ចាន់ វឌ្ឍនាកា និងមិត្តរួមក្រុម អាចអវត្តមានពេលកម្ពុជា ជួបប្រ៊ុយណេនៅយប់នេះ

ប្រយុទ្ធវ័យ​ក្មេង​ដ៏​មាន​ទេព​កោសល្យ ចាន់ វឌ្ឍនាកា ដែល​ទើប​ជួយ​ឲ្យ​ក្រុម​បឹង​កេតអង្គរ ឈ្នះ​ក្រុម​ឡាវ ២-០ ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន Toyota Mekong Club Championship 2015 នៅ​ឡាវ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ អាច​នឹង​មិន​ត្រូវបាន​ដាក់​ឲ្យ​លេង​ពេល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ប្រកួតជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ នៅ​ពហុកីឡដ្ឋាន​ជាតិ នា​យប់​​ម៉ោង ៦:៣០ ថ្ងៃអង្គារ​នេះ​​ទេ រីឯ​មិត្ត​រួម​ក្រុម​របស់​គេ​៥​នាក់​ទៀត​​រួម​មាន ឃួន ឡាបូរ៉ាវី, រស់ សំអឿន, សុខ សុវណ្ណ, ស៊ូ យ៉ាទី និង​ហុង ផេង ក៏​អាច​នឹង​អត់​បាន​លេង​ដូច​គ្នា។
1
លោក Lee Tae Hoon គ្រូ​បង្គោល​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត ដែល​បាន​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋានជាតិ កាល​ពី​ព្រឹក​​ថ្ងៃ​អង្គារ​​នេះ​ថា៖​«កីឡាករ​ក្មេងៗ ដែល​ត្រូវ​បាន​កោះ​ហៅ​​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​លើក​នេះ អាច​នឹង​មិន​ត្រូវ​បាន​ដាក់​ឲ្យ​លេខ​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​នេះ​នោះ​ទេ រីឯ​​កីឡាករ​មក​ពី​ក្រុម​បឹង​កេតអង្គរ ដែល​ទើប​តែ​ត្រឡប់​មក​ពី​​ប្រកួត​ជម្រុះ​ពាន Toyota Mekong Club Championship 2015 នោះ ក៏​​​នឹង​មិន​ត្រូវ​ដាក់​ឲ្យ​លេង​ដូច​គ្នា ព្រោះ​ពួក​គេ​ត្រូវការ​សម្រាកយក​កម្លាំង»។

យ៉ាង​ណា​ក៏​ដោយ លោក Lee Tae Hoon នឹង​ធ្វើ​ការ​សម្រិត​សម្រាំង​កីឡាករ​ល្អៗ​ផ្សេងៗ​ទៀត ក្នុង​ក្រុម​ជម្រើស​ជាតិ ដើម្បី​ធ្វើ​ការ​ប្រកួត​ជាមួយ​ក្រុម​ប្រ៊ុយណេ នៅ​ថ្ងៃ​នេះ។ គ្រូ​បង្វឹក​ជន​ជាតិ​​កូរ៉េ​ខាង​ត្បូង​លោក Lee បាន​បញ្ជាក់​ថា៖​«​យើង​នឹង​ដាក់​​កីឡាករ​សំខាន់ៗ ​ឲ្យ​លេង​នៅ​ក្នុង​ការ​ប្រកួត​នេះ ព្រោះ​​ទិស​ដៅ​សំខាន់​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​នេះ គឺ​យើង​​ត្រៀម​ការ​ប្រកួត​ជម្រុះ World Cup នា​ពេល​ខាងមុខ​នេះ»។
2
ចំណែក​លោក​ Mike Wong គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ បាន​និយាយ​ថា៖​«​​​យើង​បាន​ដាក់​កីឡាករ​​​ក្មេងៗ​​ជា​ច្រើនរូប​ឲ្យ​​ចូលរួម​ក្នុង​ក្រុម​​ជម្រើស​​ជាតិ ​ដើម្បី​ត្រៀម​​ការ​ប្រកួត​​ជម្រុះ​ពាន AFF Suzuki Cup 2016 ហេតុ​នេះ​ការ​ប្រកួត​មិត្ត​ភាព​លើក​នេះ​ យើង​មិន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេក​លើ​ការ​ឈ្នះ​ឬ​ចាញ់​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ឲ្យ​ពួក​គេ​លេង​ឲ្យ​អស់​ពី​សមត្ថ​ភាព ព្រោះ​ខ្ញុំ​ចង់​ដឹង​ពី​សមត្ថ​ភាព​ពិត​របស់​ពួក​គេ»។

គួរ​បញ្ជាក់​ថា ​សម្រាប់​ការ​ប្រមូល​លើក​នេះ លោក Lee Tae Hoon បាន​សម្រេច​កោះ​ហៅ​កីឡាករ​៣​៣​នាក់​មក​ពី​ក្លិប​ធំ​ចំនួន​៦ឲ្យ​ចូល​​ក្រុម​ជម្រើស​ជាតិកម្ពុជា ដោយ​ក្នុង​នោះ​ក៏​មាន​កីឡាករក្មេងៗ​ចំនួន​៧​នាក់​ផង​ដែរ ហើយ​​ការ​ប្រមូល​ផ្តុំ​លើក​នេះ​​ផ្តោត​សំខាន់​ទៅ​លើ​ការ​ប្រកួត​ធំ​ចំនួន​២ ​គឺ​ការ​ប្រកួត​​​​​​ជម្រុះ​ជុំទី​២​ពាន 2018 FIFA World Cup Russia ប្រចាំ​ទ្វីប​អាស៊ី ​ដែល​កម្ពុជា នឹង​ចេញ​ទៅសង​សឹក​​ក្រុម​អាហ្វហ្គានីស្ថាន ដែល​ពួក​គេ​ធ្លាប់​ចាញ់ ១-០ ក្នុង​ទឹក​ដី នា​ថ្ងៃ​​ទី​១២ ខែវិច្ឆិកា​ខាង​មុខនេះ និង​​ត្រៀម​ការ​ប្រកួត​ពាន 2015 Yunnan,Asean International Football Open Tournament នៅ​ប្រទេស​ចិន។
3
សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​ថ្ងៃ​នេះ នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ BTV ហើយ​​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ក៏​បាន​​ត្រៀម​សំបុត្រ​ចំនួន​២៥០០០​សន្លឹក សម្រាប់​អ្នក​ចូល​រួម​ទស្សនា​ដោយ​​ផ្ទាល់ផង​ដែរ។ ​សំបុត្រ​ទាំង​នោះ​ត្រូវ​បាន​ចែកចេញ​​ជា​២​ប្រភេទ គឺ​តំបន់​មាន​ដំបូល ១​សន្លឹក​តម្លៃ​២ម៉ឺន​រៀល និង​តំបន់​គ្មាន​ដំបូល​១​សន្លឹក​តម្លៃ​៨ពាន់​រៀល៕