ជនជាតិ​ជ​ប៉ុន​បោះទុន​ជាង​30​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​បង្កើត​ភោជនីយដ្ឋាន

រាជធានី​ភ្នំពេញ ៖ ភោជនីយដ្ឋាន​ជប៉ុន​មួយ​កន្លែង​ស្ថិត​តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​បឹង​កេងកង ដែល​ចំណាយ​ទុន​ប្រមាណ​៣០​ម៉ឺន​ដុល្លា​អា​មេ​រិ​ក​នោះ បាន​បើក​ដំណើរការ​ដើម្បី​ផ្ដល់​ឱកាស​ដល់​ជនជាតិ​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ខ្លួន គឺ​ពី​បុគ្គលិក​ទទួល​ប្រាក់ខែ​គេ ឱ្យ​ក្លាយទៅជា​អ្នកមាន​អាជីវកម្ម​ផ្ទាល់ខ្លួន ។

នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ភោជនីយដ្ឋាន Katanashi កាលពី​ល្ងាច​ថ្ងៃ​ទី​១ វិច្ឆិកា លោក យ៉ា​ណូ ម្ចាស់​ភោជនីយដ្ឋាន Katanashi ឱ្យ​ដឹង​ថា ៖ «​រូប​ខ្ញុំ កាលពីដើម​ឡើយ គ្រាន់​តែ​ជា​អ្នកបម្រើ​ការ​ឱ្យ​គេ (​អ្នក​លាងចាន​) ក្នុង​ភោជនីយដ្ឋាន​ប៉ុ​ណ្ណោះ ប៉ុន្តែ​ក្រោយមក​ដោយសារ​ការ​ខិតខំ​ព្យាយាម និង​ទទួល​បទ​ពិសោធន៍ ខ្ញុំ​ក៏​ឈប់​ពី​ការងារ​នោះ ហើយ​​មក​បើកហាង​ខ្លួនឯង​តូច​មួយ ។ ខ្ញុំ​បាន​បើកហាង Katanashi នៅ​ប្រទេស​ជប៉ុន បន្ទាប់​មក​ក៏​ពង្រីក​សាខា​រហូត​ដល់​ក្រៅប្រទេស​មាន សិង្ហ​បុរី និង​កម្ពុជា ជាដើម​» ។

លោក​បន្ត​ថា ៖ «​កាលពី​១០​ឆ្នាំ​មុន ខ្ញុំ​គ្រាន់តែ​មានមុខ​ជំនួញ​តូច​មួយ និង​ចង់​បង្កើត​ភោជនីយដ្ឋាន​ខ្លួនឯង​ឱ្យ​បាន​សាយភាយ​នៅ​ទូ​ទាំង​អាស៊ី ហើយ​ក្តី​សុបិន​នេះ ក៏​បាន​ផុស​ចេញពី​ការងារ​របស់ខ្ញុំ ដែល​កាល​មុន​គ្រាន់តែ​ជា​អ្នក​លាងចាន​ក្នុង​ភោជនីយដ្ឋាន​ប៉ុណ្ណោះ​។ មូលហេតុ​ដែល​ខ្ញុំ​ឈាន​ដល់​ការ​បើក​ភោជនីយដ្ឋាន Katanashi នៅ​កម្ពុជា​ពេល​នេះ ព្រោះតែ​ខ្ញុំ​ស្រឡាញ់ និង​ចង់​ជួយ​ដល់​បុគ្គលិក​កម្ពុជា ជា​ពិសេស ក្មេង​កំព្រា​នៅ​ក្នុង​អង្គការ​មួយ​របស់​ជប៉ុន​នៅ​កម្ពុជា ដើម្បី​ឱ្យ​ពួក​គេ​មានការ​ងារ​ធ្វើ និង​ទទួល​បទ​ពិសោធន៍​ការងារ​ពី​ផ្នែក​ភោជនីយដ្ឋាន ។ ម្យ៉ាងទៀត ដោយសារ​សព្វ​ថ្ងៃនេះ តម្រូវការ​មុខម្ហូប​ជប៉ុន ឬ​អាស៊ី​នៅ​កម្ពុជា​ក៏​មាន​ច្រើន និង​ដើម្បី​ងាយស្រួល​ស្វែងរក​ម្ហូប​ជប៉ុន និង​អាស៊ី​ទទួលទាន ទើប​ភោជនីយដ្ឋាន Katanashi លេច​រូបរាង​នៅ​កណ្ដាល​ទីក្រុង​តែ​ម្ដង​» ។

លោក​បន្ត​ទៀត​ថា ៖ «​ការ​បើក​ភោជនីយដ្ឋាន​នេះ​ឡើង គឺ​មានការ​សហការ​ជាមួយ​វិនិយោគិន​ខ្មែរ​ម្នាក់ ហើយ​ទុន​ក្នុង​ការ​បង្កើត​ភោជនីយដ្ឋាន Katanashi ត្រូវ​ចំណាយ​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ភោជនីយដ្ឋាន Katanashi នេះ​នឹង​មាន​វត្ត​មាននៅ​កន្លែង​ផ្សេង​ៗ​ជា​បន្តបន្ទាប់​នៅ​កម្ពុជា ជា​ពិសេស រាជធានី​ភ្នំពេញ ។ ចំណែក​គោលដៅ​ភោជនីយដ្ឋាន Katanashi មិនមែន​សម្រាប់​តែ​សម្រាប់​ជនជាតិ​ជប៉ុន​ចំនួន (២០%) នៅ​កម្ពុជា​បុ​៉​ណ្ណោះ​ទេ ក្រៅពី​នោះ ក៏​ចង់ឱ្យ​ពលរដ្ឋ​ខ្មែរ​បាន​ស្គាល់ និង​ភ្លក់​រសជាតិ​ម្ហូប​ជប៉ុន និង​អាស៊ី​ឱ្យ​កាន់តែ​ច្រើន​ឡើង​» ។

គួរ​បញ្ជាក់​ថា ភោជនីយដ្ឋាន Katanashi បាន​ពង្រីក​សាខា​ទាំង​ក្នុង​ប្រទេស​ជប៉ុន និង​ក្រៅប្រទេស​បាន​ចំនួន​៥​កន្លែង​ហើយ​មាន​ទាំង​សិង្ហ​បុរី និង​កម្ពុជា​ផង​ដែរ ៕