ផលិតកម្ម​ចក្កវាឡ​ពេជ្រ​ភាពយន្ត​ក្រុង​ពលី​ថត​រឿង​«​វិស្សមកាល​មរណៈ​»

រាជធានី​ភ្នំពេញ ៖ ផលិតកម្ម​ចក្កវាឡ​ពេជ្រ​ភាពយន្ត​ បាន​រៀបចំ​ពិធី​ក្រុង​ពលី​រឿង​ថ្មី​របស់​ខ្លួន​ ​ដែល​មាន​ចំណងជើង​ថា​ «​វិស្សមកាល​មរណៈ​» ដែល​រំពឹង​ថា ទទួល​បាន​ជោគជ័យ​ក្រោយ​ដាក់​បញ្ចាំង​ជា​ផ្លូវការ ។ ពិធី​នេះ​បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៥ ក្នុង​ទីស្នាក់ការ​របស់​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រភាពយន្ត​ ស្ថិត​នៅ​ក្នុង​បុរី​វិមាន​ភ្នំពេញ រាជធានី​ភ្នំពេញ ។

រឿង​ «​វិស្សមកាល​មរណៈ​» ជា​ប្រភេទ​រឿង​ដុំ ដែល​និយាយ​ពី​ចំណុច​សំខាន់​ៗ ក្នុង​នោះ​មាន​កំប្លែង​ ខ្មោចលង និង​ការ​វាយតប់​ ដោយ​ត្រូវ​បាន​ចាងហ្វាង​ផលិតកម្ម​រៀបចំ​ឲ្យ​តួ​សម្តែង​ទាំងអស់​មក​ប្រជុំ​គ្នា​ហាត់រៀន​វិជ្ជា​គុន​ជា​មុន ដើម្បី​បាន​សម្តែង​មើលទៅ​បែប​ធម្មជាតិ ។ ក្រៅពី​បង្ហាត់​ជំនាញ​ក្បាច់គុន​ដល់​តារា​សម្តែង​ពី​ក្រុម​ល្បុក្កតោ ភាពយន្ត​ថ្មី​នេះ​ក៏​ប្រមូលផ្តុំ​ទៅ​ដោយ​តារា​សម្បូរ​បទ​ពិសោធ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ រួម​គ្នា​សម្តែង​កសាង​ខ្សែភាពយន្ត​នេះ​ឲ្យ​មាន​កម្រិត​ទាក់ទាញ​ពី​សំណាក់​ទស្សនិកជន ដោយ​អ្នកដឹកនាំ​ក៏​ដូច​ជា​ថៅកែ​កុន​ចំណាយ​ទុន​ជា​ច្រើន​ដើម្បី​ឲ្យ​មានគុណ​ភាព ។

តារា​ដែល​មាន​វត្តមាន​សម្តែង​រឿង​ «​វិស្សមកាល​មរណៈ​»​ រួម​មាន​ កញ្ញា នី មុនីនាថ​, នាង ខ្ញុង​, អ្នក​នាង ឆៃ លី​ដា​ឡែ​ន​, អ្នក​នាង តូច ស្រី​ពេជ្រ​, លោក សាយ សៀ​រ៉ា​, លោក ថៃ ប៊ុ​ន​នាង​, អ្នកស្រី ចាន់ តារា​ទី​, អ្នក​នាង ប៉ែន សុ​ផា​នី​, កញ្ញា ថន ល​ក្ខិ​ណា​, លោក ហម ឈ​រ៉ា ព្រមទាំង​តារា​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ចំពោះ​តារាក​ត្តិ​យស​ដែល​បាន​មក​ចូលរួម​លើកទឹកចិត្ត​ម្ចាស់​ផលិតកម្ម​រួម​មាន នាយ ឃ្លោក​, លោក អ៊ឹម ជីវ៉ា​, លោក សុះ ម៉ាច​, លោក សោ​ភ័​ណ្ឌ តន្ត្រី​, អ្នក​នាង ស៊ុន ណា​រី​ម៉ូ​នី​កា​ ។ល។

អ្នកស្រី ថុ​ង ស៊ីវ​ទៀង ម្ចាស់​ផលិតកម្ម​ចក្កវាឡ​ពេជ្រ​ភាពយន្ត បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ចំណាយ​ដើមទុន​ច្រើន​គួរសម​សម្រាប់​បង្ហាញ​ស​មិ​ទ្ឋ​ផល​ថ្មី​នេះ​ឲ្យ​ល្អ សំដៅ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​គេ​ថា​កុន​ខ្មែរ​អន់​ថយ ក៏​ដូច​ជា​ខំ​ដើរ​ឲ្យ​ទាន់​កុន​បរទេស ។ ទស្សនិកជន​ខ្មែរ​នៅ​តែ​ស្រឡាញ់ និង​គាំទ្រ​កុន​ខ្មែរ ទើប​អ្នកស្រី​ខិតខំ​រិះរក​អ្វី​ដែល​ប្លែក​ឲ្យ​មើលទៅ​មាន​កម្រិត​ទទួល​បាន​ ក្រោយ​ពេល​បញ្ចាំង​ជា​ផ្លូវការ ។

