រថយន្ត​បែន​ដឹក​ដី​​​បើកមិន​គោរព​ភ្លើងស្តុប​ជ្រុល​បុក​រះ​រថយន្ត ម៉ូតូ និង​តូប​អ៊ុត​សក់​ក្បែរ​ផ្លូវ​រង​ការ​ខូច​ខាត

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ រថយន្ត​បែន​ដឹក​ដី​ពេញ​បើកមិន​គោរពភ្លើងស្តុប​ក្រហមបានជ្រុលទៅ​បុក​រថយន្ត​១​គ្រឿង​ ហើយ​រុល​ទៅ​បុក​តូប​អ៊ុតសក់​ និង​ម៉ូតូ​មួយ​គ្រឿង​រង​ការ​ខូច​ខាត​ តែ​មិន​បណ្តាលឱ្យ​អ្នក​ណាម្នាក់​​រង​របួស​ឡើយ ។​ ​ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​ កាល​ពី​វេលា​ម៉ោង​១២ និង៣០​នាទីថ្ងៃ​ត្រង់ ​ថ្ងៃ​ទី​០៣ ​វិច្ឆិកា ​២០១៥ ​នៅ​​​ផ្លូវបំបែក​ជា​បួន​ភ្លើងស្តុប​ ស្ថិតក្នុង​​ភូមិ​តារាង​បាល់​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​។

មន្ត្រី​នគរ​បាល​ចរាចរ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ មុន​ពេល​កើត​ហេតុ រថយន្ត​ធុន​បែន​ដែល​ពាក់​ស្លាក់​លេខ​កំពង់​ឆ្នាំ​ង3A.0151 ​ដឹក​ដី​ពេញ​​បើកបរក្នុង​​ទិស​ដៅ​ពី​ជើង​​​បត់​ទៅ​លិច​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​ហើយដោយ​បើកបរ​មិន​គោរព​ភ្លើង​ស្តុប​បាន​បុក​ពេញ​ចំហៀង​ខាងស្តាំ​រថយន្ត​ម៉ាកកាមរី​ ស៊េរី​ឆ្នាំ​១៩៩៥​ ​ពាក់​ស្លាកលេខ​2G.1569​ ​​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បុក​រុញ​ទៅ​ជាប់​ចិញ្ចើម​ផ្លូវ​ខាងត្បូង​ដែល​មាន​អ្នកដំណើរ​៣​នាក់​ក្នុង​រថយន្ត​។

បន្ទាប់ពី​បុក​រថយន្តកាមរី​រួច​ហើយ រថ​យន្ត​​​បែន​ដឹក​ដី​បាន​ជ្រុល​ទៅ​បុក​តូប​អ៊ុតសក់​នៅ​ចិញ្ចើម​ផ្លូវ​ខាងត្បូង​ក្បែរ​ភ្លើង​ស្តុប​ដែល​មាន​២​នាក់​បងប្អូន​កំពុង​នៅ​ក្នុង​តូប​ តែ​​មិនបណ្តាល​ឱ្យ​គ្រោះថ្នាក់ទេ​ និងបន្ត​ទៅ​​បុក​ម៉ូតូ​ម៉ាក​វី​វ៉ា​១​គ្រឿងទៀត​ ពាក់​ស្លាក់​លេខ​រដ្ឋ​36/1.1696​ ដែល​ចត​​ចោល​ក្បែរ​នោះ​​ខូច​មួយ​ចំហៀងផង​ដែរ​៕