ករណី​មន្ត្រី​យោធា​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ

ថ្មីៗ​នេះ​ករណី​មន្ត្រី​យោធា​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ស្រុក​វ៉ារិន និង​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បានធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​បាត់បង់​ដីធ្លី​ស្រែចម្ការ​សម្រាប់​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត​។ ក្នុងខណៈដែល​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​និង​មន្ត្រី​យោធា​ក្នុងស្រុក​ស្វាយ​លើ និង​ស្រុក​វ៉ារិន មិនទាន់​ត្រូវបាន​ដោះស្រាយ​ផង ស្រាប់​តែមាន​មន្ត្រី​យោធា​នៅ​ខេត្តស្ទឹងត្រែង រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​យ៉ាង​គឃ្លើន​។ បញ្ហា​នេះ​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ គួរ​ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​ការពារជាតិ​ទាំងមូល​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​៦​គ្រួសារ​នៅ​ខេត្តស្ទឹងត្រែង បាន​ចោទ​មេបញ្ជាការ​វរ​សេនា​ធំ​លេខ​៤២(​ង​៤២) ពី​រឿង​រំលោភ​យក​ដីធ្លី​អាស្រ័យ​ផល​របស់​ពួកគាត់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា យោធា​វរ​សេនា​តូច​៤២២ ចំណុះ​វរ​សេនា​ធំ​លេខ​៤២ បាន​ខ្ចី​ដី​ពី​ប្រជាពលរដ្ឋ​៦​គ្រួសារ​ជិត​២០​ហិកតា កាលពី​ឆ្នាំ​២០១០ ដើម្បី​បង្ហាត់​កងទ័ព​បាញ់​ស៊ី​ប​ជា​បណ្ដោះអាសន្ន បន្ទាប់មក​យោធា​មិន​ព្រម​ប្រគល់​ដី​នោះ​ឲ្យ​ប្រជាពលរដ្ឋ​វិញ​ទេ ហើយ​បែរជា​ចោទថា​ប្រជាពលរដ្ឋ​កាន់កាប់​ដីធ្លី​ខុសច្បាប់​ទៅវិញ​។ ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​៦​គ្រួសារ និង​យោធា​វរ​សេនា​ធំ​លេខ​៤២ បានអូសបន្លាយ​ជាង​៥​ឆ្នាំ​មកហើយ នៅតែ​ពុំមាន​ដំណោះស្រាយ​នៅឡើយ​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រកឃើញថា ពលរដ្ឋ​ទាំង​៦​គ្រួសារ​មាន​លិខិត​កាន់កាប់​ដីធ្លី​ដែល​ចេញ​ដោយ​អតីត​មេឃុំ​តាំងពី​ឆ្នាំ​២០០៥ ហើយ​យោធា​បាន​ខ្ចី​ដី​នោះ​យក​ធ្វើជា​កន្លែង​បាញ់​ស៊ី​ប​។ ក្រោយមក​មេបញ្ជាការ​យោធា​វរ​សេនា​ធំ​លេខ​៤២ មិន​ប្រគល់​ដី​ជិត​២០​ហិកតា​នោះ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​វិញ​ទេ ហើយ​បែរជា​ចោទប្រកាន់ថា​ប្រជាពលរដ្ឋ​កាន់កាប់​ដី​ខុសច្បាប់​ទៅវិញ ដោយ​ខាង​យោធា​ចង់ស៊ី​ដាច់​ដី​នោះ​តែម្ដង​។ កាលពី​ខែកក្កដា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ​រស់នៅ​ឃុំ​អូរ​ប្ញ​ស្សី​កណ្ដាល ធ្វើជា​សាក្សី​ដឹង​ឮថា ដី​ជិត​២០​ហិកតា​នោះ​ស្ថិតនៅ​ភូមិ​អូរ​កណ្ដៀរ ឃុំ​អូរ​គ្រៀង ជាប់​ផ្លូវជាតិ​លេខ​៧ គឺជា​កម្មសិទ្ធិ​របស់​ព​ល​រដ្ឋ​រងគ្រោះ​ទាំង​៦​គ្រួសារ​ពិតមែន​។ ដូច្នេះ​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ គួរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​មេបញ្ជាការ​វរ​សេនា​ធំ​លេខ​៤២​នោះ​ផង ដើម្បី​កុំ​ឲ្យ​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​ដោយ​សេចក្ដី​អៀនខ្មាស​តទៅទៀត​៕

208_101លោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