ឈ្មួញ​ឈ្មោះ ស្រី​លីន មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ប្រមូល​ទិញ​ឈើ​នៅ​ស្រុក​កែវ​សីមា​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ឈ្មួញ​ឈ្មោះ ស្រី​លីន កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹក​ចេញពី​ភូមិសាស្ត្រ​ស្រុក​កែវ​សីមា​យ៉ាង​រលូន គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។ ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ការដែល​ឈ្មួញ​ឈ្មោះ ស្រី​លីន អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ចេញពី​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា គឺមាន​ការឃុបឃិត​ជាមួយ​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា និង​ប្រធាន​គ្រប់គ្រង​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា​តែម្ដង​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា​ក្នុ​យ​មួយថ្ងៃៗ​ឈ្មួញ​ឈ្មោះ ស្រី​លីន បាន​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ចាប់ពី​៥​ទៅ​១០​រថយន្ត ហើយ​មិនឃើញ​សមត្ថកិច្ច​ណា​បង្ក្រាប​ទេ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម គ្រាន់តែ​ឮថា​ជា​ឈើ​របស់​ឈ្មួញ​ឈ្មោះ ស្រី​លីន ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​ឡើយ​។ ដោយហេតុថា​ឈ្មួញ​ឈ្មោះ ស្រី​លីន មាន​ទំនាក់ទំនង​ជាមួយ​ប្រធាន​គ្រប់គ្រង​ដែន​អភិរក្ស​ជីវចម្រុះ​កែវ​សីមា នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាមុន ដូច្នេះ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ឈ្មោះ ស្រី​លីន នោះទេ​។

​តាម​ការអះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា នៅពេលដែល​ឈ្មួញ​ឈ្មោះ ស្រី​លីន ដឹកជញ្ជូន​ឈើ​មកដល់​ទីតាំង​ឈរជើង​របស់​ពួកគេ គឺ​ពួកគេ​ត្រូវតែ​បើក​បា​រ៉ា​ស់​ឲ្យ​រថយន្ត​ដឹកឈើ​ឆ្លងកាត់​យ៉ាង​រលូន ព្រោះ​មាន​បទបញ្ជា​ពី​មេៗ​ខាងលើ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ស្រី​លីន អាច​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញពី​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ឆ្លងកាត់​ឃុំ​ស្រែ​ព្រះ ក្នុង​មួយថ្ងៃៗ​ពី​៥​ទៅ​១០​រថយន្ត​ដោយ​គ្មាន​ឧបសគ្គ​អ្វី​ទាំងអស់ ព្រោះ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ​។ ចំណែក​ឈ្មួញ​ដទៃទៀត​ដែរ​មាន​ទំនាក់ទំនង​ផ្ដល់​ផលប្រយោជន៍​ឲ្យ​សមត្ថកិច្ច​ពុករលួយ​ទេនោះ តែងតែ​ប្រឈម​នឹង​ការបង្ក្រាប​ជា​បន្តបន្ទាប់​៕

7543 W@t-271023