បទល្មើស​អាជីវកម្ម​រ៉ែ​ត្បូង​នៅ​ស្រុក​បរ​កែវ ខេត្តរតនគិរី មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​

លោក ហ៊ុន ប៊ុន​ថា​ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តរតនគិរី ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​បង្ក្រាប​អាជីវកម្ម​រ៉ែ​ត្បូង​ខុសច្បាប់​នៅ​ភូមិ​ឡា​មិញ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ នោះទេ​ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​បន្ត​រាលដាល​យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ថៅកែ​ត្បូង​កំពុង​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​យ៉ាង​សុខ​ស្រួល​។ ជាងនេះទៅទៀត​ថៅកែ​ត្បូង​បាន​កេងប្រវ័ញ្ច​លើ​កម្លាំង​ញើស​ឈាម​របស់​កម្មករ​ជីក​ត្បូង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ទៅ​ពិនិត្យមើល​អាជីវកម្ម​រ៉ែ​ត្បូង​ខុសច្បាប់​នៅ​ឃុំ​ឡា​មិញ ស្រុក​បរ​កែវ បាន​ឲ្យ​ដឹងថា មាន​កម្មករ​រាប់រយ​នាក់​នៅតែ​សម្រុក​ជីក​រូងដី​រក​ត្បូង​ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។ ប្រភពពី​ក្រុម​អ្នក​ជីក​ត្បូង​បាន​ឲ្យ​ដឹងថា ថៅកែ​ប្រមូល​ទិញ​ត្បូង​បាន​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ទើប​អាជីវកម្ម​រ៉ែ​ត្បូង​ខុសច្បាប់​នៅតែ​បន្ត​កើតឡើង​ឥតឈប់ឈរ​។ ម្យ៉ាងទៀត​ពេល​កម្មករ​ជីក​ត្បូង​បាន​តិច​ឬ​ច្រើន​ត្រូវ​លក់​ឲ្យ​ថៅកែ​ត្បូង​ក្នុងតម្លៃ​ទាប​បំផុត ហើយ​អ្នកខ្លះ​ស៊ីឈ្នួល​ជីក​រ៉ែ​ត្បូង​ក្នុង​មួយថ្ងៃ​បាន​ប្រាក់ចំណូល​ត្រឹម​១៥០០០​ទៅ​២០០០០​រៀល​ប៉ុណ្ណោះ ហើយ​ថៅកែ​ប្រមូល​ទិញ​ត្បូង​មានឈ្មោះ ផល ភី និង​ឈ្មោះ ប្រុស ដោយ​ពួកគេ​ធ្វើ​សកម្ម​ភាពជា​យូរ​មកហើយ​។

ជុំវិញ​បញ្ហា​ខាងលើនេះ​អភិបាលស្រុក​បរ​កែវ ឈ្មោះ ហេង ប៊ុន​នី ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​ក្រុម​ឈ្មួញ​ប្រមូល​ទិញ​ត្បូង ហើយ​អធិការនគរបាល​ស្រុក​បរ​កែវ ក៏​ទទួលបាន​ផលប្រយោជន៍​យ៉ាង​កាក់កប​ដែរ​។ ជាពិសេស​លោក ហ៊ុន ប៊ុន​ថា​ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តរតនគិរី ជា​អ្នកទទួលបាន​ផលប្រយោជន៍​ច្រើនជាងគេ ទើប​បណ្ដោយ​ឲ្យ​បទល្មើស​បំផ្លាញ​រ៉ែ​ត្បូង​នៅ​ឃុំ​ឡា​មិញ ស្រុក​បរ​កែវ រាលដាល​កាន់តែខ្លាំង​។ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​រ៉ែ​ត្បូង​នៅ​ឃុំ​ឡា​មិញ ស្រុក​បរ​កែវ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​៕

KHM-suy sem-soysophea-20120913លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល gfvcggg