ចាងហ្វាង​ផលិតកម្ម​ដែល​ជក់ចិត្ត​ក្នុង​ការ​រៀបចំ​ផលិត​រឿង​ខ្មែរ​នេះ បាន​បន្ត​ទៀត​ថា រឿង​ថ្មី​នេះ​គឺ​អ្នកស្រី​បាន​ចំណាយ​ប្រាក់​ទិញ​របស់​ល្អ​ៗ​ ទំនើប​ៗ ​យក​មក​ថត ​ដោយ​កាមេរ៉ា​ខ្លះ​ទិញ​មក​ពី​ក្រៅ​ស្រុក គឺ​មក​ពី​ជប៉ុន​ មាន​ទាំង​អាច​ថត​លើ​អាកាស និង​ថត​នៅ​ក្នុង​ទឹកបាន​ទៀត ។ រឿង​ «​វិស្សមកាល​មរណៈ​» ​នេះ​ ត្រូវ​ថត​ប៉ុន្មាន​ថ្ងៃ​នៅ​លើ​កប៉ាល់ ដោយ​ថត​តាម​ទន្លេមេគង្គ​ ជា​ប្រភេទ​រឿង​វាយតប់​ ក្បាច់គុន​ ដោយ​តម្រូវ​ឲ្យ​ទាំង​តួ​ស្រី​ទាំង​តួ​ប្រុស​ត្រូវ​តែ​ចេះ​សម្តែង​ការ​វាយតប់​ឲ្យ​បាន​ល្អ ទើប​អ្នកស្រី​ចេញ​បញ្ជា​ឲ្យ​តារា​ៗ​មានឈ្មោះ​ថត​មក​ហាត់រៀន​ជា​គោល ឲ្យ​ទំនង អត់​ធ្វើ​លេង​ៗ​បាន​ទេ​ មហាជន​ពិតជា​រិះគន់​កាលណា​ចេញ​ទៅ​ឆ្គង ។

អ្នកស្រី​រំពឹង​ថា រឿង​នេះ​ពិតជា​ជោគជ័យ ព្រោះថា យើង​ចំណាយ​ទុន​ច្រើន​ហើយ​អត់​ស្តាយ​ប្រាក់​ទេ​ បូក​ផ្សំ​ទាំង​តួ​សម្តែង​សុ​ទ្ឋ​តែ​ជា​អ្នកមាន​ជំនាញ ព្រមទាំង​អ្នកដឹកនាំ​រឿង​ផលិតករ​ក៏​សម្បូរ​បទ​ពិសោធន៍ សំខាន់​ការ​ចំណាយ​ទុន​នេះ​ជា​រឿង​ចម្បង ។

កញ្ញា នី មុនីនាថ ដែល​ជា​តួអង្គ​ក្នុង​រឿង​នេះ​ដែរ បាន​ឲ្យ​ដឹង​ថា កញ្ញា​បាន​ថត​រឿង​ជា​ច្រើន​មក​ហើយ​សុ​ទ្ឋ​តែ​ជា​តួ​ស្លូត យំ និង​ខ្លះ​ក្រ​ម៉ិច​ក្រ​មើម ប៉ុន្តែ​លើក​នេះ​ត្រូវ​បញ្ចេញ​កាយវិការ​វាយតប់ ក្បាច់គុន​បុរាណ​បែប​ល្បុ​កក្ក​តោ​ផង​នោះ ​ពិតជា​លំបាក ត្រូវ​តែ​ខំ​ស៊ូ​ឲ្យ​មើលទៅ​ល្អ​សមជា​តារា​ដែល​មហាជន​ឲ្យ​តម្លៃ ។ យ៉ាងណា​ក៏​កញ្ញា​មិនសូវ​ជា​លំបាក​ដូច​ពេល​មិន​ទាន់​មើល​សាច់​រឿង​ទេ ព្រោះ​នាង​បាន​មក​ហ្វឹកហាត់​ក្បាច់គុន​បាន​មួយ​រយៈ​ដែរ ដើម្បី​បាន​ទុន​ខ្លះ​ក្នុង​ការ​សម្តែង ទើប​មិនសូវ​ជា​ភ័យ​ខ្លាច​សម្តែង​ស្ទើរ ។ នាង​សង្ឃឹមថា សាច់​រឿង​នេះ​ពិតជា​មាន​អ្នកគាំទ្រ ស្រប​ពេល​ដែល​ម្ចាស់​ផលិតកម្ម​គាត់​ចំណាយ​ទុន​ច្រើន សូ​ម្បី​តែ​ម៉ាស៊ីន​ថត​ក៏​មើលទៅ​សុ​ទ្ឋ​តែ​ជា​របស់​មាន​គុណភាព ខណៈ​ដែល​រឿង​ខ្មែរ​ក៏​នៅ​មាន​អ្នក​ឲ្យ​តម្លៃ​ទៀត​នោះ ៕