សមាជិក​​បឹង​​កេត​៦​នាក់​​ ក៏​បង្ហាញ​ខ្លួន​​ជា​មួយ​​ក្រុម​​ជម្រើស​ជាតិ​ដែរ​​​ល្ងាច​នេះ​

សមាជិក​​បឹង​​កេត​៦​នាក់​​ ក៏​បង្ហាញ​ខ្លួន​​ជា​មួយ​​ក្រុម​​ជម្រើស​ជាតិ​ដែរ​​​ល្ងាច​នេះ​

​សមាជិក​របស់​ក្លិប​បាល់ទាត់​បឹង​កេត​អង្គរ​ចំនួន៦​ នាក់​ដែល​​ទើប​តែ​​ត្រឡប់​​​ប្រទេស​ឡាវ​​​ នឹង​ចូល​រួម​​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ល្ងាច​​នេះ​ដែរ​ ដើម្បី​ត្រៀម​ខ្លួន​ជួយ​ជម្រើស​​ជាតិ​ប្រកួត​មិត្ត​ភាព​អន្តជាតិ​ជាមួយ​​ក្រុម​ភ្ញៀវ​ប្រ៊ុយណេ​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ម៉ោង៦:៣០​នាទី​​ ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ BTV ។

សមាជិក​​បឹង​​កេត​៦​នាក់​​ ក៏​បង្ហាញ​ខ្លួន​​ជា​មួយ​​ក្រុម​​ជម្រើស​ជាតិ​ដែរ​​​ល្ងាច​នេះ​

លោក បែ មករា ចាប់​ដៃ​កូន​ក្រុម​

លោក បែ មករា អ្នក​ចាត់​ការ​ក្រុម​បឹង​កេត​អង្គរ​បាន​ឲ្យ​ដឹង​ថា សមាជិក​ទាំង​៦​នាក់​​របស់​បឹង​កេត​អង្គរ​​គឺ ចាន់​ វឌ្ឍនាកា, ឃួន ឡាបូរ៉ាវី, សុខ សុវណ្ណ, ស៊ូ យ៉ាទី, រស់ សំអឿន និង​ហុង ផែង ដែល​បាន​ជាប់​​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ចំនួន​៣៣​នាក់​​របស់​ជម្រើស​ជាតិ​ នឹង​​ចូល​​ហ្វឹកហាត់​​​ជា​មួយ​​ក្រុម​លោក Lee Tae Hoon ​ដែរ​ល្ងាច​នេះ​។ កីឡាករ​ទាំង​៦​នាក់​​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​កោះ​ហៅ​​ទៅ​ប្រជុំ​កាល​ពី​យប់​មិញ​នា​វេលា​ម៉ោង​​ប្រហែល​​​៧​យប់។

 

​អ្នក​ចាត់​ការ​រូប​នេះ​បន្ត​ថា ការ​កោះ​ហៅ​ឲ្យ​ទៅ​ចូល​រួម​ក្នុង​​ជម្រើស​ជាតិ​នេះ​លោក​មិន​ប្រាកដ​ថា​បាន​លេង​ឬ​យ៉ាង​ណា​នោះ​ឡើយ​​​គឺ​អា​ស្រ័យ​លើ​ការ​សម្រេច​របស់​លោក​ Lee ជា​គ្រូ​​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​។ ​ក្រុម​បឹង​កេត​អង្គរ​បាន​ត្រឡប់​មក​ពី​ប្រទេស​ឡាវ​កាល​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​បន្ទាប់​ពី​បំពេញ​ភារកិច្ច​ក្នុង​​​ការ​ប្រកួត​ពាន​រង្វាន់​​បាល់ទាត់​ Toyota Mekong Cup ដោយ​យក​ឈ្នះ​ម្ចាស់​ផ្ទះ​​ក្រុម Lao Toyota FC ២-០ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

 

ចំណែក​អ្នក​ចាំទី ស៊ូ យ៉ាទី​ ប្រាប់​ថា សមាជិក​មក​ពី​ក្រុម​បឹងកេត​អង្គរ​ទាំង​៦​នាក់​ក៏​នឹង​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​សម្រាប់​ពិធី​ដង្ហែ​ចេញ​ពី​សណ្ឋាគារ​ឆ្ពោះ​ទៅ​ពហុកីឡដ្ឋាន​ជាតិ​វេលា​ម៉ោង​៤​រសៀល​នេះ​ដែរ។

 

​ស្រប​ពេល​កាល​ពី​ព្រឹកមិញ​នេះ​លោក Lee បាន​បញ្ជាក់​ថា សមាជិក​របស់​បឹង​កេត​​ត្រូវ​កា​រ​សម្រាក​ក្រោយ​បំពេញ​ភារកិច្ច​ជួយ​ក្រុម​របស់​ខ្លួន​នៅ​ប្រទេស​ឡាវ​៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​