ជន​ប្រមឹក​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​ដោយ​ចោទ​ពី​បទរំលោភ​លោក​យាយ​អាយុ​៧៨​ឆ្នាំ

ខេត្តកំពង់ឆ្នាំង ៖ ជនប្រមឹកម្នាក់ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​​ចាប់​ឃាត់ខ្លួន កាល​ពីរសៀល​ ថ្ងៃ​ទី​០២ ​​វិ​ច្ឆិ​កា ​​២០១៥ ដោយ​ចោទប្រកាន់​ពី​បទរំលោភ​​ស្ត្រី​ចាស់ជរាអាយុ៧៨ឆ្នាំ​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​ឡើង​ កាលពី​ថ្ងៃ​ទី​១ ​វិ​ច្ឆិកា ​២០១៥ នៅ​ភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស គឺ​មុន​មួយ​ថ្ងៃ​នៃ​ការ​ចាប់​ឃាត់ខ្លួន។

ទោះ​យ៉ាងណា មន្ត្រី​នគរបាល​ខេត្តដែល​កាន់​សំណុំ​រឿង​នេះបាន​សង្ស័យ​ថា ជន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​រូប​នោះ​ជា​មនុស្ស​វិកល​ច​រិ​ត និង​សុំ​មិន​ឱ្យ​អ្នកកា​សែត​យក​ព័ត៌មាន​។

ប្រជាពលរដ្ឋនៅ​ភូមិ​ឃុំ​កន្លែង​កើតហេតុបាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​រូប​នោះ មានឈ្មោះ ជន សន អាយុ​៤៨ឆ្នាំ រស់នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ ។ ជន​នេះ​ជា​មនុស្ស​ប្រមឹកស្រវឹងស្រា​រាល់ថ្ងៃ ។

នៅ​ថ្ងៃ​កើតហេតុ វេលា​ម៉ោង​៤ ​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០១ វិច្ឆិកា ​​២០១៥ ពេល​ស្រវឹង ជនសង្ស័យ​រូប​នោះ បាន​ឡើង​ទៅ​លើ​ផ្ទះ​ស្ត្រី​រង​គ្រោះអាយុ​៧៨​ឆ្នាំ ​ហើយ​បានធ្វើ​សកម្ម​ភាព​​ចាប់រំលោភ​ស្ត្រីរង​គ្រោះ​។ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​រួច​ជន​សង្ស័យ​បាន​​​ចុះ​មក​ដី​វិញ តែ​ពុំ​ទាន់​មាន​អ្នក​ណា​បានដឹង​ភ្លាម​ៗនោះ​ទេ ។ ​

ក្រោយ​ពេលកើតហេតុ​ជា​ច្រើន​ម៉ោង ទើប​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានដឹង ហើយ​បាន​ប្តឹង​មក​សមត្ថកិច្ច នគរបាលស្រុកឱ្យ​ចាប់​ឃាត់ខ្លួន​មួយ​ថ្ងៃក្រោយ​ពេល​កើតហេតុ ។

​សមត្ថកិច្ច​នគរបាល​ការិយាល័យព្រហ្ម​ទ​ណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​និយាយថា ពេល​យក​មក​ដល់​មិន​អាច​សួរ​យក​ចម្លើយ​បាន​ទេ ព្រោះជន​សង្ស័យ​នៅ​ស្រវឹង​នៅឡើយ តែ​នៅ​យប់​នោះ ជន
សង្ស័យ​​បាន​រត់​ទាត់​ធាក់​ទ្វារ​ដែក​បន្ទប់​ឃុំខ្លួនរហូត​មាន​របួស​ហូរ​ឈាម​ប្រឡាក់​ពេញ​ខ្លួន ត្រូវបាន​សមត្ថកិច្ច​យក​មក​លាង​របួស​ និង​លាង​សំអាត​បន្ទប់​ទាំង​យប់ លុះ​ភ្លឹ​ឡើង​យក​មក​សាកសួរ​ក៏​នៅ​តែមិន​អាច​យក​ចម្លើយ​បាន ព្រោះតែ​សួរ​គោ ឆ្លើយ​ក្របី ដោយសារ​តែ​បែប​នេះ​ហើយ​ទើប​សមត្ថកិច្ច​សង្ស័យថា ជន​នេះ​ផឹករហូត​ដល់សសៃ​ប្រសាទ ។

ដោយសារ​មូលហេតុ​នេះ​ហើយ​ទើប​សមត្ថកិច្ចនគរបាលខេត្តបាន​សុំ​មិន​ផ្តល់ព័ត៌មាន​លំអិត និង​មិន​អនុញ្ញាតឱ្យ​អ្នក​កាសែត​ថតរូប​ភាព ។ ​បើ​ទោះបី​បែប​នេះ​ក្តី ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ថ្វីបើ​ជនសង្ស័យខាងលើ​ផឹកស្រា​ច្រើន​បែប​នេះ​ក្តី ក៏​ជា​មនុស្ស​ដឹង​ខុស្ស​ត្រូវ​ដែរ មិនមែន​ឆ្កួត​ទាំងស្រុង​នោះ​ទេ ។ ​ពេល​ខ្លះជន​នេះ​ពូកែ​ធ្វើ​ឆ្កួត​ណាស់​ដែរ ចំណែកឯជន​រង​គ្រោះក៏​ត្រូវជា​បងប្អូន​​របស់ជនសង្ស័យដែរ ដែល​ប្រជាពលរដ្ឋ​ ពិសេស​បងប្អូន​គ្រួសារ​ជន​រង​គ្រោះសុំឱ្យ​តុលាការ​ផ្តន្ទាទោស​ជនសង្ស័យរូប​នោះឱ្យ​បានខ្លាំង​បំផុត ៕​​