លោក មិន ឃិ​ន ដឹកនាំ​ប្រតិភូ​មក​ពី​ប្រទេស​ថៃ​ដង្ហែ​អង្គ​កឋិនទាន​​ចូល​​វត្ត​អង្គ​ពន្លឺ

​ខេត្ត​កំពត ៖ លោក មិន ឃិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ​ និង​សាសនា​ និង​លោកស្រី​ជា​ភរិយា ​កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​ដឹកនាំ​ប្រតិភូ​មក​ពី​ព្រះរាជាណាចក្រ​ថៃ​ព្រមទាំង​ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​​​ដង្ហែ​អង្គ​កឋិនទាន​សាមគ្គី​ ដើម្បី​ប្រមូល​បច្ច័យ​វេរ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​អស់​​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​វត្ត​អង្គ​ពន្លឺ ស្ថិត​នៅ​ឃុំ​តានី ស្រុក​អង្គរ​ជ័យ ​។

លោក មិន ឃិ​ន មាន​​ថ្លែង​ថា ការ​ដង្ហែ​អង្គ​កឋិន​ពី​ប្រទេស​ថៃ​មក​ប្រគេន​ព្រះសង្ឃ​ដែល​កំពុង​គង់​ចាំ​ព្រះ​វស្សា​នា​ពុទ្ធ​សីមា​វត្ត​អង្គ​ពន្លឺ​នា​ពេល​នេះ​ ​​ក្នុង​ន័យ​ពង្រីក​ចំណង​មិត្តភាព សាមគ្គីភាព​ រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ​ ដែល​មាន​ប្រពៃណី​ទំនៀមទម្លាប់​ដូច​គ្នា ​ហើយ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ គឺ​មានការ​គោរព​ស្រឡាញ់​គ្នា​យ៉ាង​ជិត​ស្និ​ទ្ធ ​ដែល​បាន​ចាត់​ទុក​ថា ​ប្រទេស​​​ទាំង​ពីរ​ជា​ភូមិ​ផង​របង​ជាប់​​គ្នា​ និង​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ដូច​គ្នា​ ។

លោក​បញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ​និង​គុណធម៌​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទាំងមូល​ទទួល​បាន​សុខ​សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព​ និង​ការ​អភិវឌ្ឍ​សង្គម ​និង​សេដ្ឋកិច្ចជាតិ​ ក្នុង​នោះ ​វិស័យ​ព្រះពុទ្ធ​សាសនា ​ក៏​មានការ​រីក​ចម្រើន​​គួរ​ជាទី​មោ​ទ​នៈ​ផង​ដែរ​ ។

លោក មិន ឃិ​ន បាន​បន្ត​​ថា តាម​បវេណី​ព្រះពុទ្ធ​សាសនា ​បុណ្យ​កឋិនទាន ​គឺ​ប្រារព្ធ​ធ្វើ​ឡើង​បន្ទាប់​ពី​ចេញ​ព្រះ​វស្សា​ ដើម្បី​នាំ​យក​ស្បង់​ចីវរ​ទៅ​ប្រគេន​ព្រះសង្ឃ ដោយឡែក ​អង្គ​កឋិនទាន ​គឺ​ត្រូវ​បាន​ប្រជា​ពុទ្ធបរិស័ទ​ដង្ហែ​ចូល​ទី​វត្ត​អារាម​នានា​ ដោយ​ពុំ​មាន​វត្ត​ណាមួយ​ខកខាន​បាន​ឡើយ ​ចាប់ពី​ថ្ងៃ​១​រោច ​ខែអស្សុជ​ដល់​ថ្ងៃ​១៥​កើត ​ខែ​ក​ត្តិក​ ​​បើ​ទី​អារាម​ណាមួយ​មិន​មាន​អង្គ​កឋិន​​​ពីទី​​ឆ្ងាយ​ហែ​ចូល​​នោះ​ទេ ក៏​មាន​ប្រជា​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ជា​អ្នក​​​រៀបចំ​​​ធ្វើ​​ដែរ ​។

​ការ​ដង្ហែ​អង្គ​កឋិនទាន​ទៅ​កាន់​ទី​វត្ត​អារាម​នីមួយ​ៗ​ដែល​គេ​រៀបចំ​ធ្វើ​ឡើង​យ៉ាង​​អធិក​អធម​សប្បាយ​រីករាយ​ក្រៃ​លែង ដោយ​អ្នក​ផ្តើមបុណ្យ​បាន​រៀបចំ​បរិក្ខារ​កឋិន មាន​ត្រៃចីវរ សង្ឃាដី ស្បង់ ព្រមទាំង​​​ទេយ្យទាន​ផ្សេង​ៗ​ទៀត ​ដូច​ជា បាត្រ ចានស្រាក់ កាំបិត ម្ជុល ថង់ យាម ឆត្រ ជាដើម សព្វគ្រប់​អស់ហើយ​ គេ​នាំ​គ្នា​ហែ​ទៅ​ទី​វត្ត​អារាម​ដែល​បាន​កំណត់​ទុក ​។

លោក មិន ឃិ​ន រួម​ជាមួយ​ពុទ្ធបរិស័ទ​ម្ចាស់​ដើមអង្គ​​កឋិន​​ទាន​បាន​ប្រគេន​បច្ច័យ​ដែល​បាន​ពី​អង្គ​កឋិន​សាមគ្គី​ ក្នុង​នោះ​បច្ច័យ​​​មក​ពី​ប្រទេស​ថៃ​ចំនួន​១១.២០០​ដុល្លារ ​និង​បច្ច័យ​​ចំណុះ​ជើងវត្ត​ចំនួន​១១.៣៥៣.៨០០​រៀល​ និង​បាន​ប្រគេន​ព្រះ​អង្គ​ក្រាល​គ្រង​២០​ម៉ឺន​រៀល ព្រះ​អង្គ​សូត្រ​កឋិន​២​អង្គ​ ក្នុង​មួយ​អង្គ​១០​ម៉ឺន​រៀល ​ព្រះ​អង្គ​ហ​ស្ថ​បាស​២៤​ម៉ឺន​រៀល​ និង​ប្រគេន​ព្រះសង្ឃ​សាមណេរ​២​អង្គ ​ក្នុង​មួយ​អង្គ​ៗ៥​ម៉ឺន​រៀល ​៕