យុវតី Cute cute ប្រាប់​អាថ៌កំបាំង​ងាយ​ៗ​​រក្សា​ផ្ទៃ​មុខ​ស្អាត​


យុវតី Cute cute ប្រាប់​អាថ៌កំបាំង​ងាយ​ៗ​​រក្សា​ផ្ទៃ​មុខ​ស្អាត​

ផ្ទៃ​មុខ​ជា​ផ្នែក​សំខាន់​ជាង​គេ ដែល​មនុស្ស​រាល់​គ្នា​តែង​រំពៃ​ចង់​បាន​ស​ស្អាត ស្រស់​ថ្លា និង​គ្មាន​ស្នាម។ Sabay បាន​សាក​សួរ​យុវតី​ខ្លះ​ៗ​ពី​វិធី​ងាយ​ៗ​ក្នុង​ការ​ថែរក្សា​ផ្ទៃ​មុខ​របស់​ពួក​គេ នា​រដូវ​ធ្លាក់​ខ្យល់​នេះ។

 

 

យុវតី Cute cute ប្រាប់​អាថ៌កំបាំង​ងាយ​ៗ​​រក្សា​ផ្ទៃ​មុខ​ស្អាត​

រូបតំណាង

 

សម្រាប់ យុវតី សា​ណាយ ចិន្ដា សិស្ស​រៀន​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​នៅ​បាក់​ទូក បាន​ចែក​រំលែក​ថា វិធី​ថែរក្សា​ស្បែក​មុខ​ឲ្យ​ស្រស់​ស្អាត​របស់​កញ្ញា ​ ភាគ​ច្រើន​ថែ​ទាំ​ដោយ​ប្រើ​ផលិតផល​ធម្មជាតិ។

 
កញ្ញា និយាយ​ថា៖ “ឲ្យ​តែ​ពេល​ទំនេរ ខ្ញុំ​តែង​តែ​បិទ​ម៉ាស​ដែល​ធ្វើ​ពី​ផ្លែឈើ​ផ្សេង​ៗ ដូច​ជា ចេក​ទុំ ត្រសក់ ប៉េងប៉ោះ ដោយ​ចិត​ស្ដើង​ៗ​រួច​បិទ​លើ​មុខ​ប្រហែល​១០​នាទី។ មួយ​ទៀត ខ្ញុំ​យក​​ដំឡូង​បារាំង​មួយ​ចំណិត​ទៅ​ចំហុយ រួច​លាយ​ជា​មួយ​ទឹក​ដោះ​គោ​ឆៅ បិទ​លើ​មុខ​ព្រោះ​វា​អាច​ជួយ​បន្តឹង​ស្បែក​មុខ ធ្វើ​ឲ្យ​ម៉ត់​ស ដោយ​ធ្វើ​វា​២​ដង​ក្នុង​១​អាទិត្យ។ ប្រើ​កាក​តែដែលឆុងរួចមកបិទលើមុខ  ក៏​ជួយ​បំបាត់​ស្នាម​អុជ​ខ្មៅ​ៗ​លើ​មុខ​បាន​ដែរ”។

 

 

យុវតី​អាយុ​២១​ឆ្នាំ រូប​នេះ ប្រាប់​ថា ​នាង​ជា​មនុស្ស​ស្រលាញ់​ស្បែក​មុខ​ ម្ល៉ោះ​ហើយ ឲ្យ​តែ​ពេល​ទំនេរ ឆ្លៀត​ពី​ការ​សិក្សា​នាង​តែង​ចូល​មើល​គេហទំព័រ​សុខ​​ភាព​និង​សម្រស់​ដើម្បី​ទទួល​បាន​ចំណេះដឹង​ថ្មី​ប្លែក​ទុក​គ្រាន់​អនុវត្ត​។

 

