​អាជ្ញាធរ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង មិន​បង្ក្រាប​អាជីវកម្ម​ជីក​រ៉ែ​មាស​ខុសច្បាប់​

ប្រជាពលរដ្ឋ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​រាយការណ៍​មក​ថា អាជីវកម្ម​រ៉ែ​មាស​ជាច្រើន​កន្លែង ពេលនេះ​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ ក្នុងស្រុក​ភ្នំព្រឹក តែ​អាជ្ញាធរ​ដែនដី​បែរជា​ធ្វើ​មិនដឹង ហើយ​ថា មិនអាច​បង្ក្រាបបាន​ទៅវិញ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​សកម្មភាព​ជីក​រ៉ែ​ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​យ៉ាង​ជាក់ស្តែង​ដែល​បញ្ហា​នេះ​មិនគួរណា​សមត្ថកិច្ច​អះអាងថា​មិនអាច​បង្ក្រាបបាន​នោះទេ ព្រោះ​វា​បង្ហាញ​ពី​ការអនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព​នៅ​កម្ពុជា​។​

​ចំពោះមុខ​បញ្ហា​នេះ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបាត់ដំបង លោក អ៊ា​ន មាឃ បាន​ថ្លែងថា កន្លងមក​លោក​ធ្លាប់បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ធ្វើការ​ហាមឃាត់​ដែរ ប៉ុន្តែ​ក្រុម​ជនល្មើស​ទាំងនោះ​នៅតែ​បន្តធ្វើ​សកម្មភាព​ដដែល ក្រោយមក​លោក​ក៏បាន​ប្រគល់​តួនាទី​នេះ​ឲ្យ​ទៅខាង​អាជ្ញាធរ​ស្រុក ដែលមាន​មេបញ្ជាការ​កងឯកភាព​ស្រុក ទើប​អាច​ហាមឃាត់​បាន ព្រោះ​គេ​អាច​បញ្ជា​កម្លាំង​សមត្ថកិច្ច​បាន​ច្រើន​នៅ​មូលដ្ឋាន​ផ្ទាល់​តែម្តង​។ ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ស្រុក​ភ្នំព្រឹក​បាន​បង្ហើប​ថា រហូតមកដល់​ពេលនេះ អាជ្ញាធរ​ស្រុក​មិនបាន​បង្ក្រាប​បទល្មើស​ខាងលើ​ដូចដែល​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបាត់ដំបង លោក អ៊ា​ន មាឃ បាន​អះអាង​នោះទេ ហើយ​សព្វថ្ងៃនេះ​អាជីវកម្ម​ជីក​រ៉ែ​មាស​ខុសច្បាប់​នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​ដដែល​។​

​ប្រជាពលរដ្ឋ​ស្រុក​ភ្នំព្រឹក​បានបញ្ជាក់​ថា អាជីវកម្ម​រ៉ែ​មាស​ជាច្រើន​កន្លែង គ្មាន​ច្បាប់ទម្លាប់​អ្វី​នោះទេ ហើយ​បាននិងកំពុង​ធ្វើ​សកម្មភាព​ជីករណ្តៅ​ជម្រៅ​ជ្រៅ​រាប់សិប​ម៉ែត្រ ដែល​កន្លងមក​ធ្លាប់​បង្ក​ឲ្យ​មានការ​បាក់​ដី​សង្កត់ក​ម្មករ​ស្លាប់​ទៀតផង តែ​អាជ្ញាធរ​នៅតែ​មិន​អើពើ​ដដែល​។ ដោយឡែក​មន្ត្រី​បរិស្ថាន​ខេត្តបាត់ដំបង​មួយរូប​បាន​បង្ហើប​ថា ការបង្ហូរ​ទឹក​គីមី​វិញ គឺ​គេ​បង្ហូរ​ពាសវាល​ពាសកាល បង្ក​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​ជះក្លិន​ស្អុយ​ប៉ះពាល់​សុខភាព​យ៉ាងខ្លាំង​។ មន្ត្រី​ដដែល​នេះ​បាន​បង្ហើប​ថា បើ​គ្មាន​ផលប្រយោជន៍​ដល់​អាជ្ញាធរ​ស្រុក នោះ​ពួកគេ​នឹង​បង្ក្រាប​មិន​ខាន ព្រោះ​មិនអាច​ទុក​បទល្មើស​ឲ្យ​ខូច​ឈ្មោះ​ដល់​ពួកគេ​ដោយ​មិនបាន​ទទួលផល​ប្រយោជន៍​ឡើយ​៕

AhuMPhKdie8O0XI_eP0oQPtflrDPFRdE4M_A17O58A6V Ak6BDGxsmIfKzWg1i9Rltv-RSoFj08LzZQkhrpk0GZ-Q