​គួរ​ធ្វើ​ដូចម្តេច​ទើប​កូន​បរិភោគ​បាយ​?

​គួរ​ធ្វើ​ដូចម្តេច​ទើប​កូន​បរិភោគ​បាយ​?

​កាល​ពី​ម្សិលមិញ​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​មូលហេតុ​នៃ​ការធ្វើ​ឲ្យ​កូន​មិន​ព្រម​បរិភោគ​បាយ​ហើយ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​នៃ​ការធ្វើ​ឲ្យ​កូនបរិភោគ​បាយយ៉ាង​ងាយ​។ តើ​មាន​វិធី​ណា​ខ្លះ​ទៅ​?
 

​អ្នក​ត្រូវ​តែ​ធ្វើជា​គំរូ​ល្អ​
ក្នុងនាម​ជា​ឳ​ពុក​ម្តាយ អ្នក​គួរតែ​ធ្វើជា​គំរូ​ល្អ​ដល់​កូន ដោយ​នៅ​មុខ​កូន​អ្នក​មិន​ត្រូវ​រើស​អាហារ​ទេ អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​គ្រប់​មុខ​នៅ​ចំពោះមុខ​កូន ទើប​កូន​ធ្វើ​តាម​អ្នក ហើយ​ព្រម​បរិភោគ​បាយ​តាម​សម្រួល​។​

ឲ្យ​កូនចូលរួម​ជាមួយ​អ្នក​
ពាក្យ​ថា​ឲ្យ​កូនចូលរួម​ជាមួយ​អ្នក​នៅ​ទីនេះ​សំដៅ​ដល់ ៖

  • នៅមុន​ពេលបាយ អ្នក​អាច​នាំ​គេ​ឲ្យមើល​អ្នក​ចម្អិន​អាហារ ហើយ​អាចឲ្យ​គេ​ជួយ​រៀប​តុអាហារ ដោយ​ដាក់​ស្លាបព្រា និង​សម​លើ​តុ​។​
  • ​នៅពេល​ដែល​អ្នក​ចម្អិន​ម្ហូប អ្នក​អាច​ឲ្យ​កូនជ្រើសរើស​បន្លែ​ដែល​គេ​ចូលចិត្ត រួច​ចម្អិន​ឲ្យគេ​បរិភោគ នោះ​កូន​នឹង​ចង់​បរិភោគ​បាយ ព្រោះ​គេ​មាន​ជំរើស​។​
  • ​អ្នក​មិន​ត្រូវ​បញ្ចុក​កូន​នោះ​ទេ ហើយ​ត្រូវតែ​ទុកឲ្យ​គេ​បរិភោគ​ដោយ​ខ្លួនឯង នោះ​គេ​នឹង​កាន់តែ​មាន​ចំណាប់អារម្មណ៍​។​

​ពណ៌​នៃ​ម្ហូប​
​អ្នក​អាច​ជ្រើសរើស​បន្លែ​ដែល​មាន​ពណ៌​ចំរុះ​មក​ចម្អិន​ឲ្យ​កូន​បរិភោគបាន នោះ​កូន​នឹង​ចូល​ចិត្ត​បរិភោគ​ជា​មិនខានឡើយ វា​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​កូន​បាន​។​

អប់រំ​តាម​សម្រួល​
នៅពេល​ដែល​កូន​មិន​ព្រម​បរិភោគ​អាហារ​ផ្សេងៗ អ្នក​មិន​ត្រូវ​ស្តីបន្ទោស​ឲ្យ​កូន​ខ្លាំងៗ​នោះទេ ហើយក៏​មិន​ត្រូវ​បង្ខំ​ឲ្យ​កូនបរិភោគ​ដែរ ព្រោះ​វា​អាច​ធ្វើឲ្យ​គេ​កាន់តែមិន​ព្រម​បរិភោគ​។​

ទម្លាប់​នៃ​ការបរិភោគ​
អ្នក​ត្រូវ​តែ​ទម្លាប់​ឲ្យ​កូន​មាន​ទម្លាប់​ល្អ​ក្នុង​ការបរិភោគ ដោយ​ត្រូវតែ​កំណត់​ពេលវេលា​ឲ្យបាន​ច្បាស់លាស់ ហើយ​ដល់​ពេលបាយ អ្នក​ត្រូវ​តែ​ឲ្យ​កូន​អង្គុយ​បរិភោគ​ជាមួយ​អ្នក មិន​ត្រូវឲ្យ​មើល​ទូរទស្សន៍​ពេល​បរិភោ​គបាន​នោះ​ទេ ហើយ​មិន​ត្រូវ​ឲ្យ​បរិភោគនំ​មុន​ពេលបា​យ​ដែរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។