ការ​ផ្តល់​ឥណទាន​លើក​ទី​2 នឹង​ជួយ​កសិករ​ទិញ​គ្រឿងចក្រ​កសិកម្ម​ត្រៀម​ប្រកួតប្រជែង​ក្នុង AEC

ប្រទេស​ថៃ ៖ ធនាគារ​រដ្ឋ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​កសិកម្ម នឹង​ពង្រីក​បន្ថែម​នូវ​ទំហំ​ឥណទាន​ប្រមាណ​ជា​២០​ប៊ី​លាន​បាត ដើម្បី​ជួយ​ដល់​បណ្តា​កសិករ​សម្រាប់​ទិញ​គ្រឿងចក្រ​កសិកម្ម ស្រប​ពេល​ដែល​ពួក​គេ​បាន​ត្រៀមខ្លួន​ប្រកួតប្រជែង​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន ក្រោម​ដំបូល​សមាគម​សេដ្ឋកិច្ច​អាស៊ាន ។

ប្រធាន​ធនាគារ​ខាងលើ លោក Luck Wajananawat មាន​ប្រសាសន៍​ថា ៖ «​ទំហំ​ឥណទាន​នេះ​ជា​កម្ចី​ការ​ប្រាក់​ទាប​លើក​ទី​២ បន្ទាប់​ពី​ទឹកប្រាក់​ប្រមាណ​៣២​ប៊ី​លាន​បាត​បាន​ផ្តល់​ឲ្យ​កសិករ​ចំនួន​៧៧.០០០​នាក់​រួច​មក​ហើយ ដែល​ជា​មធ្យម​៣​ម៉ឺន​បាត​ក្នុង​ម្នាក់​» ។

លោក​បន្ថែម​ថា ៖ «​ឥណទាន​នេះ​ដែរ​ត្រូវ​គេ​រំពឹង​ថា នឹង​ជួយ​ដល់​កសិករ​ដើម្បី​ប្រឹងប្រែង​កាន់តែ​ប្រសើរ​ជាង​មុន​ក្នុង​ផ្នែក​គ្រឿងចក្រ​ធ្វើ​កសិកម្ម ដែល​នឹង​បង្កើន​ផលិតភាព​កសិកម្ម​របស់​ពួក​គេ និង​កាត់​បន្ថយ​ការ​ចំណាយ​ផ្នែក​ផលិតកម្ម​បន្ថែម​ទៀត គ្រា​ដែល​វិស័យ​នេះ​គ្មាន​កម្លាំង​ពលកម្ម​» ។

ម្យ៉ាងទៀត ឥណទាន​នេះ​មាន​គោលដៅ​ជួយ​ដល់​កសិករ​ថៃ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រើប្រាស់​គ្រឿងចក្រ​ទំនើប​ៗ និង​កាត់​បន្ថយ​ខ្ទង់ចំណាយ​លើ​កម្លាំង​ពលកម្ម​ទៀត​ផង ។

លើស​ពី​នេះ​ទៀត វា​ក៏​គ្របដណ្តប់​ក្រោម​គោលការណ៍​យានយន្ត​ធ្វើ​កសិកម្ម រថយន្ត​ភិ​ក​អាប់ (​មួយ​បាំង​កន្លះ​) និង​យាន​ប្រភេទ​ដទៃ​ទៀត​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ផ្នែក​កសិកម្ម ។

លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ «​កសិករ​ក៏​អាច​ប្រើប្រាស់​ឥណទាន​សម្រាប់​ទទួល​បាន​ហិរញ្ញវត្ថុ​ជាប់បំណុល​សា​ជា​ថ្មី តាម​រយៈ​ការ​ទិញ​រថយន្ត​ដឹក​ទំនិញ​កសិកម្ម ឬ​រថយន្ត​ភិ​ក​អាប់​ជាដើម ។ ឥណទាន​នេះ​នឹង​គ្របដណ្តប់​៨០% នៃ​តម្លៃ​រថយន្ត ឬ​គ្រឿងចក្រ​កសិកម្ម​» ។

គោលការណ៍​នេះ​នឹង​ប្រតិបត្តិការ​ក្នុងអំឡុងពេល​៣​ឆ្នាំ រហូត​ដល់​ឆ្នាំ​២០១៨ ពោល​គឺ​កំណត់​ឲ្យ​ខ្ចី​ចំនួន​៥០​ម៉ឺន​បាត​ក្នុង​ម្នាក់ ។

ធនាគារ​កំពុង​គិតគូរ​អំពី​ឥណទាន​ពិបាក​ទារ​ផង​ដែរ ដែល​បាន​កើនឡើង​ជិត​៦% នៃ​ឥណទាន​មិន​ទាន់​ទូទាត់​សង​អស់​កាលពី​ចុងខែ​កញ្ញា ។ វា​ត្រូវ​បាន​ជំរុញ​ដោយ​តម្លៃ​ផលិតផល​កសិកម្ម​ចុះថោក និង​ភាព​អវិជ្ជមាន​បំផុត​នៃ​គ្រោះ​រាំង​ស្ងួត​ក្នុង​មួយ​ទសវត្សរ៍​នេះ ។

ចំពោះ​ការ​កើនឡើង​នៃ​ការ​ស្នើ​សុំ​របស់​បណ្តា​កសិករ​ថៃ កំពុង​តែ​ប្រឈម​នឹង​ភាព​ផុយ​ស្រួយ​ផ្នែក​ហិរញ្ញវត្ថុ ស្រប​ពេល​ដែល​បងប្អូន​កសិករ​បាន​ប្រឹងប្រែង​ដោះបំណុល​ទាំងនោះ ។

គួរ​រំឭក​ដែរ​ថា ឆ្នាំ​សារពើពន្ធ​របស់​ធនាគារ​នេះ​បាន​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​១ មេ​សា ដល់​ថ្ងៃ​ទី​៣១ មីនា ។

លោក Luck Wajananawat បង្ហាញ​ថា ៖ «​ធនាគារ​រដ្ឋ​ខាងលើ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ដដែល​ថា អត្រា​ឥណទាន​មិន​ដំណើរការ​នឹង​មាន​កម្រិត​ទាប​ជាង​មុន​៤% នៅ​ចុងឆ្នាំ​សារពើពន្ធ​ឆ្នាំ​នេះ​» ។

ដើម្បី​ពង្រឹង​ប្រតិបត្តិការ​របស់​ធនាគារ ក្រសួង​ហិរញ្ញវត្ថុ​បាន​តម្រូវ​ឲ្យ​ធនាគារ​រដ្ឋ​ផ្នែក​កសិកម្ម​មួយ​នេះ​រក្សា​អត្រា​ទុន​គ្រប់គ្រាន់​ក្នុង​កម្រិត​មិន​តិច​ជាង​១០% ឡើយ ។
លោក​បន្ថែម​ថា ៖ «​ធនាគារ​អាច​បង្កើន​មូលធន​បាន ប្រសិនបើ​កម្រិត​នោះ​ធ្លាក់​ចុះ​ក្រោម​កម្រិត​ទាប​បំផុត ។ ម្យ៉ាងទៀត ក្រសួង​ហិរញ្ញវត្ថុ ក៏​បាន​បង្ហាញ​ការ​គាំទ្រ ក្នុង​ករណី​ធនាគារ​នេះ​ត្រូវការ​បង្កើន​ដើមទុន​ដែរ​» ៕