រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួត​តិច ស្រ៊ុ​ន ក្រឡាប់​ទាំងព្រឹក​នៅ​ព្រែក​ឯង

រាជ​ធានីភ្នំពេញ ៖ រថយន្ត​ដឹក​កុងតឺន័រ១​គ្រឿង​របស់​ក្រុមហ៊ុន​ផែស្ងួត​តិច​ស្រ៊ុ​នបាន​ក្រឡាប់​ផ្ងារ​ជើងទាំង​ព្រឹក នៅ​ចំណុច​ផ្លូវបំបែក​ពីផ្លូវជាតិ​លេខ​១ចូល​ទៅ​រោងចក្រ​ផលិត​ស្រា​បៀ​ថៃ​ហ្គ័​រ ស្ថិត​ក្នុងភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ កាលពី​វេលាម៉ោង​៨ និ២០​នាទីព្រឹក ​ថ្ងៃ​ទី​៣ ​​វិច្ឆិកា ​​២០១៥ ។
   
រថយន្ត​ដែល​ជួប​គ្រោះថ្នាក់ម៉ាកនី​សាន់ ឌៀ​សែ​ល ពាក់​ស្លាក​លេខ ភ្នំពេញ 3A-1667 អ្នកបើកបរ​រងរបួសស្រាល ។ ករណី​នេះ​មិនបង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ ឬ​បង្ក​ការ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នោះ​ឡើយ ។
    
លោក ឯក សា​រ៉​ន អធិការរង​សណ្តាប់ធ្នាប់​ចរាចរ​ខណ្ឌ​ច្បារ​អំពៅ​បានឱ្យ​ដឹង​ថា មុន​ពេល​គ្រោះថ្នាក់​សាក្សី​បានឃើញ​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួត តិច​ស្រ៊ុ​ន បើកក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ចូលមក​ភ្នំពេញ ។ មក​ដល់​ផ្លូវ​បំបែក​ពី​ផ្លូវជាតិ​លេខ​១​ចូល​ទៅ​ផ្លូវ​ថៃ​ហ្គ័​រ អ្នកបើកបរ​មិន​បានបន្ថយល្បឿន​ឡើយ ពោល​គឺ​បួង​ចង្កូត​បត់​ឆ្វេង​ចូល​ទៅ​ផ្លូវ​ថៃ​ហ្គ័​រ បណ្តាល​ឱ្យក្រឡាប់​នៅ​ចំណុច​ផ្លូវបំបែក​តែ​ម្តង ។
    
លោក​អធិការរង​បន្ត​ថា ករណី​នេះ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដ​ណើ​រ​ ឬ​ខូចខាត​សម្ភារ​របស់​រដ្ឋ​នោះ​ឡើយ ពោល​គឺ​ខូចខាត​តែ​រថយន្ត​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ ហើយ​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ត្រូវ​ម្ចាស់​ក្រុមហ៊ុន​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ។ ករណី​នេះ​កើតឡើង​ដោយសារ​អ្នកបើកបរ​មិន​ប្រយ័ត្ន ៕ ​