មន្ត្រី​ជំនាញ​ជលផល​៖ លោក សុខ ឡេះ មេ​ប៉េអឹម ស្រុក​អង្គរបុរី ប្រព្រឹត្ត​បទល្មើស​ដាក់​សៃយ៉ឺន តូចតាច​ប៉ុណ្ណោះ​

តាកែវ: លោក ឃិន វ៉េង នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល កំពង់​ក្រសាំង បាន​និយាយថា លោក សុខ ឡេះ មេ​ប៉េអឹម​ស្រុក​អង្គរបុរី អត់​នាំ​គេ​ចូល​ប្រព្រឹត្ត​បទល្មើស​ដាក់​សៃយ៉ឺន ស្បៃ​មុង នៅ​កន្លែង​ធំដុំ​អី​ទេ លោក សុខ ឡេះ គ្រាន់តែ​ដឹកនាំ​គេ​មក​ដាក់​សៃយ៉ឺន ស្បៃ​មុង ចាប់​ត្រី​តូច ធំ នៅតែ​សាខា​លេខ​៤ នៅ​ចំណុច​ថ្ម​បី​ដុំ និង​ចូល​ដែន​នេសាទ ឡូត៍​លេខ​១ ខ្លះ​តែប៉ុណ្ណោះ មិន​ដូច​ការចោទប្រកាន់​ទេ​។​

​លោក ឃិន វ៉េង នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់​ក្រសាំង បាន​បញ្ជាក់ថា រឿង​លោក សុខ ឡេះ មេ​ប៉េអឹម​ស្រុក​អង្គរបុរី មក​ដាក់​ស្បៃ​មុង នៅ​តំបន់​ខាងលើ រូបលោក​អត់​បាន​ដឹងអី​ទាំងអស់​។

​ក្នុងករណីនេះ លោក សុខ ឡេះ មិនបាន​ឆ្លើយបំភ្លឺ​យ៉ាងម៉េច​ទេ ព្រោះ​ក្រុម​ព័ត៌មាន​ទូរស័ព្ទ​ចូល ហើយ​ពុំមាន​អ្នក​លើក​ឡើយ​។​

​ចំណែក​លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តតាកែវ បានអោយដឹងថា​រឿង​ធ្វើ​របាំង​ដាក់​សៃយ៉ឺន នៅជាប់​ខ្សែក្រវ៉ាត់​ព្រំដែន គឺជា​រឿង​របស់​សហគមន៍ ចំណែក​រឿង​របស់លោក សុខ ឡេះ ទៅ​ចែករំលែក​ធ្វើ គឺជា​រឿង​ឯកជន​របស់គេ​។ លោក​អត់​ដឹង​ទេ តែបើ​មាន​គេ​មក​ប្រព្រឹត្ត​បទល្មើស​នេសាទ ខុសច្បាប់​នៅ​កន្លែង ដែល​រដ្ឋបាល​ហាមឃាត់ រូបលោក​នឹង​ដឹកនាំ​កម្លាំង​ចុះទៅពិនិត្យ និង​បង្ក្រាប​ភ្លាម​៕