លោក ​ហោ​ ណាំ​ហុង​ ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​អាស៊ី​‑​អឺរ៉ុប​លើក​ទី​១២​នៅ​ប្រទេស​លុ​ច​សំបួ

រាជ​ធានីភ្នំពេញ​ ៖ ​លោក​ហោ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​ កាល​ពី​ថ្ងៃ​ទី​២ ​វិច្ឆិកា ​​២០១៥ ​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុ​ជាមួយ​ក្រុម​ចាក​ចេញពី​ប្រទេស​កម្ពុជា​ដើម្បី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បទេស​អាស៊ី​-អឺរ៉ុប​លើក​ទី​១៤ ​នៅ​ប្រទេស​លុ​ច​សំបួ​ ចាប់​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៦ ​វិច្ឆិកា ​​២០១៥ ​ក្រោមប្រធានបទ​ «​ធ្វើការ​រួម​គ្នា​ដើម្បី​អនាគត​ប្រកបដោយ​ចីរភាព ​និង​សន្តិភាព​»​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​បញ្ជាក់​ថា ​លោក​ហោ​ ណាំ​ហុង ​នឹង​ថ្លែង​សុ​ន្ទ​រក​ថា​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នេះ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​របៀបវារៈ​សម្រាប់​ឆ្នាំ​២០៣០​ ការ​អភិវឌ្ឍ​ដោយ​ចីរភាព ការ​កាត់​បន្ថយ ​និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។

​ក្នុង​ពេល​មាន​វត្ត​មាននៅ​ប្រទេស​លុ​ច​សំបួ​នោះ​ លោក​ឧបនាយករដ្ឋមន្ត្រី​នឹង​ជួប​ទ្វេរ​ភាគី​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​លុ​ច​សំបួ​លោក ហ្វ្សី​ហ្គោ​រស៍ ស្តេ​ធី​ណា​។

ក្រៅពី​កិច្ចប្រជុំ​ក៏នឹង​មានការ​ជួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ប៉ូ​ឡូញ​ និង​ជួប​ជាមួយ​លោក​សា​តាច អា​ហ្សី​ ទីប្រឹក្សានាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ​ និង​ការ​បរទេស​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​។ ​កិច្ចប្រជុំ​នេះ​ជា​វេទិកា​មួយ​ដ៍​សំខាន់​ណាស់​ដែល​ជជែក​សន្ទនា​នយោបាយ កិច្ច​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ និង​សង្គម​រវាង​អាស៊ី​ និង​អឺរ៉ុប​ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​រវាង​តំបន់​ទាំង​២​ក្នុង​ស្មារតី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​និង​​ស្មើភាព​គ្នា​៕