អភិបាល​ខណ្ឌចំការមន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ​និង​ធ្វើ​អនាម័យ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៦៤

រាជធានី​ភ្នំពេញ ៖ លោក​ ​ព្រុំ សំខាន់ អភិបាល​ខណ្ឌចំការមន ​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ​វិច្ឆិកា ​​នេះ​ បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌចំការមន​ ចុះ​ធ្វើ​អនាម័យ​តាម​ផ្លូវ​លេខ​៤៦៤ ​ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​ ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ថែរក្សា​បរិស្ថាន ​និង​អនាម័យ​សណ្តាប់ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ​ ។

ក្នុង​ឱកាស​ខាងលើ​នេះ​ដែរ ​លោក​ ព្រុំ សំខាន់​ ​​​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​​​ប្រជាពលរដ្ឋ​​ដែល​រស់នៅ​អម​សងខាង​ផ្លូវ ​ដោយ​បាន​ពាំនាំ​​​ការ​ផ្តាំផ្ញើ​ណែនាំ​ពន្យល់​ដល់​បងប្អូនឱ្យ​​យកចិត្ត​ទុក​ដាក់​ធ្វើ​អនាម័យ​នៅ​តាម​ដងផ្លូវ​មុខ​លំនៅ​ឋាន​ ​ដោយ​ចូលរួម​វេច​ខ្ចប់​​កាក​សំណល់​​ឱ្យ​​បាន​ត្រឹមត្រូវ​ ហើយ​ដាក់​ចូល​ទៅ​ក្នុង​ធុង​សំរាម​​របស់​​ក្រុមហ៊ុន​ស៊ុន​ទ្រី​ឱ្យ​​បាន​ច្បាស់លាស់​ ដើម្បី​ក្រុមហ៊ុន​ងាយស្រួល​ក្នុង​ការ​ចុះ​ប្រមូល​សំរាម​​យក​ទៅ​ចោល​នៅ​ទីលាន​​គំនរ​សំរាម ​។

គួរបញ្ជាក់​ថា ​ការ​ចុះ​ធ្វើ​អនាម័យ​ខាងលើ​នេះ​ដែរ ​ក៏​មានការ​ចូលរួម​​សម្អាត​​ពី​សំណាក់​បុគ្គលិក​ក្រុមហ៊ុន​ស៊ុន​ទ្រី​ផង​ដែរ ​។ ​ជាមួយនឹង​សកម្មភាព​ខាងលើ​នេះ​លោក ព្រុំ សំខាន់​ សន្យា​ថា​នឹង​ធ្វើការ​ណែនាំ​ដល់​ចៅ​សង្កា​ង់​ផ្សេង​ៗទាំង​១២​សង្កាត់​ចំណុះឱ្យ​​ខណ្ឌចំការមន ​ត្រូវ​យកចិត្តទុកដាក់​ធ្វើ​អនាម័យ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន
ឱ្យ​បាន​ស្អាត​ចាប់ពី​ពេល​នេះ​តទៅ​​ ​៕​