អាជ្ញាធរ​ខេត្តកោះកុង ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ចិន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​

អាជ្ញាធរ​ខេត្តកោះកុង ដែលមាន​លោក ប៊ុន លើ​ត ជា​អភិបាលខេត្ត មិនបាន​យកចិត្តទុកដាក់​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នៅ​ស្រុក​គិរីសាគរ ដែល​ត្រូវ​ក្រុមហ៊ុន​យូ​ញៀន​ឌី​វី​ឡុ​ប​មិន របស់​ចិន​ឆក់​ប្លន់​ដីធ្លី​យ៉ាង​កំរោល​នោះទេ​។ ផ្ទុយទៅវិញ​អាជ្ញាធរ​ខេត្តកោះកុង និង​សមត្ថកិច្ច​ខេត្ត​នេះ បែរជា​បម្រើ​និង​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​យូ​ញៀន​ឌី​វី​ឡុ​ប​មិន ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​ទុក​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​បន្ត​រងទុក្ខវេទនា​គ្មាន​ទីបញ្ចប់​។ បញ្ហា​នេះ​ក្រសួងមហាផ្ទៃ​និង​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង មិន​ដោះស្រាយ​ជម្លោះដីធ្លី​ក្នុង​មូលដ្ឋាន​របស់ខ្លួន​នោះទេ​។

​កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​នៅ​ឃុំ​កោះ​ស្ដេច ស្រុក​គិ​រិ​សាគរ បន្តធ្វើ​កូដកម្ម​តវ៉ា​ដល់​ថ្ងៃទី​០៤ នៅក្បែរ​ស្នាក់ការ​ក្រុមហ៊ុន​យូ​ញៀន​ឌី​វី​ឡុ​ប​មិន ដើម្បី​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​នេះ​ផ្ដល់​ដំណោះស្រាយ​ដីធ្លី​និង​បញ្ឈប់​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ផលដំណាំ​របស់​ពួកគាត់​។ ចំណែក​អាជ្ញាធរ​ស្រុក​គិរីសាគរ និង​អាជ្ញាធរ​ខេត្តកោះកុង បែរជា​ដាក់ពង្រាយ​កម្លាំង​សមត្ថកិច្ច​ឃ្លាំមើល​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ទៅវិញ​។ រហូតមកដល់​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ប្រជាពលរដ្ឋ​រងគ្រោះ​នៅតែ​បន្ត​តវ៉ា បើទោះបី​ប្រឈម​នឹង​ការលំបាក​ដោយ​ខ្វះ​ទឹក​និង​ចំណីអាហារ​សម្រាប់​បរិភោគ​យ៉ាងណាក៏ដោយ​។

ជុំវិញ​បញ្ហា​ខាងលើនេះ​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តកោះកុង ដែល​ឃ្លាំមើល​ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន​យូ​ញៀន​ឌី​វី​ឡុ​ប​មិន ជាមួយ​ប្រជាពលរដ្ឋ​បាន​សម្ដែង​សេចក្តី​ព្រួយបារម្ភ​ខ្លាចក្រែង​សន្តិសុខ​ក្រុមហ៊ុន និង​សមត្ថកិច្ច​អាជ្ញាធរ​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​រងគ្រោះ​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​លើកឡើងថា អាជ្ញាធរ​ខេត្តកោះកុង ព្រម​ទាង​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ឈប់​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​និង​ដោះស្រាយ​សំណង​សមរម្យ​ដល់​ពួកគាត់​ផងដែរ​។ មន្ត្រី​អាជ្ញាធរ​ខេត្តកោះកុង ជាពិសេស​លោក ប៊ុន លើ​ត ជា​អភិបាលខេត្ត មិនគួរ​បម្រើ​ផលប្រយោជន៍​ក្រុមហ៊ុន​យូ​ញៀន​ឌី​វី​ឡុ​ប​មិន ដោយ​ខ្វះ​ការពិចារណា​តទៅទៀត​ទេ ព្រោះ​កន្លងមក​ក្រុមហ៊ុន​យូ​ញៀន​ឌី​វី​ឡុ​ប​មិន បាន​ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​និង​ធ្វើបាប​ប្រជាពលរដ្ឋ​ក្នុងភូមិ​កៀន​ប្រង់ ឃុំ​កោះ​ស្ដេច ស្រុក​គិរីសាគរ យ៉ាង​ព្រៃផ្សៃ​បំផុត​៕

61