គ.ជ.បនិងក្រសួង មហាផ្ទៃ រួមគ្នាធ្វើយ៉ាងណា ឲ្យពលរដ្ឋ បោះឆ្នោតគ្រប់គ្នា

ភ្នំពេញ ៖ លោកបណ្ឌិត ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹក ថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥នេះ បានថ្លែងឲ្យដឹងថា គ.ជ.បបន្តសហការ ជាមួយអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នៃក្រសួង មហាផ្ទៃដើម្បី រិះ រកគ្រប់វិធីសាស្រ្ត ឲ្យប្រជាពលរដ្ឋ មានឈ្មោះបោះឆ្នោតនៅឆ្នាំ ២០១៧-២០១៨ខាងមុខ ។

លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ថា មន្រ្តីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ កំពុងតែដុតដៃដុតជើង ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ តែបើធ្វើមិន បានគ្រប់ចំនួននិងតាមកាលកំណត់ទេ គ.ជ.ប នឹងសហការជាមួយអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ធ្វើការរួមគ្នាបង្កើតជាឯកសារបញ្ជាក់អត្តសញ្ញាណ ជាក់លាក់មួយ ដែលអាចឲ្យប្រជាពលរដ្ឋចុះឈ្មោះ និងចូលរួមបោះឆ្នោតបាន ។

មន្រ្តីជាន់ខ្ពស់រូបនេះបន្ថែមថា “រវាងស្ថាប័នយើងទាំងពីរ (គ.ជ.បនិងអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ) នឹងមិនបណ្ដែតបណ្ដោយឲ្យប្រជាពលរដ្ឋអត់បានចុះឈ្មោះនោះទេ”។

 គួរបញ្ជាក់ថា គ.ជ.បគ្រោងជួបជាមួយក្រសួងមហាផ្ទៃ សហភាពអឺរ៉ុប និងអ្នកជំនាញការបោះឆ្នោត ក្នុងពេល ឆាប់ៗខាងមុខ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយ ឲ្យប្រជាពលរដ្ឋ បានចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា និងទាន់ ពេលវេលា ។  ដោយឡែកពេលវេលា និងទីកន្លែងភាគីទាំងពីរ មិនទាន់បានកំណត់ជាក់លាក់នោះទេ ៕