​មេការ​ក្រុមហ៊ុន យូ​នី​ហ្គ្រី​ន ឈ្មោះ ឡេង ចាន់​មុន្នី ប្រើ​អំណាច​ធ្វើ​អាជីវកម្ម​ឈើ​ខុសច្បាប់​

សកម្មជន​ព្រៃឈើ​ខេត្តមណ្ឌលគិរី​បាន​រាយការណ៍​ថា លោក ឡេង ចាន់​មុន្នី មេការ​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទាំងថ្ងៃទាំងយប់ ធ្វើជា​ចំហរ​គ្មានអ្វី​លាក់បាំង​នោះទេ ហើយ​ជា​ញឹកញយ​ពួកគេ​បានចេញ​មុខ​កាង ឬ​ស៊ីឈ្នួល ដឹកឈើ​ឲ្យ​ឈ្មួញ​តូចតាច​ផ្សេងៗ​ទៀត បាន​ដោយ​រលូន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ឈើ​ភាគច្រើន​ជា​ឈើ​ខុសច្បាប់​ដែល​កាប់​ចេញ​ព្រៃ​អភិរក្ស​ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី​។​

ប្រជាពលរដ្ឋ​ស្រុក​កោះ​ញែក បាន​អះអាងថា​ពួកគាត់​បានឃើញ លោក ឡេង ចាន់​មុន្នី ដែលជា​មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ដុះ​ស្លែ​ដែល​បាន​ប្រើ​ស្បែក​ជា​មេការ​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ចាត់ចែង​បក្ខពួក​ឲ្យ​កេណ្ឌ​ប្រជាពលរដ្ឋ​ចុះ​កាប់​ឈើ​តាម​ព្រៃ​សហគមន៍​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ឈ្មោះ ឡេង ចាន់​មុន្នី គឺ​បាន​ឈរជើង​ចាំ​ទិញ​ឈើ ខុសច្បាប់ គ្រប់​ប្រភេទ នៅ​ស្រុក​កោះ​ញែក​ហើយ​យកទៅ​ស្តុក​ទុក​នៅ​ទីតាំង​របស់​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ស្ថិតក្នុង​ភូមិ​អូ​យ៉េ​ស ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក មុននឹង​ដឹក​បន្ត​តាម​រថយន្ត​ទៅ​លក់​នៅ​ប្រទេស​យួន​ដែល​ឆ្លងកាត់​ស្រុក​លំផាត់ ស្រុក​បរ​កែវ និង​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។​

​ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ត្អូញត្អែរថា សមត្ថកិច្ច​ខេត្តមណ្ឌលគិរី មិនបាន​អើពើ​ចំពោះ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​របស់​ក្រុម​ឈ្មួញ​នោះទេ ផ្ទុយទៅវិញ​ពួកគេ​មានតែ​រង់ចាំ​ចែក​ផលប្រយោជន៍​គ្នា​ទៅវិញ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​បទបញ្ជារ​ប​ស់លោក ហ៊ុន សែន ក្នុង ការបង្ការ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ មិន​ត្រូវបាន​មន្ត្រីក្រោមឱវាទ​អនុវត្តន៍​នោះទេ ព្រោះ​បញ្ហា​អំពើពុករលួយ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​ស្ថាប័ន​អនុវត្តន៍​ច្បាប់​។ ជាក់ស្តែង​ឈ្មួញ​ឈើ​នៅ​ខេត្តមណ្ឌលគិរី​ភាគច្រើន​បាន​បង្ហើប​ថា ផលប្រយោជន៍​បានមកពី​ការ​ជួញ​ឈើ​ខុសច្បាប់​មិនមែន​ធ្លាក់​តែ​ទៅលើ​មន្ត្រី​ថ្នាក់​ខេត្ត និង​ឈ្មួញ​នោះទេ តែ​ក្នុង​ករណីខ្លះ​ក៏មាន​ចំណែក​ដល់​មន្ត្រី​រដ្ឋាភិបាល​ផងដែរ ខណៈ​អ្នកខាតបង់​គឺជា​តិ និង​ប្រជាពលរដ្ឋ​៕

unnamed-3 unnamed-4