បើក​ម៉ូតូ​បុក​គោយន្ត បត់​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​

បន្ទាយមានជ័យ: យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ ក្នុង​ថ្លុកឈាម​ខណៈដែល​បើក​ម៉ូតូ​ទៅបុក​គោយន្តកន្ត្រៃ​ពេល​កំពុង​បត់ ពេញទំហឹង កាលពី​វេលា​ម៉ោង​៦​ព្រលប់​ថ្ងៃទី​២ ខែវិច្ឆិកាឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៩C នៅត្រង់ចំណុច​ផ្ឡូ​វ​ចូលទៅ​ភូមិ​អូរដង្កោរ ស្ថិតក្នុង​ភូមិ​ថ្នល់​បត់ ឃុំ​រហាត់ទឹក​ស្រុក​មង្គល​បូរី ខេត្ត បន្ទាយមានជ័យ ។​

​ជនរងគ្រោះ​ឈ្មោះ ទូច ឡុង ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ពោធិ​២​ដើម ឃុំ​រហាត់ទឹកស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1E.3927 ។​

​មុនពេល​កើតហេតុ​គេ​ឃើញ​គោយន្ត​កន្ត្រៃ​មួយគ្រឿង​ម៉ាក​ស្បា​ម ពណ៌​ក្រហម​អូសរ៉ឺម៉ក​ពីក្រោយ​បាន​បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ពេល​ដល់​កន្លែង​កើត​​ហេតុ​គោយន្ត​នោះបាន​បត់​មក​ខាងឆ្វេង​ដៃ ស្របពេលនោះ​ក៏មាន​ម៉ូតូ​មួយគ្រឿង​បាន​បើកយ៉ាង​លឿន​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ពី​លិចទៅ​កើតជា​ន់​ហ្វ្រាំង​​មិនទាន់បាន​បុក ចំពាក់​កណ្តាល​គោយន្ត​បណ្ត​ល​ឲ្យ​ក្រឡាប់​ចំណែក​អ្នកបើក​ម៉ូតូ​បាន​ស្លាប់​ភ្លាមៗនៅនឹងកន្លែង ក្នុង​ថ្លុកឈាម​តែម្តង​។​

​ក្រោយពី​កើតហេតុ​អ្នកបើក​គោយន្ត​ក៏បាន​រត់​គេចខ្លួនបាត់ បន្សល់ទុក​តែ​គោយន្ត​ដែលក្រឡាប់ ។ ចំណែក​គោយន្ត​និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​​ដើម្បី​ដោះស្រាយ​គ្នា ជា​ក្រោយ​តាម​នីតិវិធី​។
 
​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរ​នេះ​មកពី​អ្នកបើក​គោយន្ត​កន្ត្រៃនោះ​មុនពេល​បត់​មិន​ប្រុងប្រយ័ត្ន​មើលមុខ​ក្រោយ ៕​