រទេសលីប៊ី ក្រោយបែកបាក់របបហ្គាដាហ្វី មកជាង ៤ឆ្នាំមកនេះ នៅតែមិនទាន់អាចបង្រួបបង្រួមរដ្ឋាភិបាលឡើងវិញបាន ទើបប្រទេស អាល់ហ្សេរី, អេហ្ស៊ីប, និង អ៊ីតាលី ដែលសុទ្ធសឹងតែជាប្រទេសមានទីតាំងព័ទ្ធជុំវិញលីប៊ី បានប្តេជ្ញា កាលពីថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ថានឹងជួយជម្រុញការងាររបស់អង្គការសហប្រជាជាតិ ឈានទៅរកការ បញ្ចប់ សង្គ្រាមហែកហួរគ្នា ដែលមានរយៈពេលជិតកន្លះទសវត្សរ៍នៅប្រទេសអាហ្វ្រិកខាងជើង។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា នេះទៀតថា កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេស រវាងប្រទេសទាំងបី បានធ្វើឡើងនៅរដ្ឋធានី អាល់ជីស ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយឆាប់ៗ សម្រាប់លីប៊ី។ ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីការ បរទេសអាល់ហ្សេរី អាប់ឌែលខាដឺ មេស្សាហែល បាននិយាយថា “កិច្ចព្រមព្រៀងនយោបាយ ដែលបង្កើតឡើងដោយយូអិន គឺល្មមគ្រប់គ្រាន់សម្រាប់រកច្រកចេញពីវិបត្តិលីប៊ីហើយ។”

យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀង គឺគ្រាន់តែមាននៅលើក្រដាសប៉ុណ្ណោះ ដោយហេតុនេះ ហើយរដ្ឋមន្ត្រីប្រទេសជិតខាងលីប៊ី ទាំងបីរូប បានរួមគ្នាអំពាវនាវឲ្យគ្រប់ភាគីជម្លោះទាំងអស់ នៅក្នុងប្រទេសលីប៊ី រួបរួមគ្នាឡើងវិញ ដើម្បីបង្កើតឡើងនូវរដ្ឋាភិបាលឯកភាពជាតិមួយ ដែលវានឹងបញ្ជាក់អំពីការគិតគូ ជាធំបំផុត ទៅលើផលប្រយោជន៍ប្រជាជនលីប៊ីទាំងអស់ ដែលបាននិងកំពុងរស់នៅដោយភាពភ័យខ្លាច ក្នុងសង្គ្រាមជាង ៤ឆ្នាំ មកនេះ៕

អាល់ហ្សេរី, អេហ្ស៊ីប, អ៊ីតាលី អំពាវនាវឲ្យ លីប៊ី បង្កើតរដ្ឋាភិបាលរួបរួមជាតិមួយ