ក្មេង​ស្ទាវ​បើករថយន្ត​បុក​រះ​ផ្អើល​ពេញ​ដងផ្លូវ

ក្មេង​ស្ទាវ​បើករថយន្ត​បុក​រះ​ផ្អើល​ពេញ​ដងផ្លូវ

រាជធានី​ភ្នំពេញ ៖ យ៉ា​ង​ហោច​ណាស់​មាន​យុវជន​ប្រុស​ស្រី​ចំនួន​៤​នាក់ រង​របួសធ្ងន់ និង​ស្រាល ដោយសារ​តែ​ក្មេង​ស្ទាវ​ឈាមរាវ​មួយ​ក្រុម ដែល​មាន​គ្នា​ចំនួន​៣​នាក់​ជិះ​រថយន្ត​ម៉ា​ក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់​មួយ​គ្រឿង​បើក​បុក​រះ​ម៉ូតូ​ចំនួន​២​គ្រឿង​ជា​បន្តបន្ទាប់ នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ ហើយ​បាន​បើក​រត់​រហូត​ទៅ​ដល់​មុខ​សាលាឧទ្ធរណ៍​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ា​ក ​ប្រា​ដូ​ពីក្រោយ ទើប​ទៅ​មុខ​លែង​រួច ។

ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១ វិច្ឆិកា នៅ​ចំណុច​លើ​ច្រកចូល​ស្ពាន​នាគ​ខាងត្បូង ក្នុង​ទីក្រុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ក្រុម​យុវជន​បើករថយន្ត​ដែល​ឃាត់ខ្លួន​បាន​មាន ៖
១- ​ឈ្មោះ ទូច សុ​ផានិត អាយុ​១៧​ឆ្នាំ ជា​សិស្ស និង​ជា​អ្នក​បើករថយន្ត ស្នាក់​នៅផ្ទះ​លេខ​៣១៥ ផ្លូវ​លេខ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។
២-​ឈ្មោះ សៀង សុ​បញ្ញា​រិ​ទ្ធ អាយុ​១៥​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។
៣-​ឈ្មោះ បុ​ង បូ​រ៉ា​នុ​ត អាយុ​១៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ T២២ ផ្លូវ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សមត្ថកិច្ច ​និយាយ​ថា ពួក​គេ​បាន​ជិះ​រថយន្ត​ម៉ា​កហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-1316 បាន​បើក​ទៅ​បុក​រះ​ម៉ូតូ និង​រថយន្ត​នៅ​តាម​ផ្លូវ​សាធារណៈ​ជា​បន្តបន្ទាប់​។ ម៉ូតូ​ដែល​រថយន្ត​បើក​បុក​ម៉ា​កនិច ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BV-0661 បណ្តាល​ឱ្យ​យុវជន​២​នាក់​រង​របួស និង​ម៉ូតូ​ម៉ា​ក SL ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំ 1FG-1814 បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​២​នាក់​រង​របួសធ្ងន់ ។ ក្រោយ​បុក​រះ​ម៉ូតូ​នោះ​ទំនង​ភ័យ​ស្លន់ស្លោ​ពេក​ក៏​បាន​បើក​រត់​បន្ត ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ា​ក​ប្រា​ដូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-7915 មួយ​គ្រឿង​ទៀត​ទើប​ទៅ​មុខ​លែង​រួច ។

តាម ​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ក្រុម​យុវជន​ទាំង​៣​នាក់ បាន​ជិះ​រថយន្ត​បុក​និង​ម៉ូតូ​ម៉ា​កនិច ពណ៌​ខៀវ​នៅ​ខាង​មុខ​អគារ G នៅ​កោះ​ពេជ្រ រួច​ហើយ​ក៏​ព្យាយាម​បើករថយន្ត​រត់ ក៏​បាន​បុក​នឹង​បា​រ៉ា​ស់​ច្រក​ទ្វារ​ចូល​ដែល​ក្រុម​សន្តិសុខ​បិទ​ដើម្បី​ ឃាត់​ឱ្យ​ឈប់ ។ ប៉ុន្តែ​ក្រុម​យុវជន​ឈាមរាវ​ទាំងនោះ​មិន​បាន​ឈប់​ទេ ក៏​បាន​បោះពួយ​រថយន្ត​បន្ថែម​បុក​បា​រ៉ា​ស់ និង​បុក​ម៉ូតូ​ម៉ា​ក SL បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​រង​របួសធ្ងន់​តែ​ម្តង ។

ពេល​នោះ​ រថយន្ត​បង្ក​ក៏​បន្ត​ព្យាយាម​បើក​រត់​ទៀត​ទៅ​ដល់​មុខ​សាលាឧទ្ធរណ៍ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ចតុមុខ ក៏​បាន​ទៅ​បុក​រថយន្ត​ម៉ា​ក​ប្រា​ដូរ​ពីក្រោយ ។ អ្នក​ធ្វើ​ចរាចរណ៍​ដែល​ឃើញ​ហេតុការណ៍​នោះ​ដូច​ជា​សាហាវ​ពេក​ក៏​បាន​ជួយ​ដេញ​ តាម​ទាន់ និង​នាំ​គ្នា​យក​ដុំ​ថ្ម​ទៅ​គប់ និង​វាយ​បណ្តាល​ឱ្យ​រថយន្ត​រង​ការ​ខូចខាត​យ៉ា​ង​ធ្ងន់ធ្ងរ ហើយ​ក្រុម​យុវជន​ទាំង​៣​នាក់​នោះ​ក៏​រង​របួស​ផង​ដែរ ។

ក្រោយ​ពេល​ កើតហេតុ ក្រុម​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែកឯ​យុវជន​ទាំង​៣​នាក់ និង​រថយន្ត ព្រមទាំង​ម៉ូតូ​និង​រថយន្ត​ដែល​រង​គ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​បន្ត ៕