មេដឹកនាំកូរ៉េខាងជើង ចូលរួមពិនិត្យផ្ទាល់ នូវសមយុទ្ធ បាញ់គ្រាប់រ៉ុក្កែត ប្រឆាំងយន្តហោះ

ព្យុងយ៉ាង ៖ មេដឹកនាំកំពូល នៃប្រទេសកូរ៉េខាងជើង លោក គីម ចុងអ៊ុន កាលពីពេលថ្មីៗនេះ បានចុះទៅ ត្រួតពិនិត្យដោយ ផ្ទាល់ នូវការធ្វើសមយុទ្ធ បាញ់សាកល្បង គ្រាប់រ៉ុក្កែតប្រឆាំង យន្តហោះចម្បាំង ដែលរៀប ចំឡើងដោយកងទ័ពប្រជាជនកូរ៉េ ស្ថិតនៅខ្សែត្រៀមជួរមុខ ភាគខាងលិចប្រទេស។ នេះបើតាមការផ្សាយរបស់ ស៊ិនហួ នៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា។

តាមសារព័ត៌មានរដ្ឋកូរ៉េខាងជើងឲ្យដឹងទៀតថា សមយុទ្ធគ្រាប់ពិតនេះ ធ្វើឡើងក្នុងគោលដៅ បង្កើនសមត្ថភាព ត្រៀម ទុកជាស្រេច ក្នុងការប្រើប្រាស់គ្រាប់រ៉ុក្កែតប្រឆាំងយន្តហោះ ប្រកប ដោយប្រសិទ្ធភាព ជាពិសេសគឺ ធ្វើតែស្តសព្វាវុធយោធា ដែលនឹងត្រូវប្រើប្រាស់ដើម្បីប្រយុទ្ធ ប្រឆាំងនឹងយន្តហោះចម្បាំងរបស់សត្រូវ។ វាក៏ជាការត្រួសត្រាយផ្លូវមួយ សម្រាប់ការបង្កើត សព្វាវុធថ្មីៗទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងយន្តហោះចម្បាំង ប្រភេទថ្មីៗផងដែរ។

នៅក្នុងឱកាសនោះទៀត លោក គីម បានថ្លែងទៅកាន់មន្ត្រីយោធារបស់ខ្លួនថា ការបង្កើត ឡើង នូវសមយុទ្ធនេះ គឺក្នុងគោលដៅបង្ហាញពី គ្រាប់រ៉ុក្កែតប្រឆាំងយន្តហោះចម្បាំងប្រភេទថ្មី តបទៅតាមការអភិវឌ្ឍរីកចំរើន នៃបរិក្ខា ទំនើបៗនាពេលបច្ចុប្បន្ន ហើយវាជារឿងសំខាន់ ណាស់ ដើម្បី ការពារប្រទេសរបស់យើង ពីការវាយ ប្រហារតាមផ្លូវអាកាស៕

មេដឹកនាំកូរ៉េខាងជើង ចូលរួមពិនិត្យផ្ទាល់ នូវសមយុទ្ធ បាញ់គ្រាប់រ៉ុក្កែត ប្រឆាំងយន្តហោះ