រី​ឯ កញ្ញា ទេព បុទុម មក​ពី​វិទ្យាល័យ​ព្រះ​យុ​គន្ធរ បាន​ប្រាប់​ថា ខែ​ធ្លាក់​ខ្យល់​ស្បែក​មុខ​ប្រាកដ​ជា​ប្រេះ​បែក​ស្រ​ការ គ្រើម​មើល​ទៅ​មិន​ស្អាត។ប៉ុន្តែ​កញ្ញា​ដោះ​ស្រាយ​បញ្ហា​ដោយ​លាប​ឡេ​ដើម្បី​ជួយ​ឲ្យ​ស្បែក​មាន​សំណើម និង​មើល​ទៅ​ស្រស់​ថ្លា។

 

មួយ​វិញ​ទៀត យក​ពង​មាន់​ស្រែ​ដោយ​ប្រើ​តែ​សាច់​ក្រហម​មក​លាប​មុខ ឬ​យក​ដុំ​ទឹក​កក​មក​លុញ​លើ​ផ្ទៃ​មុខ​ប្រហែល​៥​នាទី ក៏​ជួយ​ស្បែក​មុខ​តឹង​មិន​ជ្រួញ​ទៀត​ផង។ ក្រៅ​ពី​នេះ សិស្ស​រៀន​ថ្នាក់​ទី​១១​រូប​នេះ បន្ត​ថា​ផឹក​ទឹក​​ឬ​ទឹក​ផ្លែ​ឈើ​ច្រើន​ក៏​ជួយ​ឲ្យ​ស្បែក​មុខ​មាន​សំណើម​ស្រស់​ថ្លា​ផង​ដែរ។​

 

​ងាក​មក​និស្សិត​ឆ្នាំ​ទី​១ ផ្នែក​ទេសចរណ៍​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង កញ្ញា ធីតា​ ទម្លាយ​ឲ្យ​ដឹង​ថា វិធី​ក្នុង​ការ​ថែ​ស្បែក​មុខ​ឲ្យ​ស្អាត​របស់​កញ្ញា​ងាយ​ទេ ហើយ​ក៏​មិន​ចំណាយ​លុយ​អី​ច្រើន​ដែរ ។

 
ពេល​ចេញ​ក្រៅ​ទៅ​ណា​មក​ណា ខ្ញុំ​ពាក់​ម៉ាស ឬ​មួក​មាន​ហាប​ធំ​ៗ ព្រោះ​វា​អាច​ជួយ​ការពារ​កម្ដៅ​ថ្ងៃ​ចាំង​ជះ​មក​លើ​ស្បែក​មុខ​បាន។ មួយ​ទៀត លុប​លាង​មុខ​ក្រោយ​ចេញ​ក្រៅ ព្រោះ​វា​អាច​ជម្រះ​ធូលី​ដែល​ទុំ​លើ​ផ្ទៃមុខ ប៉ុន្តែ​មិន​ត្រូវ​លាង​ភ្លាម​ៗ​ ពេល​មក​ពី​ត្រូវ​កម្ដៅ​ខាង​ក្រៅ​នោះ​ទេ។ ចាំ​៥​ឬ​១០​នា​ទី​សឹម​លាង​ផ្ទៃ​មុខ​ចេញ ព្រោះ​បើ​លាង​ភ្លាម​ៗ​អាច​បណ្ដា​ឲ្យ​ជាំ​មុខ​បាន៕

 
សម្រាប់​យុវតី​ដទៃ​ទៀត មាន​វិធី​ថែរក្សា​ស្បែក​មុខ​យ៉ាង​ណា អាច​ចែក​រំលែក​ជា​មួយSabay បាន​ទេ?

 

 

សូមអាន    ដឹង​អត់​ថា ខែ​ធ្លាក់​ខ្យល់​ប៉ះពាល់​ស្បែក​ខ្លាំង​រហូត​ដល់​ជ្រួញ និង​ឡើង​អាចម៍​រុយ?

 

 

អត្ថបទ៖ លឹម សុ​នា