អនុប្រធានបក្ស របស់លោក ម៉ម សូណង់ដូ ចូលបំភ្លឺបណ្តឹង សុំរំលាយ បក្សនៅថ្ងៃស្អែក

ភ្នំពេញ៖ លោក ហ៊ាង ឫទ្ធី អនុប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ រួមនិងអគ្គលេខាធិការ អគ្គលេខា ធិការរង ៣នាក់ផ្សេងទៀត នឹងចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ០៤ ខែវិច្ឆិកា ស្អែកនេះ ដើម្បីបំភ្លឺលើបណ្តឹងសុំរំលាយបក្សនយោបាយ ដែលទើបដុះពន្លកបានរយៈពេលជិត២ខែមួយនេះ។

លោក ហ៊ាង ឫទ្ធី បានបញ្ជាក់ថា លោក នឹងចូលទៅបំភ្លឺនៅវេលាម៉ោងប្រមាណ ៩ព្រឹក។ បើតាម លោក ហ៊ាង ឫទ្ធី សមាសភាព ដែលនឹងចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញស្អែកនេះ រួមមាន រូបលោក ដែលជាអនុប្រ ធានបក្ស លោក ញ៉ែម វណ្ណថន អគ្គលេខាធិការបក្ស ព្រមទាំងអគ្គលេខាធិការរង ដែលទទួលបន្ទុកផ្នែកចាត់តាំងទូទាំងប្រទេស និង ផ្នែកហិរញ្ញិក។

គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើសមាជបោះឆ្នោតជ្រើសរើសប្រធាន និង អនុប្រធានកាលពីថ្ងៃទី០៩ ខែកញ្ញា ដោយលោក ម៉ម សូណង់ដូ ត្រូវបានជ្រើសតាំងធ្វើជាប្រធាន លោក ហ៊ាង ឫទ្ធី និង លោក ហារី សំអាត ជាអណិកជនខ្មែរមកពីសហរដ្ឋអាម៉េរិក ធ្វើជាអនុប្រធានគណបក្ស។

គណបក្សនយោបាយ ដែលប្រកាសបង្ហាញជំហររបស់ខ្លួនថា បង្កើតឡើង ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជួយសង្រ្គោះកម្ពុជាចេញពីរបបផ្តាច់ការជាដើមនោះ បន្ទាប់ពីការប្រកាសជាផ្លូវការមិនទាន់ប៉ុន្មានផង ក៏ត្រូវបានមន្រ្តីជាន់ខ្ពស់ និងជាស្ថាបនិកបក្សមួយនេះ ដាក់ពាក្យប្តឹងទៅកាន់តុលាការសុំរំលាយវិញ ដោយចោទប្រកាន់ថា លោក ម៉ម សូណង់ដូ ប្រធានគណបក្ស បានប្រព្រឹត្តអំពើពុករលួយ និង កិបកេងលុយសប្បុរសជនទៅប្រើជាប្រ យោជន៍ផ្ទាល់ខ្លួន។

លោក ហ៊ាង ឫទ្ធី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា «លោក ម៉ម សូណង់ដូ ជាអ្នកប្រជាធិបតេយ្យក្លែង ក្លាយ ប្រជាធិបតេយ្យតែមាត់ តែគាត់ (លោក ម៉ម សូណង់ដូ) ផ្តាច់ការ និង ពុករលួយ ជាងបក្សកាន់អំណាចទៅទៀត»។ លោក ហ៊ាង ឫទ្ធី បានអះអាងទៀតថា ធាតុពិតរបស់លោក ម៉ម សូណង់ដូ គឺផ្ទុយស្រឡះពីពាក្យពេចន៍ ដែលគាត់ធ្លាប់បាននិយាយចំពោះមុខមហាជន។

លោក ហ៊ាង ឫទ្ធី បានបញ្ជាក់ថា លោក ម៉ម សូណង់ដូ តែងតែយកថវិកាជំនួយរបស់សប្បុរសជនចាយវាយផ្ទាល់ខ្លួនជាមួយភរិយា ដែលផ្ទុយពីលក្ខន្តិកៈរបស់គណបក្ស។

លោក ហ៊ាង ឫទ្ធី ក៏បានបង្ហាញភាពជឿជាក់របស់ខ្លួនផងដែរ គណបក្សនេះ នឹងអាចរំលាយបានទៅតាមអំណាច របស់តុលាការ ព្រោះសំអាងហេតុ និងភស្តុតាងស្តីពីការប្រព្រឹត្តអំពើពុករលួយ និងការកិបកេងប្រាក់ របស់លោក ម៉ម សូណង់ដូ គឺពួកលោកមានគ្រប់គ្រាន់ទាំងអស់៕

អនុប្រធានបក្ស របស់លោក ម៉ម សូណង់ដូ ចូលបំភ្លឺបណ្តឹង សុំរំលាយ បក្សនៅថ្ងៃស្អែក